ខេត្តក្រចេះ៖ កម្លាំងសមត្ថកិច្ចជំនាញចរាចរណ៍ផ្លូវគោក កំពុងចុះស្រាវជ្រាវស្វែងរកអត្តសញ្ញាណជនបង្កការគ្រោះថ្នាក់ បណ្តាលឱ្យមនុស្សប្រុស ស្រី ក្មេងចាស់ ៥នាក់ បានស្លាប់យ៉ាអណោចអធម បន្ទាប់ពីរថយន្តធន់ធ្ងន់ ១គ្រឿង បានបើកបុករះម៉ូតូ ១គ្រឿង នៅលើកំណាត់ផ្លូវជាតិ ១ខ្សែ នាវេលាម៉ោងជាង ៩យប់ ថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២៤ ត្រង់ចំនុចផ្លូវចូលច្រកទ្វារអន្តរជាតិត្រពាំងស្រែ ស្ថិតក្នុងភូមិត្រពាំងស្រែ ឃុំ ២ធ្នួ ស្រុកស្នួល ខេត្តក្រចេះ។
សេចក្តីរាយការណ៍បានឱ្យដឹងថា នៅក្នុងហេតុការណ៍រថយន្តធន់ធ្ងន់ ១គ្រឿង បុកម៉ូតូ ១គ្រឿង ដែលដឹកគ្នា ៥នាក់ ក្នុងនោះ ស្ត្រីវ័យចំណាស់ ២នាក់ និងកុមារា កុមារី ៣នាក់ បានស្លាប់នៅនឹងកន្លែងកើតហេតុភ្លាមៗ ដោយរថយន្តនោះបានបុករះ អូសម៉ូតូ និងសាកសព ជាច្រើនម៉ែត្រ រាយប៉ាយនៅលើដងផ្លូវ ហើយរថយន្តបង្កបានគេចចេញពីទីកើតហេតុ ដោយសុវត្ថិភាព។
ក្រោយទទួលបានដំណឹងគ្រោះថ្នាក់នោះភ្លាម កម្លាំងអធិការដ្ឋាននគរបាលស្រុកស្នួល ខេត្តក្រចេះ បានចុះទៅដល់ទីតាំងកើតហេតុ រួចបានធ្វើការវាស់វែង ប្រមូលសាកសពជនរងគ្រោះទាំង ៥នាក់ យកមកតម្កល់ទុកនៅវត្តសេះសរ ស្ថិតក្នុងឃុំស្នួល ស្រុកស្នួល ខេត្តក្រចេះជាបណ្តោះអាសន្ន ដើម្បីស្រាវជ្រាវរក និងប្រគល់ជូនក្រុមគ្រួសារជនរងគ្រោះ យកទៅធ្វើបុណ្យតាមប្រពៃណី។
អធិការនគរបាលស្រុកស្នួល លោកវរសេនីយ៍ឯក ចាន់ សុខគីម បានប្រាប់អ្នកសារព័ត៌មានឱ្យដឹងថា សមត្ថកិច្ចជំនាញបានចុះស្រាវជ្រាវរកក្រុមគ្រួសារជនរងគ្រោះទាំង ៥នាក់ ឃើញហើយ នៅព្រឹកថ្ងៃទី៩វិច្ឆិកា២០២៤ គឺពួកគាត់រស់នៅភូមិអូរព្រះ ឃុំអូរព្រះ ស្រុកអូរគ្រៀងសែនជ័យ ខេត្តក្រចេះ។ ជនរងគ្រោះទាំង ៥នាក់ ក្នុងចំណោមនោះមានស្ត្រីវ័យចំណាស់ ២នាក់ ក្មេងស្រី ១នាក់ និងក្មេងប្រុស ២នាក់ ជិៈម៉ូតូ ម៉ាកឌ្រីមសង់ សេ១២៥ ពាក់ស្លាកលេខ ក្រចេះ 1G-2668។ ដោយឡែក រថយន្តបង្កបានរកឃើញហើយ ជាប្រភេទ V1 ចំណែក តៃកុងរថយន្តបានរត់គេចខ្លួន កម្លាំងសមត្ថកិច្ច កំពុងបន្តចុះស្រាវជ្រាវ និងកំណត់មុខសញ្ញាជនបង្ក ដើម្បីនាំខ្លួនយកមកផ្តន្ទាទោសតាមច្បាប់៕ដោយ៖ឡុង សំបូរ