ខេត្តព្រះវិហារ៖ ផ្ទះអ្នកនេសាទ ១ខ្នង ទ្រព្យសម្បត្តិ រួមទាំងសម្ភារៈ ដែលជាមធ្យោបាយធ្វើដំណើរ និងការប្រកបមុខរបរជាច្រើនប្រភេទទៀត បានរងនូវការឆាបឆេះយ៉ាងសន្ធោរសន្ធៅអស់ទាំងស្រុង។ ដោយឡែក កម្លាំងនគរបាលជំនាញ នៃស្នងការដ្ឋាននគរបាលខេត្តព្រះវិហារ និងកម្លាំងអធិការដ្ឋាននគរបាលក្រុងព្រះវិហារ បានចុះជួយធ្វើអន្តរាគមពន្លត់ភ្លើងនោះយ៉ាងសស្រាកសស្រាំ ក្នុងហេតុការណ៍ដែលបានកើតឡើង នៅម៉ោងប្រមាណជាង ៧យប់ ថ្ងៃទី១២ ខែមករា ឆ្នាំ២០២៥ ស្ថិតក្នុងភូមិសំរោង សង្កាត់កំពង់ប្រណាក ក្រុងព្រះវិហារ។
ប្រភពព័ត៌មានបានបង្ហើបឱ្យដឹងថា គ្រួសាររងគ្រោះដោយអគ្គិភ័យ ប្តីឈ្មោះ កែវ វណ្ណេត អាយុ ៣៦ឆ្នាំ មុខរបរ អ្នកនេសាទ និងប្រពន្ធឈ្មោះ គង់ បរមី អាយុ ៣១ឆ្នាំ មុខរបរ មេផ្ទះ រស់នៅភូមិឃុំកើតហេតុខាងលើ។
ប្រភពដដែលបានបន្តថា ករណីអគ្គិភ័យនោះ បានធ្វើឱ្យជនរងគ្រោះបាត់បង់ ផ្ទះ០១ខ្នងទំហំ៥x៦ម៉ែត្រ ធ្វើអំពីឈើប្រកស័ង្កសី -Pass up (ម៉ូតូកង់បី) ០១គ្រឿង -ម៉ាស៊ីនកាណូត ០២គ្រឿង -ទូកស្មាច់ ០១គ្រឿង និងសម្ភារៈមួយចំនួនទៀត ផងដែរ។ ចំពោះទំហំទឹកប្រាក់សរុប ពីការខូចខាតទ្រព្យសម្បត្តិទាំងនោះ នៅពុំទាន់ដឹងនៅឡើយទេ។
សមត្ថកិច្ចជំនាញបានឱ្យថា ករណីអគ្គិភ័យខាងលើនេះ ពុំមានប៉ះពាល់ ឬ រងគ្រោះថ្នាក់ដល់ម្ចាស់ផ្ទះ ក៏ដូចបងប្អូនប្រជាពលរដ្ឋនៅជិតខាងនោះឡើយ ដោយក្នុងនោះសមត្ថកិច្ចបានប្រើប្រាស់កម្លាំងចុះជួយអន្តរាគមន៍មានចំនួន ៤៥នាក់ ប្រើប្រាស់រថយន្តពន្លត់ភ្លើង ០២គ្រឿង ប្រើប្រាស់ទឹកអស់ ១ម៉ឺនលីត្រ និងរហូតដល់ម៉ោង ៨យប់ ទើបគ្រប់គ្រងស្ថានការបាន ហើយភ្លើងបានរលត់ទៅវិញទាំងស្រុង៕ដោយ៖ឡុង សំបូរ