ភ្នំពេញ៖ នាព្រឹកថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៤ ឯកឧត្តម បណ្ឌិត សរ សិនិរ៉ា អគ្គលេខាធិការរងគណៈកម្មាធិការវិនិយោគកម្ពុជា បានផ្តល់កិត្តិយសអញ្ជើញចូលរួមជាវាគ្មិនចែករំលែកព័ត៌មានស្តីពីវឌ្ឍនភាពនៃការវិនិយោគផ្ទាល់ពីបរទេសមកកម្ពុជា និងខ្លឹមសារគន្លឹះពាក់ព័ន្ធនឹង “គោលនយោបាយ និងលិខិតុបករណ៍គតិយុត្តសំខាន់ៗសម្រាប់ការទាក់ទាញការវិនិយោគផ្ទាល់ពីបរទេស” នៅក្នុងសិក្ខាសាលាស្តីពី បច្ចុប្បន្នភាពគោលនយោបាយសេដ្ឋកិច្ច សម្រាប់ថ្នាក់ដឹកនាំនៃក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ និងមន្រ្តីការទូតកម្ពុជាដែលកំពុងបំពេញបេសកកម្ម ការទូតទូទាំងពិភពលោក។
ឯកឧត្តមបណ្ឌិត បានជម្រាបជូនទៅអង្គពិធីអំពីសារសំខាន់នៃការបញ្ជ្រាបព័ត៌មានជូនដល់វិនិយោគិនអំពីស្ថានភាពម៉ាក្រូសេដ្ឋកិច្ចរបស់កម្ពុជា ភាពបើកចំហរនៃរបបវិនិយោគ ការធានានិងការការពារវិនិយោគ ព្រមទាំងរបបលើកទឹកចិត្តដ៏ទូលំទូលាយ ចំពោះវិស័យ និងសកម្មភាពវិនិយោគ ជាច្រើន ដោយមានកំណត់ច្បាស់នៅក្នុងច្បាប់ស្តីពីវិនិយោគ និងអនុក្រឹត្យស្តីពីការអនុវត្តច្បាប់ស្តីពីវិនិយោគ ដែលជាឯកសារគោល សម្រាប់ផ្តល់នូវភាពអាចប៉ាន់ប្រមាណបាន សម្រាប់ការសម្រេចចិត្តវិនិយោគនៅកម្ពុជា។
ជាមួយគ្នានេះដែរ ឯកឧត្តមបណ្ឌិត ក៏បានរំលេចផងដែរអំពីសក្តានុពល ទីផ្សាប្រទេសក្នុងតំបន់អាស៊ាន,ទីផ្សាតំបន់អាសិប, ទីផ្សាប្រទេសកូរ៉េខាងត្បូង, ទីផ្សាប្រទេសចិន និង ទីផ្សាអេមីរ៉ាតអារ៉ាប់រួម ដែលវិនិយោគិនអាចនាំចេញនូវផលិតផលដែលផលិតនៅកម្ពុជាទៅកាន់ទីផ្សាទាំងនេះដោយអត្រាពន្ធសូន្យ ឬអត្រាពន្ធទាប ក្រោមក្របខណ្ឌកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី។
ទន្ទឹមនឹងនេះឯកឧត្តមបណ្ឌិតក៏បានឆ្លៀតជម្រាបជូនទៅអង្គសិក្ខាសាលាផងដែរ អំពីស្ថានភាពការចុះបញ្ជីគម្រោងវិនិយោគមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ដោយការធ្វើបទបង្ហាញការប្រៀបធៀបតួរលេខជាក់ស្តែងនៃកំណើនការអនុម័តគម្រោងវិនិយោគ និងទុនវិនិយោគក្នុងអំឡុង១០ខែនៃឆ្នាំ២០២៣ និងឆ្នាំ២០២៤ ដែលមានការកើនឡើងគួរឱ្យកត់សម្គាល់។
ជាក់ស្តែង រវាងខែមករា-តុលា ឆ្នាំ ២០២៣ ក.អ.ក. បានចុះបញ្ជីគម្រោងវិនិយោគសរុបចំនួន ២២៧គម្រោង ក្នុងទុនវិនិយោគសរុបប្រមាណជាង៤ពាន់លានដុល្លារអាម៉េរិក ដែលបង្កើតបានឱកាសការងារចំនួន ២៦០,៤៧០កន្លែង ខណៈរយៈពេល ១០ខែ ឆ្នាំ២០២៤កំណើនគម្រោងវិនិយោគមានសន្ទុះរហូតដល់ ៣៤៦គម្រោង និងមានទុនវិនិយោគប្រមាណជាង៥ពាន់លានដុល្លារអាម៉េរិក ដែលបង្កើតបានឱកាសការងាររហូតដល់ ២៦៨,២៤២កន្លែង៕