ទីក្រុងប្រាក សាធារណរដ្ឋឆែក៖ កាលពីព្រឹកថ្ងៃសុក្រ ទី៨ ខែវិច្ឆិកា ឆ្នាំ២០២៤ ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្រ្តី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងគណៈប្រតិភូកម្ពុជាដែលរួមមានពីក្រសួងស្ថាប័នពាក់ព័ន្ធ និងវិស័យឯកជន បានអញ្ជើញទស្សនកិច្ចក្រុមហ៊ុន BTL Medical Technologies ដែលជាក្រុមហ៊ុនឈានមុខគេរបស់ឆែកមានប្រតិបត្តិការលើផលិតផលឧបករណ៍បច្ចេកវិទ្យាវេជ្ជសាស្ត្រ។
តាមរយៈកិច្ចប្រជុំនាឱកាសនេះ ក្រុមហ៊ុនបានធ្វើបទបង្ហាញជូន ឯកឧត្តមឧបនាយករដ្ឋមន្ត្រី និងគណៈប្រតិភូកម្ពុជា អំពីផលប័ត្រផលិតកម្ម បច្ចេកវិទ្យា កាលានុវត្តភាពវិនិយោគរបស់ខ្លួនប្រមាណជាង៣០ឆ្នាំក្នុងវិស័យវេជ្ជសាស្ត្រ និងពិភាក្សាអំពីឱកាសវិនិយោគនៅកម្ពុជាផងដែរ។ ឆ្លៀតក្នុងឱកាសនេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ក៏បានលើកទឹកចិត្តឱ្យក្រុមហ៊ុនពិនិត្យលទ្ធភាពជ្រើសរើសការបណ្ដាក់ទុននៅកម្ពុជា ដោយហេតុថាក្រៅអំពីសក្ដានុពលសំខាន់ៗជាច្រើន កម្ពុជាក៏ទទួលបានប្រព័ន្ធអនុគ្រោះពន្ធ EBA សម្រាប់ការនាំចេញទៅកាន់ទីផ្សាររបស់សហភាពអឺរ៉ុបផងដែរ៕