ខេត្តស្ទឹងត្រែង៖ ខណ្ឌរដ្ឋបាលជលផលស្ទឹងត្រែង រួមទាំងមន្ត្រីអភិរក្សពាក់ព័ន្ធនានា នឹងសហការរួមគ្នាបង្កើនការអភិរក្សកូនផ្សោត ២ក្បាល ដែលទើបកើតថ្មីនាប៉ុន្មានថ្ងៃកន្លងមកនេះ នៅក្នុងអន្លុងអភិរក្សសត្វផ្សោតត្បូងខ្លា ស្ថិតក្នុងភូមិត្បូងខ្លា ឃុំអូរម្រះ ស្រុកសៀមបូក ខេត្តស្ទឹងត្រែង ដើម្បីធ្វើឱ្យបរិមាណសត្វផ្សោតនៅគង់វង្ស និងធ្វើឱ្យចំនួនសត្វផ្សោតមានការកើនឡើងថែមទៀត នៅក្នុងឆ្នាំ២០២៥នេះ ។
នាយខណ្ឌរដ្ឋបាលជលផលស្ទឹងត្រែង លោកស្រី សំវិចិត្រ ក្នុងពេលចុះល្បាត និងពិនិត្យកូនសត្វផ្សោត នៅថ្ងៃទី២៧ មករា ២០២៥ បានបញ្ជាក់ថា កូនផ្សោតដែលទើបកើតថ្មី ២ក្បាលនេះ ទើបមានអាយុមិនដល់មួយសប្តាហ៍ផង ដូចនេះមន្ត្រីពាក់ព័ន្ធទាំងអស់ ត្រូវឧស្សាហ៍ចុះល្បាត និងពិនិត្យមើលឱ្យបានញឹកញាប់ និងជាប្រចាំ។
លោកស្រី សំវិចិត្រ បានបញ្ជាក់ទៀតថា ការធ្វើល្បាតនេះក្រុមការងារត្រូវសហការ និងចែកវេនគ្នាចុះពិនិត្យមើល បើប្រទះឃើញមានមង ឬ សន្ទូចដែលជនសង្ស័យលួចដាក់ក្នុងតំបន់ហាមឃាត់ ត្រូវប្រមូលយកមកបំផ្លាញចោល ដើម្បីការពារកូនផ្សោតក៏ដូចមេវាកុំឱ្យជាប់មងទាំងនោះ។ ហើយវិធានការនេះយើងមានបំណងអភិរក្សសត្វផ្សោត ដែលទើបនឹងកើត និងពពួកផ្សេងៗទៀតឱ្យវារស់នៅគង់វង្ស ព្រោះមន្ត្រីយើងបានដាក់ស្លាកសញ្ញាហាមចូលធ្វើនេសាទរួចមកហើយ។
តំណាងឱ្យសហគមន៍នេសាទ លោកឡុង ថា បានឱ្យដឹងថា កិច្ចការងារនេះក្រុមឆ្នាំ និងប្រជាសហគមន៍នេសាទ បានសហការគ្នាចុះល្បាតជាប្រចាំ ដើម្បីការពារសត្វផ្សោតទាំងអស់នោះ ព្រោះនៅអន្លុងត្បូងខ្លា អន្លុងកោះជ្រឹម និងអន្លុងកោះតាំងកូនសត្វ យើងកំពុងរៀបចំធ្វើជារមនីយដ្ឋានទស្សនាសត្វផ្សោត ។
លោក ឡុង ថា បានបន្តថា តាមការស្រាវជ្រាវរបស់មន្ត្រីជលផល និងអង្គការ(WWF) នៅសប្តាហ៍ទី៣ នាខែមករា២០២៥ នេះ ពិនិត្យឃើញមានកូនសត្វផ្សោតនៅអន្លង់ត្បូងខ្លា កំពុងហែលលេងគួរឱ្យគយគន់ ជាមួយក្រុមសត្វផ្សោតពេញវ័យប្រមាណ ៨ក្បាលផ្សេងទៀត។
គួរបញ្ជាក់ថា សត្វផ្សោតត្រូវបានគេចាត់ទុកជាប្រភេទសត្វកម្រជិតផុតពូជ បច្ចុប្បន្ននៅប្រទេសកម្ពុជា សត្វផ្សោតមាននៅអន្លុងផ្សោតកាំពី ខេត្តក្រចេះ និងនៅអន្លុងផ្សោតត្បូងខ្លា អន្លុងតាំងកូនសត្វ និងអន្លុងកោះជ្រឹម ខេត្តស្ទឹងត្រែង ទាំងខេត្តក្រចេះ និងខេត្តស្ទឹងត្រែង មានចំនួនសរុប ប្រមាណ ១០៥ក្បាល ក្នុងនោះសត្វផ្សោតប្រមាណ ៨០ក្បាល មាននៅក្នុងខេត្តក្រចេះ និង សត្វផ្សោតប្រមាណ ២៥ក្បាល មាននៅខេត្តស្ទឹងត្រែង៕ដោយ៖ឡុង សំបូរ