និយ័តករធានារ៉ាប់រងកម្ពុជារៀបចំសិក្ខាសាលាផ្សព្វផ្សាយស្ដីពី “ការធានារ៉ាប់រងជាកាតព្វកិច្ច”

0

កំពង់ធំ៖ ថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៤ និយ័តករធានារ៉ាប់រងកម្ពុជា រៀបចំសិក្ខាសាលាផ្សព្វផ្សាយស្ដីពី “ការធានារ៉ាប់រងជាកាតព្វកិច្ច” ក្រោមអធិបតីភាព ឯកឧត្តម ងួន រាសី អភិបាល នៃគណៈអភិបាលរងខេត្តកំពង់ធំ និងឯកឧត្តម ប៊ូ ច័ន្ទភីរូ អគ្គនាយកនៃនិយ័តករធានារ៉ាប់រងកម្ពុជា និងជាអនុប្រធានក្រុមការងារអន្តរក្រសួង ចូលរួមដោយ កងកម្លាំងមានសមត្ថកិច្ច មន្ទីរ-អង្គភាព ស្ថាប័ន ពាក់ព័ន្ធជុំវិញរដ្ឋបាលខេត្តកំពង់ធំ ដែលប្រព្រឹត្តទៅនៅសណ្ឋាគារ ។

ការរៀបចំសិក្ខាសាលានេះ គឺមានគោលបំណងពិភាក្សា សម្របសម្រួល និងបង្រៀនពីភាពសំខាន់នៃការផ្តល់នូវសេវាធានារ៉ាប់រងដូចជា ធានារ៉ាប់រងសុខភាព ធានារ៉ាប់រងអាយុជីវិត ធានារ៉ាប់រងនៅក្នុងការងារ ធានារ៉ាប់រងទ្រព្យសម្បត្តិ ឬធានារ៉ាប់រងការធ្វើដំណើរជាដើម ដោយកត់សម្គាល់ពីការ ការពារ និងការធានាសិទិ្ធទាំងអស់រវាងអ្នកប្រើប្រាស់ និងអ្នកផ្តល់សេវា។

ថ្លែងក្នុងពិធីសក្ខាសាលា ឯកឧត្តម ងួន រាសី សម្តែងនូវសេចក្តីសោមនស្សក្រៃលែង និងសូមស្វាគមន៍ចំពោះវត្តមានដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ប៊ូ ច័ន្ទគីរូ ដើម្បីអនុវត្តការធានារ៉ាប់រងជាកាតព្វកិច្ច និងសូមអរគុណក្រុមការងារនិយ័តករ ធានារ៉ាប់រងកម្ពុជា ដែលបានជ្រើសរើសយកខេត្តកំពង់ធំ ជាទីតាំងសម្រាប់រៀបចំសិក្ខាសាលាផ្សព្វផ្សាយស្តីពី ការធានារ៉ាប់រងជាកាតព្វកិច្ច នាថ្ងៃនេះ។

ឯកឧត្តម បានឱ្យដឹងថា នៅក្នុងជីវិតប្រចាំថ្ងៃយើង ធានារ៉ាប់រងពិតជាមានសារៈសំខាន់ក្នុងការរួមចំណែកក្នុងការអភិវឌ្ឍសង្គមសេដ្ឋកិច្ចខេត្តកំពង់ធំ តាមរយៈការផ្តល់សេវាធានារ៉ាប់រងជូនដល់ អតិថិជន ឬម្ចាស់អាជីវកម្ម-សហគ្រាស បុគ្គលិក នានា ដោយសារតែវាជួយផ្តល់នូវអត្ថប្រយោជន៍ត្រលប់មកវិញ និងអាចជួយពង្រឹងការពារផ្នែកហិរញ្ញវត្ថុ នៅពេលដែលមានការប្រឈមមុខនឹងហានិភ័យណាមួយកើតឡើងជាយថាហេតុ។

ឆ្លៀតក្នុងឱកាសនេះ ឯកឧត្តម សំណូមពរដល់និយ័តករធានារ៉ាប់រងកម្ពុជាទាំងអស់ខិតខំជំរុញមានការវិនិយោគបើកសាខាក្រុមហ៊ុនធានារ៉ាប់រង នៅក្នុងខេត្តកំពង់ធំឱ្យបានច្រើន ដើម្បីបង្កើតការងារជូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន និងរួមចំណែកក្នុងការសម្រាលបន្ទុកផ្នែកហិរញ្ញវត្ថុ ក៏ដូចជាការបង្កើតបរិយាកាសធុរកិច្ចកាន់តែល្អប្រសើរក្នុងការអភិវឌ្ឍសេដ្ឋកិច្ចខេត្ត និងប្រទេស ក្រោមការដឹកនាំរាជរដ្ឋាភិបាល អាណត្តិទី ៧ និងអាណត្តិបន្តបន្ទាប់ទៀតដោយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។

ក្នុងអង្គសិក្ខាសាលាផ្សព្វផ្សាយនេះ ឯកឧត្តម សង្ឃឹមយ៉ាងម៉ុតមាំថា ផ្តល់ឱកាសដ៏ល្អសម្រាប់ការលើកស្ទួយការយល់ដឹង និងព័ត៌មានពាក់ព័ន្ធវិស័យធានារ៉ាប់រង ការប្រើប្រាស់អាជីវកម្មទាំងអស់អោយមានប្រសិទ្ធភាពនៅក្នុងវិស័យធុរកិច្ច ព្រមទាំងលើកទឹកចិត្តដល់កងកម្លាំងមានសមត្ថកិច្ច មន្ត្រីតំណាងមន្ទីរជុំវិញរដ្ឋបាលខេត្តកំពង់ធំ ក៏ដូចជាតំណាងវិស័យឯកជនពាក់ព័ន្ធទាំងអស់យកចិត្តទុកដាក់ខ្ពស់ ដើម្បីទាញយកនូវចំណេះដឹងថ្មីៗពីការធ្វើបទបង្ហាញរបស់វាគ្មិនជំនាញ ហើយសូមចែករំលែកចំណេះដឹងថ្មី ទាំងអស់នេះទៅដល់អ្នកជុំវិញផងដែរ៕

រិទ្ធី, រូបភាព : បុណ្យឫទ្វិ