កំពង់ចាម: អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម ឯកឧត្តម អ៊ុន ចាន់ដា បានអះអាងថា កាងារ បង្កបង្កើនផលស្រូវគឺមានការកើនឡើងជាប្រចាំពីមួយឆ្នាំទៅមួយឆ្នាំ ចំពោះទិន្នផលវិញគឺទទួលបានពី មធ្យម ៤តោន ក្នុង ១ហិកតា ខណៈពលរដ្ឋបានប្រមូលផលលើផ្ទៃដីប្រមាណជា ៤ ៨០៦០ហិកតា ស្មើនឹង៤០,១៤% លើផ្ទៃដីដាំដុះ ។ ការថ្លែងបែបនេះក្នុងកិច្ចប្រជុំសាមញ្ញលើកទី៦ អាណត្តិទី៤ របស់ ក្រុមប្រឹក្សាខេត្តកំពង់ចាម នាព្រឹកថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៤ ។
ក្នុងកិច្ចប្រជុំនេះដែរ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានបញ្ជាក់ថា ការងារបង្កបង្កើន ផលស្រូវរដូវវស្សា ក្នុងខេត្តកំពង់ចាម រហូតមកដល់ពេលនេះត្រូវបានបញ្ចប់ទាំងស្រុង លើផ្ទៃដី ប្រមាណជា ១១ ៩៧៣១ហិកតា ស្មើនឹង ១៣៨,៤២% នៃផែនការដាំដុះ ៨ ៩៥០០ហិកតា ពោលគឺ មានការលឿនជាងឆ្នាំមុនប្រមាណជា ១ ៣៦៥៣ហិកតា បើប្រៀបធៀបរយៈពេលដូចគ្នា អញ្ចឹង ការបង្កបង្កើនផលគឺមានការកើនឡើងជាប្រចាំពីមួយឆ្នាំទៅមួយឆ្នាំ ចំពោះទិន្នផលគឺទទួលបានពី មធ្យម ៤តោន ក្នុង ១ហិកតា ដែលជាក់ស្តែងនៅពេលនេះ បងប្អូនប្រជាពលរដ្ឋយើងបានប្រមូល ផលលើផ្ទៃដីប្រមាណជា ៤ ៨០៦០ហិកតា ស្មើនឹង៤០,១៤% លើផ្ទៃដីដាំដុះ ។
ជាមួយគ្នានោះឯកឧត្តមអភិបាលខេត្ត ក៏បានលើកឡើងថា ពាក់ព័ន្ធនឹង បញ្ហាគ្រោះថ្នាក់ចរាចរ ក្នុងខែតុលា កន្លងមកនេះ មានការកើតឡើងច្រើនរហូតដល់ ១៥ករណី លើ ៩ករណី ដែលបង្កឱ្យមានមនុស្សស្លាប់ចំនួន ១៩នាក់ លើ ១១នាក់ និងរងរបួស ១២នាក់ លើ ៦នាក់ ពោលគឺករណីគ្រោះថ្នាក់ ចរាចរមានការកើតឡើងគួរឱ្យកត់សម្គាល់ ដែលត្រូវទាមទារឱ្យមានការដាក់ចេញនូវ វិធានការចាំ បាច់នានា ដើម្បីចូលរួមក្នុងការកាត់បន្ថយអត្រាគ្រោះថ្នាក់នេះ កុំឱ្យមានការកើនឡើងខ្ពស់ពេក ពោលគឺត្រូវជំរុញឱ្យមានការខិតខំរួមគ្នាក្រោមវិធានការនៃការអប់រំ ការផ្សព្វផ្សាយ ការណែនាំ និង វិធានការរិតបន្ដឹងច្បាប់ចរាចរផងដែរ ។
ក្នុងកិច្ចប្រជុំនេះដែរ ឯកឧត្តម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្តកំពង់ចាម បានលើកយកសេចក្តី ព្រាងរបៀបវារៈសំខាន់ៗ មកពិភាក្សា រួមមាន៖ ១-ពិនិត្យ និងអនុម័តសេចក្តីព្រាងកំណត់ហេតុនៃកិច្ចប្រជុំសាមញ្ញលើកទី៥ អាណត្តិទី៤ របស់ក្រុមប្រឹក្សាខេត្ត។
២-ពិនិត្យ ពិភាក្សា និងអនុម័តសេចក្តីព្រាងរបាយការណ៍ស្តីពីការអនុវត្តការងារប្រចាំខែតុលា និងលើកទិសដៅប្រចាំខែវិច្ឆិកា ឆ្នាំ២០២៤ របស់រដ្ឋបាលខេត្ត។
៣-ពិនិត្យ ពិភាក្សា និងអនុម័តសេចក្តីព្រាងសេចក្តីសម្រេចស្តីពី ការបែងចែកតួនាទី ភារកិច្ច និងរបៀបរបបធ្វើការងារជូនគណៈអភិបាលខេត្ត។
៤-ពិនិត្យ ពិភាក្សា និងអនុម័តសេចក្តីព្រាងផែនការលទ្ធកម្មប្រចាំឆ្នាំ២០២៥ របស់រដ្ឋបាលខេត្តកំពង់ចាម និងបញ្ហាផ្សេងៗមួយចំនួនទៀត ៕