កំពង់ធំ÷ អង្គការសកម្មភាពដើម្បីអភិវឌ្ឍន៍ (AFD) និង អង្គការសម្ព័ន្ធភាពដៃគូដើម្បីការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យ (សម្ព័ន្ធភាព CPDD) បាននឹងកំពុងអនុវត្តគម្រោង “សង្គមស៊ីវិលសកម្មដើម្បីហិរញ្ញវត្ថុអាកាសធាតុនៅកម្ពុជា“ ដែលមានរយៈពេល ០៧ ខែ (ពីខែមិថុនា ដល់ខែធ្នូ ឆ្នាំ២០២៤) ក្រោមការគាំទ្រមូលនិធិដោយកម្មវិធីអភិវឌ្ឍន៍អង្គការសហប្រជាជាតិ (UNDP) តាមរយៈស្ថានទូតនៃព្រះរាជាណាចក្រជប៉ុនប្រចាំព្រះរាជាណាចក្រកម្ពុជា បានសហការជាមួយគម្រោង“ការប្រើប្រាស់ដី និងការការពារធនធានធម្មជាតិជនជាតិដើមភាគតិច” ដោយមានការគាំទ្រថវិកាពីទីភ្នាក់ងារអភិវឌ្ឍន៍ និងសហប្រតិបត្តិការស្វីស-Swiss Agency for Development and Cooperation (SDC) និងមូលនិធិអាយរីស-Irish Aid (IA) តាមរយៈអង្គការមូលនិធិព្រះវិហារដាណឺម៉ាក-DanChurchAid Cambodia(DCA) ក្នុងការរៀបចំយុទ្ធនាការផ្សព្វផ្សាយស្តីពី“ការលើកកម្ពស់ការយល់ដឹងដល់អ្នកពាក់ព័ន្ធ និងសហគមន៍ និងការឆ្លើយតបទៅនឹងផលប៉ះពាល់នៃការប្រែប្រួលអាកាសធាតុ និងស្វែងរកការគាំទ្រការវិភាជន៍ថវិការដ្ឋបាលថ្នាក់ក្រោមជាតិ និងដៃគូអភិវឌ្ឍន៍ដើម្បីអនុវត្ត និងដោះស្រាយបញ្ហាការប្រែប្រួលអាកាសធាតុប្រកបដោយចីរភាពនៅកម្រិតថ្នាក់ក្រោមជាតិ”។
កម្មវិធីនេះក៏មានការអញ្ជើញចូលរួមពីលោក ទង់ គឹមតុល នាយករងរដ្ឋបាលសាលាខេត្តកំពង់ធំ, លោក សោម សុភ័ក្រ នាយកប្រតិបត្តិ អង្គការសកម្មភាពដើម្បីអភិវឌ្ឍន៍ខេត្តកំពង់ធំ (AFD) ប្រធានមន្ទីរជុំវិញខេត្ត លោកមេឃុំ/ចៅសង្កាត់ ក្រុមការងារហិរញ្ញវត្ថុប្រែប្រួលអាកាសធាតុក្រុង/ស្រុក សហគមន៍មូលដ្ឋាន ដៃគូអភិវឌ្ឍន៍ វិស័យអប់រំ សារព័ត៌មានខេត្ត និងវិស័យឯកជន និងសិស្សានុសិស្ស សរុប១០៤នាក់ ដើម្បីចូលរួម និងសិក្សារៀនសូត្រពីទស្សនៈ នៃការប្រែប្រួលអាកាសធាតុ នាព្រឹកថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៤ ដែលប្រព្រឹត្តទៅនៅក្នុងបរិវេណមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តកំពង់ធំ។
លោក សោម សុភ័ក្រ នាយកប្រតិបត្តិអង្គការសកម្មភាពដើម្បីអភិវឌ្ឍន៍ (AFD) បានលើកឡើងថា គម្រោងបាននឹងកំពុងអនុវត្តនៅក្នុង សង្កាត់ស្រយ៉ូវ ក្រុងស្ទឹងសែន និងឃុំត្រពាំងឬស្សី ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ។ អង្គការ AFD អង្គការសម្ព័ន្ធភាព CPDD និង អង្គការDCA គ្រោងនឹងសហការជាមួយ រដ្ឋបាលខេត្ត/ក្រុង/ស្រុក គោលដៅដើម្បីរៀបចំយុទ្ធនាការផ្សព្វផ្សាយស្តីពី “ការលើកកម្ពស់ការយល់ដឹង និងការឆ្លើយតបទៅនឹងផលប៉ះពាល់នៃការប្រែប្រួលអាកាសធាតុ និងស្វែងរកការគាំទ្រការវិភាជន៍ថវិការដ្ឋបាលថ្នាក់ក្រោមជាតិ នឹងដោះស្រាយបញ្ហាការប្រែប្រួលអាកាសធាតុប្រកបដោយចីរភាព”។
លោក ទង់ គឹមតុល នាយករងរដ្ឋបាលសាលាខេត្តកំពង់ធំ បានលើកឡើងថា ដើម្បីលើកកម្ពស់ការយល់ដឹង និងការឆ្លើយតបទៅនឹងផលប៉ះពាល់នៃការប្រែប្រួលអាកាសធាតុ និងដំណោះស្រាយហិរញ្ញវត្ថុពីការប្រែប្រួលអាកាសធាតុនៅរដ្ឋបាលថ្នាក់ក្រោមជាតិ ក្នុងឆ្លើយតបទៅនឹងផលប៉ះពាល់នៃការប្រែប្រួលអាកាសធាតុនៅមូលដ្ឋាន។ យុទ្ធនាការនេះបង្កើតឡើងក្នុងគោលបំណង÷១.ដើម្បីបង្កើនចំណេះដឹងទូទៅអំពីមូលហេតុនៃការប្រែប្រួលអាកាសធាតុ ផលប៉ះពាល់ និងវិធានការឆ្លើយតប នៅលើពិភភាលោកនឹងក្នុងប្រទេសកម្ពុជា និងបង្កើនការយល់ដឹងអំពីទស្សនទាននៃការកាត់បន្ថយហានិភ័យនៃគ្រោះមហន្តរាយវិធីសាស្ត្រដែលយកសិទ្ធិជាមូលដ្ឋាន និងការអភិវឌ្ឍក្នុងបរិបទនៃការប្រែប្រួលការធាតុ។ ២.ដើម្បីស្វែងរកការគាំទ្រ និងការវិភាជន៍ថវិការដ្ឋបាលថ្នាក់ក្រោមជាតិពាក់ព័ន្ធនឹងសកម្មភាពអាកាសធាតុដាក់បញ្ចូលក្នុងកម្មវិធីវិនិយោគបីឆ្នាំរំកិលរបស់ខេត្ត/ក្រុង/ស្រុក ឆ្នាំ២០២៥។ ៣.ស្វែងរកការគាំទ្រ និងការចូលរួមពីអង្គការដៃគូអភិវឌ្ឍនៅក្នុងខេត្តដើម្បីអនុវត្ត នឹងដោះស្រាយបញ្ហាប្រែប្រួលអាកាសធាតុនៅមូលដ្ឋាន។
៤. ដើម្បីជំរុញឱ្យអាជ្ញាធរថ្នាក់ក្រោមជាតិ និងមូលដ្ឋានវិកាជន៍ថវិកាក្នុងការអភិវឌ្ឍ និងអភិរក្សធនធានធម្មជាតិនៅក្នុងមូលដ្ឋាន ការដាក់បញ្ចូលសកម្មភាពពាក់ព័ន្ធនានាក្នុងកម្មវិធីផែនការអភិវឌ្ឍ និងកម្មវិធីវិនិយោគ៣ឆ្នាំរំកិល។
លោក ទង់ គឹមតុល នាយករងរដ្ឋបាលសាលាខេត្តកំពង់ធំ បានបន្តទៀតថា រដ្ឋបាលខេត្ត/ក្រុង/ស្រុក ក្រុមការងារហិរញ្ញវត្ថុប្រែប្រួលអាកាសធាតុ និងអ្នកចូលរួមទាំងអស់ នឹងបានយល់ពីផលប៉ះពាល់នៃបម្រែបម្រួលអាកាសធាតុ ព្រមទាំងបានចូលរួម និងស្វែងរកការគាំទ្រក្នុងការវិភាជន៍ថវិការដ្ឋបាលថ្នាក់ក្រោមជាតិ រួមនឹងអង្គការដៃគូអភិវឌ្ឍ ដើម្បីអនុវត្ត និងដោះស្រាយក្នុងការឆ្លើយតបសកម្មភាពបម្រែបម្រួលអាកាសធាតុនៅថ្នាក់មូលដ្ឋានប្រកបដោយចីរភាព ។
សូមបញ្ជាក់ផងដែរថា ផលប៉ះពាល់នៃការប្រែប្រួលអាកាសធាតុ ដំណើរការនៃយុទ្ធនាការនេះ ផ្អែកលើរបៀបវារៈរួមមាន មតិចំណាប់អារម្មណ៍របស់ស្ថាប័នដែលបានរៀបចំ មតិចំណាប់អារម្មណ៍របស់គណៈអធិបតី របាយការណ៍តំណាងសហគមន៍ ប្រើសារគន្លឹះដើម្បីបញ្ជ្រាបចំណេះដឹង និងចូលរួមដង្ហែដោយក្រុមឆៃយ៉ាំ យុទ្ធនាការនេះដំណើរចេញពីមន្ទីរវិចិត្រសិល្បៈខេត្ត ទៅសួនកុមារ ព័ទ្ធជុំវិញផ្សារកំពង់ធំផងដែរ៕ អត្ថបទលោក ធូ កែវមុន្នី