រដ្ឋបាលខេត្តក្រចេះ ប្រកាសបិទបញ្ចប់សំណុំរឿង ចូលទន្ទ្រានកាន់កាប់ដោយខុសច្បាប់ លើទីតាំងដីក្រុមហ៊ុនពីរដែលទទួលសិទ្ធិវិនោយោគ ក្នុងស្រុកសំបូរ និងស្រុកអូរគ្រៀងសែនជ័យ

0

ខេត្តក្រចេះ៖ រដ្ឋបាលខេត្តក្រចេះ បានចេញសេចក្តីប្រកាសព័ត៌មាន ដល់មន្ទីរ-អង្គភាពពាក់ព័ន្ធ អាជ្ញាធរស្រុក-ឃុំ-សាធារណជន និងប្រជាពលរដ្ឋ ដែលចូលទន្ទ្រានកាន់កាប់ដោយខុសច្បាប់ លើទីតាំងដីក្រុមហ៊ុនចំនួនពីរ គឺក្រុមហ៊ុន កាម៉ាដេនូ វេនឈ័រ (ខេមបូឌា) លីមីធីត និងក្រុមហ៊ុន អិន ខេ អេហ្គ្រី (ខេមបូឌា) លីមីធីត ដែលមានមូលដ្ឋាន ស្ថិតនៅក្នុងឃុំកោះខ្ញែរ- ឃុំសណ្តាន់ ស្រុកសំបូរ និងឃុំអូរគ្រៀង-ឃុំក្បាលដំរី នៃស្រុកអូរគ្រៀងសែនជ័យ។

ក្រុមហ៊ុនទាំងពីរនេះ បានទទួលសិទ្ធិវិនិយោគដីសម្បទានសេដ្ឋកិច្ចពី រាជរដ្ឋាភិបាល នៅឆ្នាំ២០០៩ និងឆ្នាំ២០១០ និងបានចុះបញ្ជីជាដីឯកជនរបស់រដ្ឋ ចេញវិញ្ញាបនបត្រសម្គាល់អចលនវត្ថុនៅក្នុងឆ្នាំ២០១០ និងឆ្នាំ២០១៣ និងបានធ្វើការកាត់ឆ្វៀលចេញពីដីព្រៃរក្សាទុក ដីទ្រនាប់អូរ ដីសាធារណៈផ្សេងៗ និងដីដែលប្រជាពលរដ្ឋ បានអាស្រ័យផលចេញរួចរាល់។

រដ្ឋបាលខេត្តក្រចេះ បានធ្វើការបដិសេធ និងប្រកាសមិនទទួលស្គាល់ ចំពោះប្រជាពលរដ្ឋដែលកំពុងកាន់កាប់លើទីតាំងដីក្រុមហ៊ុនកាម៉ាដេនូ វេនឈ័រ (ខេមបូឌា)លីមីធីត និងក្រុមហ៊ុន អិន ខេ អេហ្គ្រី (ខេមបូឌា) លីមីធីត ដោយខុសច្បាប់ និងរដ្ឋបាលខេត្ត បានប្រកាសបិទបញ្ចប់សំណុំរឿង មិនលើកយកមកធ្វើការដោះស្រាយបន្តទៀតឡើយ។

ជាមួយគ្នានេះដែរ រដ្ឋបាលខេត្តក្រចេះ បានប្រកាសផ្តល់ឱកាសដល់ប្រជាពលរដ្ឋ ដែលកាន់កាប់ដីខុសច្បាប់ខាងលើ ប្រសិនបើពុំមានដីពិតប្រាកដមែន សូមបងប្អូនប្រជាពលរដ្ឋ ចូលមកដាក់ពាក្យស្នើសុំដីសម្បទានសង្គមកិច្ច តាមរយៈរដ្ឋបាលឃុំ-ស្រុក ដើម្បីដាក់ជូនគណៈកម្មាធិការគ្រប់គ្រងដីរដ្ឋថ្នាក់ខេត្ត ពិនិត្យ សម្រេច។

រដ្ឋបាលខេត្តក្រចេះ បានបញ្ជាក់ថា ករណីមានការតវ៉ា និងទាមទារក្រោមរូបភាពណាមួយ ក្នុងគោលបំណងកាន់កាប់ដីខាងលើនេះ រដ្ឋបាលខេត្តក្រចេះ សូមអំពាវនាវដល់ក្រសួង-ស្ថាប័នពាក់ព័ន្ធ អាជ្ញាធរមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ សហការជាមួយរដ្ឋបាលខេត្តក្រចេះ ដើម្បីមានវិធានការអនុវត្តតាមនីតិវិធីច្បាប់៕ដោយ៖ឡុង សំបូរ