បន្ទាយមានជ័យ៖លោកស្រី ព្រិញ សាវ៉ង់ ឋានន្តរស័ក្តិនាយក្រមការ ថ្នាក់លេខ៦ ត្រូវបានប្រកាសជាអភិបាលរងនៃគណៈអភិបាល ស្រុកភ្នំស្រុក។ ដោយឡែក លោកស្រី ហម សុភីឋានន្តរស័ក្តិគ្រូបង្រៀនកម្រិតមូលដ្ឋានដើមខ្សែពិសេស ថ្នាក់លេខ៦ ក៏ត្រូវបានប្រកាសជាអភិបាលរងនៃគណៈអភិបាលស្រុកព្រះនេត្រព្រះ។
ឯកឧត្តម ប្លែក វ៉ារី ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម អ៊ុំ រាត្រី អភិបាល នៃគណៈអភិបាលខេត្តបន្ទាយមានជ័យ បានអញ្ជើញជាអធិបតីភាពប្រកាសចូលកាន់មុខតំណែងអភិបាលរង ស្រុកចំនួន២បន្ថែមទៀត មានស្រុកភ្នំស្រុក និងស្រុកព្រះនេត្រព្រះ នៅថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០២៤។
ឯកឧត្ដម អ៊ុំ រាត្រី អភិបាល នៃគណអភិបាលខេត្ត ក៏បានសម្តែងនូវការអបអរសាទរ និងដាក់ចេញវិធានការបង្កើនការគ្រប់គ្រងសភាពការណ៍នៅមូលដ្ឋាន រាល់បញ្ហាដែលកើតមាននៅមូលដ្ឋាន ត្រូវឆាប់ដោះស្រាយឱ្យបានទាន់ពេលវេលា ទោះតូចតាច តិចតួចក្ដី ជៀសវាងបង្កឱ្យកើតជាបញ្ហាធំ ដើម្បីបង្ការទប់ស្កាត់សកម្មភាពដែលបំផុសបំផុលបំប៉ោងបំភ្លៃការពិតក្នុងសង្គម ។
ដោយបន្តជំរុញចលនាប្រជាពលរដ្ឋឱ្យចូលរួមអនុវត្តគោលនយោបាយ“ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព”ដើម្បីពង្រឹងសន្តិសុខ សណ្តាប់ធ្នាប់ សុវត្ថិភាពក្នុងមូលដ្ឋានរបស់ខ្លួន។ជាពិសេសទប់ស្កាត់ និងបង្រ្កាបបទល្មើសជួញដូរ មនុស្ស អាជីវកម្មផ្លូវភេទ ការផលិត ការជួញដូរ ការចែកចាយ និងការប្រើប្រាស់គ្រឿងញៀនឱ្យបានម៉ឺងម៉ាត់ និងមានប្រសិទ្ធភាព។
ជាមួយគ្នានោះ ឯកឧត្ដម ក៏បានធ្វើការផ្តាំផ្ញើ នូវកិច្ចការមួយចំនួនដល់ អភិបាលរងស្រុក ក៏ដូចជារដ្ឋបាលក្រុង-ស្រុកទាំង ត្រូវយកចិត្តទុកដាក់អនុវត្តចំពោះមុខ ៖ ១-ត្រូវធ្វើការបែងចែកតួនាទី ភារកិច្ច ជូនគណៈអភិបាលស្រុក ដោយអនុលោមតាមសេចក្តីណែនាំរបស់ក្រសួងមហាផ្ទៃ លេខ០៤៧សណន ស្តីពីការបែងចែកតួនាទី ភារកិច្ច និងរបៀបរបបធ្វើការងារជូនគណៈអភិបាលខេត្ត គណៈអភិបាលក្រុង គណៈអភិបាលស្រុក, ២-ត្រូវយកចិត្តទុកដាក់ ពង្រឹងប្រសិទ្ធភាពការផ្តល់សេវាជូនប្រជាពលរដ្ឋប្រកបដោយ គណនេយ្យភាព តម្លាភាព និងភាពរហ័សទាន់ចិត្ត, ៣-ត្រូវចូលរួមពង្រឹងសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ ទប់ស្កាត់បញ្ហាក្មេងទំនើង បញ្ហាគ្រឿងញៀន បញ្ហាល្បែងស៊ីសងខុសច្បាប់ បញ្ហាគ្រោះថ្នាក់ចរាចរ កិច្ចការនេះគឺត្រូវបានចាត់តាំងអនុវត្តតាមស្មារតីអង្គប្រជុំ គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តកាលពីថ្ងៃទី១៥កុម្ភៈឆ្នាំ២០២៤ កន្លងមកនេះនិងត្រូវបន្តអនុវត្តឱ្យមានប្រសិទ្ធភាពខ្ពស់, ៤-សហប្រតិបត្តិការជាមួយដៃគូអភិវឌ្ឍ វិស័យឯកជន ដើម្បីកៀរគរធនធានធ្វើការអភិវឌ្ឍមូលដ្ឋានរបស់ខ្លួន រួមចំណែកលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋឱ្យមានភាពកាន់ប្រសើរឡើង, ៦-ត្រូវមានសាមគ្គីភាពផ្ទៃក្នុងឱ្យបានល្អប្រសើរ៕ដោយ៖ឃិន គន្ធា