(ខេត្តកំពង់ធំ)៖ នៅរសៀលថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅសាលាខេត្តកំពង់ធំ បានរៀបចំកិច្ចប្រជុំបូកសរុបលទ្ធផលសកម្មភាពការងារគ្រប់គ្រង ការពារ ទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ រយៈពេល ៦ ខែ ចាប់អនុវត្តពីថ្ងៃទី១ ខែឧសភា ដល់ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៤ ក្នុងភូមិសាស្ត្រខេត្តកំពង់ធំ ដែលកិច្ចប្រជុំនេះស្ថិតក្រោមអធិបតីភាពឯកឧត្តម នួន ផារ័ត្ន អភិបាលខេត្ត ប្រធានគណៈកម្មការការពារទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិខេត្តកំពង់ធំ។
លោកវរសេនីយ៍ឯក សោម សុភាវុធ មេបញ្ជាការរង នាយសេនាធិការ និងជាក្រុមលេខាធិការដ្ឋាននៃគណៈកម្មការការពារទប់ស្កាត់ និងបង្រ្កាបបទល្មើសធនធានធម្មជាតិខេត្តកំពង់ធំ បានឡើងរាយការណ៍អំពី ការប្រើប្រាស់កម្លាំងសរុបចំនួន ៣២០នាក់ និងលទ្ធផលសកម្មភាពការងាររយៈពេល ៦ខែ ដោយបានឆ្លុះបញ្ចាំងអំពីចំណុចខ្លាំង បញ្ហាប្រឈម សំណូមពរ និងទិសដៅ ដែលត្រូវអនុវត្តបន្ត ដើម្បីដាក់ជូនអង្គប្រជុំពិភាក្សា និងបំពេញបន្ថែម ។
ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករង និងជាអនុប្រធានអចិន្ត្រៃយ៍គណៈកម្មការការពារទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិខេត្តកំពង់ធំ បានឡើងមានមតិបំពេញបន្ថែមអំពីចំណុចខ្លាំង ដែលសម្រេចបាន ក្នុងរយៈពេល ៦ ខែកន្លងទៅនេះ គឺកងកម្លាំងចម្រុះការពារទប់ស្កាត់និងបង្ក្រាបបទល្មើសធនធានធម្មជាតិទប់ស្កាត់ និងបង្រាបមិនឲ្យមានការកើតឡើងជាថ្មីនូវការកាប់ទន្ទ្រានព្រៃឈើយកដីរដ្ឋធ្វើជាកម្មសិទ្ធិបានឡើយ។ ហើយកងកម្លាំងចម្រុះ បានធ្វើសកម្មភាពរកឃើញដីព្រៃឈើ ដែលបានលួចកាប់ទន្ទ្រានថ្មីៗមុនពេលកងកម្លាំងចម្រុះចេញប្រតិបត្តិការ មានចំនួនជាង ២,៤៦០ ហិកតា លេី ១៨៦ ទីតាំង ដែលបច្ចុប្បន្ននេះយើងកំពុងធ្វើការគ្រប់គ្រង និងដំណើរការដាំស្ដារព្រៃឈើឡើងវិញបានជាង ៥ មុឺនដេីម ។
ឧត្តមសេនីយ៍ទោ សោម ស៊ុន បានគូសបញ្ជាក់អំពីបញ្ហាប្រឈម មួយចំនួន ក្នុងពេលកងកម្លាំងចម្រុះប្រតិបត្តិការ និងបានសំណូមពរកិច្ចការចាំបាច់ដែលត្រូវដោះស្រាយ ព្រមទាំងបញ្ជាក់ជូនអំពីទិសដៅសំខាន់ៗមួយចំនួនក្នុងការការពារទប់ស្កាត់មិនឱ្យមានការកើតឡើងជាថ្មីនូវបទល្មើសធនធានធម្មជាតិ និងការចាត់វិធានការបន្តដាំស្ដារព្រៃឈើឡើងវិញ។
ឯកឧត្តម នួន ផារ័ត្ន អភិបាលខេត្ត ប្រធានគណៈកម្មការការពារទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិខេត្តកំពង់ធំ បានថ្លែងនូវការកោតសរសើរនិងអរគុណចំពោះកងកម្លាំងចម្រុះទាំងអស់ ដែលបានខិតខំប្រឹងប្រែងបំពេញភារកិច្ច ក្នុងរយៈពេល ៦ ខែកន្លងទៅនេះ តាមបទបញ្ជារបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ឲ្យទទួលបានជោគជ័យគួរជាទីមោទនៈ ។
នៅក្នុងឱកាសនេះដែរឯកឧត្តម នួន ផារ័ត្ន ក៏បានកោតសរសើរដល់ឧត្តមសេនីយ៍ទោ សោម ស៊ុន ក្នុងនាមអនុប្រធានអចិន្ត្រៃយ៍នៃគណៈកម្មការការពារទប់ស្កាត់ និងបង្ក្រាបទល្មើសធនធានធម្មជាតិ ខេត្តកំពង់ធំ ដែលបានដឹកនាំកងកម្លាំងចម្រុះក្នុងសកម្មភាពការពារទប់ស្កាត់ និងបង្ក្រាបមិនឲ្យមានការកើតឡើងជាថ្មី។ ព្រមជាមួយនោះដែរបានចូលរួមយ៉ាងសកម្មក្នុងការដាំស្ដារព្រៃឈើឡើងវិញបានរាប់ម៉ឺនដើមនៅក្នុងភូមិសាស្ត្រខេត្ត។
ឯកឧត្តម នួន ផារ័ត្ន បានប្រគល់ភារកិច្ចសំខាន់ៗមួយចំនួន ជូនដល់កងកម្លាំងចម្រុះ អាជ្ញាធរដែនដី មន្ត្រីស្ថាប័នជំនាញដែលមានការពាក់ព័ន្ធនៅគ្រប់បណ្ដាថ្នាក់ ត្រូវបន្តចូលរួមក្នុងសកម្មភាពការពារទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ មិនឲ្យមានការកើតឡើងជាថ្មី បានជាដាច់ខាត។ ហើយកងកម្លាំងទាំងអស់ត្រូវបន្តសហការអនុវត្តតាមភារកិច្ច ដែលបានប្រគល់ ឲ្យទទួលបានជោគជ័យថ្មីៗបន្ថែមទៀត ដោយគ្មានការដកថយឡើយ។ អត្ថបទ វេហាស៍