ខេត្តឧត្តរមានជ័យ៖ ប្រធានសហគមន៍ដែនជម្រកសត្វព្រៃសង្ឃរុក្ខាវន្ត នៃខេត្តឧត្តរមានជ័យ ព្រះតេជគណ ថូ ធូរស់ មានសង្ឃដិកា អំពាវនាវលើបណ្តាញទំនាក់ទំនងសង្គម ដោយបានស្នើដល់ប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋាន ដែលរស់នៅក្បែរតំបន់ព្រៃសហគមន៍ ដែនជម្រកសត្វព្រៃសង្ឃរុក្ខាវន្ត ត្រូវបញ្ឈប់នូវរាល់សកម្មភាព ក្នុងការប្រព្រឹត្តបទល្មើសទាំងឡាយណា ចំពោះការលបលួចដាក់អន្ទាក់សត្វព្រៃគ្រប់ប្រភេទ ក្នុងតំបន់សហគមន៍ នៃដែនជម្រកសត្វព្រៃសង្ឃរុក្ខាវន្ត ដើម្បីរក្សាបានការអភិរក្សសត្វដ៏កម្រទាំងនេះ ឱ្យបានគង់វង្ស។
ព្រះតេជគណថូ ធូរស់ មានសង្ឃដីការឱ្យដឹងថា ការដែលបងប្អូនធ្វើការលបលួចធ្វើសកម្មភាពដាក់អន្ទាក់ ដើម្បីចាប់យកសត្វព្រៃគ្រប់ប្រភេទ ដែលកំពុងរស់នៅក្នុងតំបន់សហគមន៍នេះ គឺជាទង្វើខុសច្បាប់ ហើយក៏ជាទង្វើមួយដែលធ្វើឱ្យសង្គមស្អប់ខ្ពើម។ ដូច្នេះ គម្បីត្រូវតែបញ្ឈប់ឱ្យបាន នូវរាល់សកម្មភាពប្រព្រឹត្តបទល្មើស ការដាក់អន្ទាក់ ការលបលួចការបរបាញ់សត្វព្រៃ ទើបយើងអាចរក្សាសត្វព្រៃគ្រប់ប្រភេទ រស់នៅក្នុងតំបន់នេះបានគង់វង្ស ប្រកបសុវត្ថិភាព។
ព្រះតេជគណមានសង្ឃដីការបន្តថា សត្វព្រៃគ្រប់ប្រភេទក៏ត្រូវការជីវិតរស់រានដូចបងប្អូនដែរ ដូច្នេះបងប្អូនមិនត្រូវធ្វើការលបលួចការបរបាញ់ ឬក៏ដាក់អន្ទាក់បន្តទៀតនោះទេ ។ ប្រសិនមានករណីបែបនេះកើតឡើង នោះបងប្អូននឹងត្រូវទទួលទោសទៅតាមផ្លូវច្បាប់ ដោយមិនមានការលើកលែងនោះឡើយ ចំពោះបុគ្គលណាដែលបានលបលួចប្រព្រឹត្តិនូវទង្វើនោះទៀត។
ព្រះតេជគណ បានបញ្ជាក់ថា ព្រៃឈើក្នុងសហគមន៍ដែនជម្រកសត្វព្រៃសង្ឃរុក្ខាវន្ត មានផ្ទៃដីព្រៃឈើទំហំជាង ៣ម៉ឺនហិកតា ហ៊ុំព័ទ្ធដោយធម្មជាតិព្រៃភ្នំ ជាប់ក្រុងមួយ និងស្រុកពីរ និងមានសត្វព្រៃគ្រប់ប្រភេទ បានមកជ្រកកោនរស់នៅក្នុងតំបន់នេះ ប្រសិនបើយើងរួមគ្នាអភិរក្ស ថែរក្សាឱ្យបានគង់វង្ស នោះវាអាចនឹងផ្តល់ប្រយោជន៍ច្រើន លើការទាក់ទាញវិស័យទេសចរទៅថ្ងៃអនាគត ខណៈបច្ចុប្បន្ន សំបូរសត្វដ៏កម្រជាច្រើនគ្រប់ប្រភេទ កំពុងមានវត្តមាននៅក្នុងសហគមន៍ដែនជម្រកសត្វព្រៃសង្ឃរុក្ខាវន្តនេះ៕ដោយ៖ឡុង សំបូរ