ភូមិចំនួ៧ ក្នុងឃុំបឹងបេង ស្រុកម៉ាឡៃ ប្រកាសតំបន់កំណត់ធ្វើការវិនិច្ឆ័យ លើការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ

0

បន្ទាយមានជ័យ ៖ មន្ទីររៀបចំដែនដី នគររូបនីយកម្ម សំណង់ និងសុរិយោដីខេត្តបន្ទាយមានជ័យ បានរៀបចំកិច្ចប្រជុំផ្សព្វផ្សាយសេចក្ដីប្រកាសតំបន់កំណត់ធ្វើការវិនិច្ឆ័យ លើការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធចំនួន៧ រួមមាន ភូមិសង្កែ ភូមិភ្នំរូង ភូមិចំបក់ ភូមិជ្រៃ ភូមិល្វា ភូមិអូរកាច់ ភូមិថ្មបាំង ក្នុងឃុំបឹងបេង ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ នៅរសៀលថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ ២០២៤ ។

លោក មាស ដារ៉ា ប្រធានមន្ទីរ រៀបចំដែនដី នគររូបនីយកម្ម សំណង់ និងសូរិយោដីខេត្តបន្ទាយមានជ័យ បានមានប្រសាសន៍ថា ការចុះបញ្ជីដីធ្លី មាន២ប្រភេទ ១-ការបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ និងការចុះបញ្ជីមានលក្ខណៈដាច់ដោយដុំ។ ការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ គឺបងប្អូនក៏បានអត្ថប្រយោជន៍ច្រើន ដោយមានការគិតគូរពីប្រមុខរដ្ឋាភិបាល ជួយសម្រួលដល់ការចំណាយលើការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ ជូនដល់បងប្អូនប្រជាពលរដ្ឋឱ្យទទួលបានប័ណ្ណកម្មសិទ្ធិដីធ្លីស្របច្បាប់ សម្រាប់យកទៅប្រើប្រាស់។

លោកបន្តថា ក្នុងផែនការយុទ្ធសាស្រ្ត ក្រោមការដឹកនាំរបស់ឯកឧត្ដម សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគររូបនីយកម្ម និង សំណង់ បានយកចិត្តទុកដាក់ដាក់ចេញនូវផែនការដល់ក្រុមការងារមន្ទីររាជធានី-ខេត្តក្នុងការពន្លឿនការចុះបញ្ជីដីធ្លីលក្ខណៈជាប្រព័ន្ធ ចប់សព្វគ្រប់ត្រឹមឆ្នាំ២០២៥។

សូមបញ្ជាក់ថា ការងារចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ឋក្នុងស្រុកម៉ាឡៃ តាំងពីចាប់ពីថ្ងៃចាប់ផ្តើមការងាររហូតដល់បច្ចុប្បន្ន បានប្រកាសតំបន់វិនិច្ឆ័យចំនួន០៣ឃុំ ស្មើនឹង៣២ ភូមិ ក្នុងនោះមាន ១-ឃុំទួលពង្រមានចំនួន ១៦ ភូមិ, ២-ឃុំម៉ាឡៃមានចំនួន ០៨ភូមិ, ៣-ឃុំអូរស្រឡៅចំនួន០៨ភូមិ ។ បានធ្វើការវាស់វែងកំណត់ព្រំ និងវិនិច្ឆ័យក្បាលដីបានចំនួន ២៦ ភូមិ ១-ឃុំទួលពង្របានចំនួន១០ភូមិ ស្មើនឹង៩៦៩៣ ក្បាលដី (ចែកប័ណ្ណបាន០៣ភូមិ និងកំពុងវាស់វែងនិងវិនិច្ឆ័យចំនួន ០៧ភូមិ), ២-ឃុំម៉ាឡៃបានចំនួន ០៨ ភូមិ ស្មើនឹង ៤០០៥ក្បាលដី (ចែកប័ណ្ណបាន០១ និងត្រៀមចែកប័ណ្ណ០៧ភូមិ), ៣-ឃុំអូរស្រឡៅចំនួន ០៨ ភូមិស្មើនឹង ៤០៨៧ ក្បាលដី (ត្រៀមបិទផ្សាយទាំង០៨ភូមិ) ។ បានបិទផ្សាយជាសារធារណៈនូវឯកសារនៃការវិនិច្ឆ័យទិន្នន័យក្បាលដីបានចំនួន ១១ ភូមិ ស្មើនឹង ៨០១៩ក្បាលដី ១-ឃុំទួលពង្របានចំនួន ០៣ ភូមិ ស្មើនឹង ៤០១៤ ក្បាលដី, ២-ឃុំម៉ាឡៃបានចំនួន ០៨ ភូមិ ស្មើនឹង ៤០០៥ ក្បាលដី។ ចែកប័ណ្ណបានចំនួន ០៤ ភូមិ ស្មើនឹង ៤៩៨១ បណ្ណ ១-ឃុំទួលពង្របានចំនួន០៣ភូមិ ស្មើនឹង ៣៧០៦ បណ្ណ, ២-ឃុំម៉ាឡៃបានចំនួន០១ភូមិ ស្មើនឹង១២៧៥បណ្ណ៕ដោយ៖ឃិន គន្ធា