(កំពង់ធំ)÷ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ឯកឧត្តមបណ្ឌិត វង្ស សណ្តាប់ រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហរិញ្ញវត្ថុ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ឯកឧត្តម នន្ទ ចាន់វិទ្យា មេបញ្ជាការរងកងទ័ពជើងគោក ឯកឧត្តម ព្រឹម រដ្ឋា អភិបាលរងខេត្ត តំណាងឯកឧត្តម នួន ផារ័ត្ន អភិបាលខេត្តកំពង់ធំ ប្រធាន-អនុប្រធានមន្ទីរជុំវិញខេត្ត កងកម្លាំងទាំងបី មន្ត្រីរាជការ ប្រជាពលរដ្ឋ និងសិស្សានុសិស្ស បានអញ្ជើញចូលរួមក្នុង(យុទ្ធនាការដាំស្តារព្រៃឈើនៅស្ថានីយព្រៃអង់តែន)ស្ថិតនៅឃុំបឹងល្វា ស្រុកសន្ទុក ខេត្តកំពង់ធំ នាព្រឹកថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៤។
ឯកឧត្តម ព្រឹម រដ្ឋា អភិបាលរងខេត្តកំពង់ធំ បានថ្លែងអំណរគុណចំពោះកងកម្លាំងចម្រុះនៃគណៈកម្មការការពារទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិខេត្តកំពង់ធំ បានខិតខំប្រឹងប្រែងបំពេញភារកិច្ច និងការពារទប់ស្កាត់ មិនឱ្យមានការកាប់ទន្ទ្រានព្រៃឈើជាថ្មី និងបានដឹកនាំកងកម្លាំងចូលរួមដាំស្តារព្រៃឈើឡើងវិញ បានជាច្រើនម៉ឺនដើមនាពេលកន្លងទៅ និងបានសំណូមពរដល់កម្លាំងចម្រុះទាំងអស់ រួមជាមួយអាជ្ញាធរដែនដី និងប្រជាពលរដ្ឋ ត្រូវរួមគ្នាគ្រប់គ្រង ការពារទប់ស្កាត់ កុំឱ្យមានការកើតឡើងជាថ្មីនូវបទល្មើសធនធានធម្មជាតិ និងត្រូវចូលរួមបន្តដាំស្តាព្រៃឈើឡើងវិញ ជាបន្តបន្ទាប់នៅលើផ្ទៃដីព្រៃឈើដែលបានបាត់បង់ដោយការលួចកាប់ទន្ទ្រាននាពេលថ្មីៗកន្លងទៅ។
ក្នុងយុទ្ធនាការនេះ ឯកឧត្តមរដ្ឋមន្ដ្រី ឌិត ទីណា បានសម្ដែងក្តីសោមនស្សជាអនេក ដែលបានចូលរួមកម្មវិធីដាំដើមឈើ រៀបចំឡើងក្រាមកិច្ចសហការ រវាងរដ្ឋបាលព្រៃឈើ នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បញ្ជាការដ្ឋានកងទ័ពជើងគោក និងរដ្ឋបាលខេត្តកំពង់ធំនាពេលនេះ។
ឯកឧត្តមរដ្ឋមន្ដ្រី សង្កត់ធ្ងន់ថា ការដាំដេីមឈេីនៅទីនេះពិតជាមានសារៈសំខាន់ ដែលទាមទារការចូលរួមពីបងប្អូនយេីងទាំងអស់គ្នា ទាំងក្នុងការដាំ និងការចូលរួមថែរក្សាការពារព្រៃឈេី។
ទន្ទឹមនឹងនេះ ឯកឧត្តមរដ្ឋមន្ដ្រី បានគូសបញ្ជាក់អំពីគោលនយោបាយវិស័យកសិកម្មកម្ពុជាធ្វេីយ៉ាងណាឱ្យប្រជាកសិករ មានហូប មានប្រេី មានបាន និងមានរហូត ដែលបានគិតគូរយ៉ាងវែងឆ្ងាយ ដើម្បីអាចធានាបាននូវសន្តិសុខស្បៀង និងនិរន្តរភាពសេដ្ឋកិច្ច និងបរិស្ថាន។
ពាក់ព័ន្ធនឹងការពារអភិរក្ស ឯកឧត្តមរដ្ឋមន្ដ្រី បានលេីកទឹកចិត្តឱ្យប្រជាកសិករត្រូវកែប្រែឥរិយាបថកាប់ព្រៃឈេីយកដីដាំដំឡូងមី ដំណាំផ្សេងៗទៀត និងការទន្ទ្រានដីរដ្ឋផ្សេងៗមកគិតគូរពីនិរន្តរភាពព្រៃឈេី និងបរិស្ថានសម្រាប់កូនចៅយេីងនាថ្ងៃមុខ។
តាមរយៈការចូលរួមការពារព្រៃឈើ និងដាំដើមឈើឡើងវិញ ឯកឧត្តមរដ្ឋមន្ដ្រី សង្ឃឹមយ៉ាងមុតមាំថា នាពេលអនាគត កម្ពុជានឹងបន្តមានព្រៃឈេីជាច្រេីនសម្រាប់អាស្រ័យផល ទាក់ទាញទឹកភ្លៀងសម្រាប់ការធ្វេីកសិកម្ម និងអាចប្រេីប្រាស់បានជាប្រយោជន៍រួមទាំងអស់គ្នា៕ អត្ថបទលោក ធូ កែវមុន្នី