អ្នកទេសចរជាង ៥ម៉ឺននាក់ មកទស្សនាការប្រណាំងទូករយៈពេល ២ថ្ងៃ នៅខេត្តព្រះវិហារ

0

ខេត្តព្រះវិហារ៖ ភ្ញៀវទេសចរជាតិ អន្តរជាតិ និងប្រជាពលរដ្ឋក្នុងដែនដីរដ្ឋបាលខេត្ត ប្រមាណ ៥ម៉ឺន ៣ពាន់នាក់ បានមកទស្សនាការប្រណាំងទូករយៈពេល ២ថ្ងៃ (០៩-១០វិច្ឆិកា២០២៤) ដែលរៀបចំឡើងដោយរដ្ឋបាលខេត្តព្រះវិហារ នៅរមណីដ្ឋានទំនប់៩៥ ស្ថិតក្នុងភូមិទំនប់ សង្កាត់ប៉ាលហាល ក្រុងព្រះវិហារ ដើម្បីអបអរសាទរព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ដែលនឹងប្រព្រឹត្តទៅនាពេលដ៏ខ្លីខាងមុខនេះ នៅរាជធានីភ្នំពេញ។

ការប្រណាំងទូករយៈពេល ២ថ្ងៃកន្លងមកនេះ ខេត្តព្រះវិហារ ទទួលបានភ្ញៀវទេសចរចំនួន ៥ម៉ឺន ៣ពាន់នាក់ បើធៀបនឹងឆ្នាំ២០២៣ កន្លងទៅ ភ្ញៀវទេសចរមានចំនួន ៩ពាន់ ៥០០នាក់ នេះបើតាមការបញ្ជាក់ពី លោក គង់ វិបុល ប្រធានមន្ទីរទេសចរណ៍ខេត្តព្រះវិហារ ។

ពិធីប្រណាំងទូករយៈពេល ២ថ្ងៃ ដោយបានចាប់ផ្តើមពីថ្ងៃទី៩ ដល់ថ្ងៃទី១០ វិច្ឆិកា២០២៤ ទាំងការបើក និងការបិទបញ្ចប់ បានធ្វើឡើងក្រោមអធិបតីភាព លោក ប្រាក់ សុវណ្ណ ប្រធានក្រុមប្រឹក្សាខេត្ត និង លោក គីម រិទ្ធី អភិបាលខេត្តព្រះវិហារ និងមានការចូលរួមពី ថ្នាក់ដឹកនាំខេត្ត មេបញ្ជាការកងកម្លាំងទាំង៣ ប្រធានមន្ទីរ អង្គភាព ជុំវិញខេត្ត អាជ្ញាធរក្រុង ស្រុក និងប្រជាពលរដ្ឋក្នុងមូលដ្ឋានយ៉ាងច្រើនកុះករ។

នៅក្នុងព្រឹត្តិការណ៍បុណ្យអុំទូក បណ្តែតប្រទីប និងអកអំបុក សំពះព្រះខែ រយៈពេល ២ថ្ងៃមកនេះ ក៏មានការដាក់តាំងពិព័រណ៌ផលិតផល ម្ហូបអាហារជាច្រើនមុខ ការបង្ហោះគោម ដុតក្រឡាន បុកអំបុក បណ្តែតប្រទីប អុជកាំជ្រូច ប្រគុំតន្ត្រី និងការសម្ដែងល្ខោនបាសាក់ សម្រាប់ទស្សនាកម្សាន្ត នាពេលរាត្រី ផងដែរ។

ដោយឡែក ទូកដែលចូលរួមអុំប្រណាំង នៅឆ្នាំ២០២៤នេះ មានចំនួនជាង ៣០ទូក ក្នុងនោះ ទូកខ្នាតអន្តរជាតិចំណុះ២២នាក់ មានចំនួន ២០ទូក និងទូកសហគមន៍ ដែលជាប់ចំណាត់ថ្នាក់លេខ១ លេខ២ និងលេខ៣ ដោយទទួលបានថវិកា និងពានរង្វាន់ពីរដ្ឋបាលខេត្ត ក្រុមប្រឹក្សាខេត្ត ក្នុងនោះ លោកស្រី សុខា គងពិសី ភរិយាលោក គីម រិទ្ធី ក៏បានឧបត្ថម្ភថវិកាលើកទឹកចិត្ត ដល់ទូកសហគមន៍ក្នុង ១ទូកថវិកា ១០០ដុល្លា និងទូកខ្នាតអន្តរជាតិចំណុះ ២២នាក់ ក្នុង១ទូក ថវិកា២០០ដុល្លា ថែមទៀតផង។

នៅក្នុងពិធីបិទបញ្ចប់ការប្រណាំងទូក នៅថ្ងៃទី១០វិច្ឆិកា ម្សិលមិញនោះ អភិបាលខេត្តព្រះវិហារ លោក គីម រិទ្ធី បានថ្លែងប្រាប់ថ្នាក់ដឹកនាំ មន្ត្រីរាជការ កងកម្លាំងទាំង៣ និងប្រជាពលរដ្ឋក្នុងមូលដ្ឋានខេត្ត ពីគម្រោងអភិវឌ្ឍរមណីយដ្ឋានទំនប់ ៩៥នេះ ដើម្បីឱ្យកាន់តែមានការទាក់ទាញបន្ថែមទៀត ដល់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ ជាពិសេសសម្រាប់ការរៀបចំពិធីប្រណាំងទូកនៅឆ្នាំក្រោយៗទៀត ដោយធ្វើការអភិវឌ្ឍន៍ផ្លូវ និងសួនច្បារ ហើយសួរច្បារនោះ ត្រូវបានប្រសិទ្ធនាមថា ជា«សួនសន្តិភាព»។

ឈ្លាតក្នុងឱកាសនោះ លោក គីម រិទ្ធី ក្នុងនាមថ្នាក់ដឹកនាំ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធទាំង ៣ប្រភេទ និងប្រជាពលរដ្ឋខេត្តព្រះវិហារ បានសម្តែងការអរគុណ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ដែលបានឧបត្ថម្ភត្ថថវិកាចំនួន ១៥០លានរៀល ដល់រដ្ឋបាលខេត្តព្រះវិហារ សម្រាប់រៀបចំពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក រយៈពេល ២ថ្ងៃកន្លងមកនេះ ហើយបានបិទបញ្ចប់ ក្រោមបរិយាកាសសប្បាយរីករាយយ៉ាងក្រៃលែង និងជ្រកក្រោមដំបូលម្លប់ នៃសុខសន្តិភាព និងការអភិវឌ្ឍន៍៕ដោយ៖ឡុង សំបូរ