កំពង់ចាម: អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម ឯកឧត្ដម អ៊ុន ចាន់ដា បានអះអាងថា ការងារអភិវឌ្ឍន៍ក្នុងឆ្នាំ២០២៤ មានចំនួន ២៥៤គម្រោង ដែលត្រូវបានអនុវត្តបញ្ចប់គម្រោង ១០០% ក្នុងនោះប្រើប្រាស់ថវិការបស់រដ្ឋបាលខេត្ត ចំនួន ១៩គម្រោង មូលនិធិក្រុង-ស្រុក មានចំនួន ៥១គម្រោង និងមូលនិធិឃុំ-សង្កាត់ មានចំនួន ១៨៤គម្រោង។ ការថ្លែងបែបនេះក្នុងឱកាសបើកអង្គសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៤ និងលើកទិសដៅអនុវត្តការងារ បន្តសម្រាប់ឆ្នាំ២០២៥ របស់រដ្ឋបាលខេត្តកំពង់ចាម នាព្រឹកថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៥ ។
ក្នុងឱកាសនោះដែរ ឯកឧត្ដម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានថ្លែងថា ក្នុងឆ្នាំ២០២៥នេះ រដ្ឋបាលខេត្ត រួមនឹងរដ្ឋបាលក្រុង-ស្រុក ឃុំ-សង្កាត់ ត្រូវសង្កត់ធ្ងន់លើ សកម្មភាព និងគោលដៅអាទិភាព ដែលបានដាក់ចេញក្នុងកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការឈានទៅសម្រេចឱ្យបានដោយជោគជ័យ ក្នុងការអនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ និងចក្ខុវិស័យរបស់ខេត្ត ក្នុងកំណើនសេដ្ឋកិច្ច ២៤៨២ដុល្លា ក្នុងឆ្នាំ២០២៥ ។
ឯកឧត្តមអភិបាលខេត្ត បានជំរុញដល់រដ្ឋបាលក្រុង-ស្រុក មន្ទីរ-អង្គភាពជុំវិញខេត្ត ត្រូវខិតខំពង្រឹងការអនុវត្តតួនាទីភារកិច្ច និងកម្មវិធីនយោបាយតាមវិស័យរបស់ខ្លួនសំដៅរួមគ្នា៖ បន្តពង្រឹងការអនុវត្តសេវាសង្គមនៅរដ្ឋបាលឃុំ-សង្កាត់ អនុវត្តគោលនយោបាយ”ភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព” បន្តអនុវត្តនូវដំណោះស្រាយដែលអង្គវេទិការវាងរាជរដ្ឋាភិបាល និងរដ្ឋបាលថ្នាក់ ក្រោមជាតិ នៅថ្នាក់ខេត្ត បានដាក់ចេញប្រកបដោយការទទួលខុសត្រូវខ្ពស់ ។ ព្រមទាំងបន្តខិតខំរួមគ្នាដោះស្រាយសំណើរសំណូមពរ និងក្តីកង្វល់របស់ប្រជាពលរដ្ឋផងដែរ ។
ជាមួយគ្នានោះ ឯកឧត្ដម អ៊ុន ចាន់ដា ក៏បានជំរុញឱ្យបន្តពង្រឹងភាពជាម្ចាស់លើការអនុវត្តគម្រោងមូលនិធិឃុំ-សង្កាត់ ដោយត្រូវយកចិត្ត ទុកដាក់កុំឱ្យប្រាសចាក និងខុសពីនីតិវិធី ដើម្បីធានាបាននូវសង្គតិភាពក្នុងការអនុវត្ត គោលការណ៍បែបបទ និងនីតិវិធីនានា សំដៅលើកកម្ពស់ការគ្រប់គ្រងគម្រោងខេត្ត គម្រោងក្រុង-ស្រុក និងឃុំ-សង្កាត់ ដែលប្រើប្រាស់ថវិកាមូលនិធិ ប្រកបដោយភាព រលូន តម្លាភាព គណនេយ្យភាព ប្រសិទ្ធភាព និងស័ក្តិសិទ្ធិភាពទៀតផង ៕