ភ្នំពេញ៖ នារសៀលថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០២៤ ឯកឧត្តម ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជា តំណាងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក.អ.ក. បានចូលរួមជាអធិបតីក្នុងពិធីសម្ពោធដាក់ឱ្យដំណើរការរោងចក្ររបស់ក្រុមហ៊ុន Metal Jewelry Cambodia នៅតំបន់សេដ្ឋកិច្ចពិសេស រ៉ូយ៉ាល់គ្រុប ភ្នំពេញ ដោយមានការចូលរួមពីសំណាក់អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាអ្នកអភិវឌ្ឍន៍តំបន់សេដ្ឋកិច្ចពិសេស រ៉ូយ៉ាល់គ្រុប ភ្នំពេញ, តំណាងក្រុមហ៊ុន Metal Jewelry Cambodia, ភ្ញៀវកិត្តិយស និងកម្មករ កម្មការិនីជាច្រើនរូបទៀត។
សូមបញ្ជាក់ជូនថាក្រុមហ៊ុន Metal Jewelry Cambodia បានទទួលគោលការណ៍អនុញ្ញាឱ្យវិនិយោគបង្កើតរោងចក្រផលិតផលិត និងបង្គុំគ្រឿងអលង្ការ និងគ្រឿងលម្អរផ្សេងៗធ្វើពីលោហៈនិងប្លាស្ទិក កាលពីខែមិថុនា ឆ្នាំ២០២៣។ ម្ចាស់ភាគហ៊ុនរបស់ក្រុមហ៊ុន Metal Jewelry Cambodia គឺក្រុមហ៊ុន International Metal and Jewelry Co., Ltd ដែលជាក្រុមហ៊ុនមួយក្នុងចំណោមក្រុមហ៊ុនផលិតគ្រឿងអលង្ការនិងគ្រឿងលម្អដែលជាម៉ាកល្បីនិងប្រណិតរបស់បារាំង (French Luxury Group) ។
ក្នុងឱកាសនៃពិធីបើកសម្ពោធដាក់ឱ្យដំណើរការរោងចក្រនេះ ឯកឧត្តមអគ្គលេខាធិការ បានសម្តែងនូវការអបអរសាទរ និងថ្លែងអំណរគុណចំពោះក្រុមហ៊ុន Metal Jewelry Cambodia ដែលបានធ្វើការសម្រេចចិត្តជាយុទ្ធសាស្ត្រក្នុងការរួមបញ្ចូលកម្ពុជាក្នុងខ្សែច្រវាក់ផ្គត់ផ្គង់របស់ខ្លួន។ ការបណ្តាក់ទុនវិនិយោគរបស់ក្រុមហ៊ុននៅកម្ពុជាជាសក្ខីភាពមួយសបញ្ជាក់យ៉ាងច្បាស់ថា កម្ពុជាមានកម្លាំងពលកម្មដ៏មានសក្តានុពល និងមានបរិយាកាសធុរកិច្ចប្រកដោយភាពអំណោយផល។ វត្តមានរបស់ក្រុមហ៊ុន មិនត្រឹមតែអាចជួយជំរុញសេដ្ឋកិច្ច និងចូលរួមបង្កើតការងារដែលមានបន្ថែមតម្លៃខ្ពស់ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងរួមចំណែកដល់ការអភិវឌ្ឍឧស្សាហកម្មគ្រឿងអលង្ការរបស់របស់កម្ពុជា តាមរយៈការនាំមកនូវបច្ចេកវិទ្យាខ្ពស់ និងសិល្បៈហត្ថកម្មកម្រិតស្តង់ដារពិភពលោក មកកាន់កម្ពុជាយើងផងដែរ។
ការជ្រើសរើសបោះទីតាំងវិនិយោគក្នុងតំបន់សេដ្ឋកិច្ចពិសេសនៅកម្ពុជា របស់ក្រុមហ៊ុន Metal Jewelry Cambodia ជាការសម្រេចចិត្តប្រកបដោយភាពវៃឆ្លាត និងមានលក្ខណៈជាយុទ្ធសាស្ត្រ ព្រោះក្រុមហ៊ុនមិនត្រឹមតែអាចទទួលបាននូវអត្ថប្រយោជន៍ ពីកញ្ចប់លើកទឹកចិត្តដែលមានភាពទាក់ទាញប៉ុណ្ណោះទេ ប៉ុន្តែក៏នឹងទទួលបាននូវកិច្ចសម្រួលនីតិវិធីរដ្ឋបាលដែលមានភាពរហ័សងាយស្រួល, ប្រព័ន្ធបណ្តាញអគ្គិសនីដែលអាចជឿទុកចិត្តបាន, បណ្តាញដឹកជញ្ជូនដ៏មានប្រសិទ្ធភាព និងបរិក្ខារភស្តុភារកម្មទំនើបៗ ដែលអាចជួយឱ្យប្រតិបត្តិការអាជីវកម្មរបស់ក្រុមហ៊ុនសម្រេចបាននូវប្រសិទ្ធផល និងប្រាក់ចំណេញខ្ពស់ផងដែរ។ បន្ថែមលើនេះ ឯកឧត្តមអគ្គលេខាធិការក៏បានលើកឡើងពីវឌ្ឍនភាពនៃការអភិវឌ្ឍតំបន់សេដ្ឋកិច្ចពិសេស ដែលក្នុងរយៈពេលប្រមាណជាង១ឆ្នាំ ចុងក្រោយនេះ មានការកើនឡើងទាំងគម្រោងវិនិយោគក្នុងតំបន់សេដ្ឋកិច្ចពិសេស ទាំងគម្រោងវិនិយោគបង្កើតតំបន់សេដ្ឋកិច្ចពិសេស។