វេទិការថ្នាក់ខេត្ត​ ផ្នែកឯកជន​ ភាពជាដៃគូ​ រវាងរដ្ឋបាលខេត្ត​ និងសភាពាណិជ្ជកម្មខេត្តស្វាយរៀង​

0

ខេត្តស្វាយរៀង៖ រសៀលថ្ងៃទី២០​ ខែធ្នូ​ ឆ្នាំ២០២៤នេះ​ ឯកឧត្តម​ ប៉េង​ ពោធិ៍សា​ អភិបាលខេត្តស្វាយរៀង​ បានអញ្ជេីញជាអធិបតីក្នុងវេទិការថ្នាក់ខេត្ត​ ផ្នែកឯកជន​ ភាពជាដៃគូ​ រវាងរដ្ឋបាលខេត្ត​ និងសភាពាណិជ្ជកម្មខេត្តស្វាយរៀង​ ដែលបានប្រព្រឹត្តិទៅនៅសាលប្រជុំអាគារ​ ឃ​ សាលាខេត្ត។
វេទិការនេះមានការអញ្ជេីញចូលរួមពីឯកឧត្តម​អភិបាលរងខេត្ត​ លោកឧញ៉ាប្រធានសភាពាណិជ្ជកម្មខេត្ត​ លោកនាយក​ នាយករងរដ្ឋបាលសាលាខេត្ត​ លោកប្រធានមន្ទីរ​ អង្គភាពនានាជុំវិញខេត្ត​ លោកអភិបាលក្រុងស្រុកទាំង៨​ លោក​ លោកស្រីនាយកទីចាត់ការ/អង្គភាពពាក់ព័ន្ធចំណុះរដ្ឋបាលខេត្ត​ លោកអគ្គនាយកតំបន់សេដ្ឋកិច្ចពិសេសក្នុងខេត្ត​ លោកអគ្គនាយកក្រុមហ៊ុន​ សណ្ឋាគារ​ និងកាស៉ីណូក្នុងខេត្ត​ លោក​ លោកស្រីនាយកក្រុមហ៊ុន​រោងចក្រ​ សហគ្រាសក្នុងខេត្ត​ និងលោក​ លោកស្រីជាក្រុមការងារពាក់ព័ន្ធ​ សរុបប្រមាណ៣០០នាក់។
ឯកឧត្តម​អភិបាលខេត្តសូមថ្លែងនូវការអរគុណចំពោះថ្នាក់ដឹកនាំ និងសមាជិក សមាជិកា នៃសភាពាណិជ្ជកម្មខេត្ត ដែលមានលោកឧកញ៉ា សុក រ៉ាដូ ជាប្រធាន​ដែលកន្លងមកនេះ បានចូលរួមចំណែកយ៉ាងសកម្មជាមួយរដ្ឋបាលខេត្ត ក្នុងការធានា និងថែរក្សាការពារនូវផលប្រយោជន៍ស្របច្បាប់របស់វិស័យឯកជននៅក្នុងខេត្ត​ ហើយពេលនេះ ក៏បានផ្ដួចផ្ដើម និងសម្របសម្រួលរៀបចំឲ្យមាននូវកម្មវិធីជួបជុំដ៏មានសារៈសំខាន់នេះឡើងថែមទៀត។
ឯកឧត្តមបន្តថា​ នេះជាលើកទី១ របស់ក្រុមការងារផ្លូវការរបស់រដ្ឋបាលថ្នាក់ក្រោមជាតិ នៃភាពជាដៃគូ រវាង រដ្ឋបាលខេត្ត និងសភាពាណិជ្ជកម្មខេត្ត បន្ទាប់ពីយើងបានបង្កើតនូវឡើងនូវក្រុមការងារនេះ តាមរយៈសេចក្ដីសម្រេចរបស់រដ្ឋបាលខេត្ត កាលពីថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៣កន្លងទៅ​ ទន្ទឹមនេះជួបជុំនៅថ្ងៃនេះ​ បាននាំទៅដល់ការផ្សារភ្ជាប់នូវទំនាក់ទំនងកាន់តែល្អប្រសើររវាងថ្នាក់ដឹកនាំ អាជ្ញាធរ សមត្ថកិច្ច និងអង្គភាពពាក់ព័ន្ធ ជាមួយនិងសភាពាណិជ្ជកម្មខេត្ត និងបងប្អូនអ្នកវិនិយោគ ដែលបាននិងកំពុងធ្វើសកម្មភាពយ៉ាងច្រើននៅលើទឹកដី នៃខេត្តស្វាយរៀង​ ដែលផ្ដល់ឱកាសដល់បងប្អូនអ្នកវិនិយោគ ធុរជន អាជីវករ ពាណិជ្ជករ ទាំងអស់ បានជួបប្រាស្រ័យទាក់ទងគ្នា រាប់អានគ្នាកាន់តែជិតស្និទ្ធ ក៏ដូចជាអង្គពិធីទាំងមូលបានជួប ផ្លាស់ប្តូរទស្សនៈ គំនិតយោបល់ ចែករំលែកបទពិសោធន៍ល្អៗ សម្រាប់ពង្រឹង ពង្រីក និងអភិវឌ្ឍន៍អាជីវកម្មរបស់ខ្លួន ។
ឯកឧត្តម​បន្ថែមថា​ អំណោយផលនៃកត្តាសុខសន្តិភាពជាមរតកបន្សល់ទុកពីអគ្គមគ្គទេសក៍ជាតិដ៏ឆ្នើមរបស់យើងគឺសម្ដេចតេជោ ប្រធានព្រឹទ្ធសភា
រួមផ្សំជាមួយនឹងបរិយាកាសវិនិយោគប្រកបដោយភាពអនុគ្រោះ និងទទួលបាននូវការយកចិត្តទុកដាក់ខ្ពស់ពីប្រមុខរាជរដ្ឋាភិបាល ក្រោមការដឹកនាំដ៏ប៉ិនប្រសប់ និងឈ្លាសវៃ ប្រកបដោយចក្ខុវិស័យវែងឆ្ងាយរបស់សម្ដេចមហាបវរធិបតី នាយករដ្ឋមន្ត្រី​ ការអភិវឌ្ឍ និងការរីកចម្រើនក្នុងដំណើរការអាជីវកម្ម និងការវិនិយោគរបស់អស់លោក លោកស្រីនៅក្នុងមូលដ្ឋាន​ នឹងកាន់តែឈានទៅមុខជាវិជ្ជមានច្រើនឡើងថែមទៀត ។
ជាទីបញ្ចប់ឯកឧត្តម​បានសម្តែងនូវការគាំទ្រយ៉ាងពេញទំហឹង ចំពោះដំណើរការរៀបចំវេទិកាពិភាក្សា ផ្លាស់ប្ដូរយោបល់រវាងគ្រប់សមត្ថកិច្ច និងអង្គភាពពាក់ព័ន្ធ ជាមួយនឹងវិស័យឯកជន តាមរយៈយន្តការក្រុមការងារផ្លូវការរបស់រដ្ឋបាលថ្នាក់ក្រោមជាតិ នៃភាពជាដៃគូ រវាង រដ្ឋបាលខេត្ត និងសភា-ពាណិជ្ជកម្មខេត្ត និងសូមឲ្យក្រុមការងាររបស់រដ្ឋបាលខេត្ត សហការជាមួយសភាពាណិជ្ជកម្មខេត្ត ដើម្បីត្រៀមរៀបចំកម្មវិធីនេះឲ្យបានល្អប្រសើរ​នាពេលខាងមុខទៀត៕ ដោយ គឹម សេង