គ្រឿងសមុទ្រធម្មជាតិនៅខេត្តកំពតមិនមានការដំឡើងថ្លៃទេក្នុងឱកាសបុណ្យចូលឆ្នាំចិននេះ

0

ខេត្តកំពត: នៅក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជនជាតិចិន-វៀតណាម ប្រជានេសាទខេត្តកំពតចេញទៅនេសាទធម្មតា ដើម្បីប្រមូលផលគ្រឿងសមុទ្រធម្មជាតិស្រស់ៗ មកបំពេញតម្រូវការជូនប្រជាពលរដ្ឋ និងភ្ញៀវទេសចរដែលមកលេងខេត្តកំពត។ ខណៈដែលអាជីវករលក់គ្រឿងសមុទ្របញ្ជាក់ថា ទោះថ្ងៃបុណ្យទានណាក៏ដោយ គ្រឿងសមុទ្រមិនដំឡើងថ្លៃនោះទេ ក្នុងករណីគ្រឿងសមុទ្រមានតិច គេអាចឡើងថ្លៃបន្តិចបន្តួច ដើម្បីឲ្យរួចថ្លៃប្រេងរបស់អ្នកនេសាទតែប៉ុណ្ណោះ។

តំណាងប្រជានេសាទនៅភូមិដូនតោក សង្កាត់ត្រើយកោះ ក្រុងកំពត បានលើកឡើងនៅព្រឹកថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៥នេះថា នៅក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជនជាតិចិន-វៀតណាម អ្នកភូមិគាត់នៅតែចេញទៅនេសាទជាធម្មតា មិនឈប់សម្រាកទេ។ ផលនេសាទមិនទៀងទាត់ទេ ថ្ងៃខ្លះអាកាសធាតុល្អ រកគ្រឿងសមុទ្របានច្រើន ថ្ងៃខ្លះក៏រកមិនសូវបាន ប៉ុន្តែជាទូទៅក្នុងមួយថ្ងៃ កូនដៃទូក(អ្នកស៊ីឈ្នួលនេសាទឲ្យគេ)អាចរកចំណូលបាន ៤ទៅ៥ម៉ឺនរៀល (ក្រោយផាត់ថ្លៃចំណាយផ្សេងៗរួច)។

ចំណែកអាជីវករលក់ដូរគ្រឿងសមុទ្រនៅផែនេសាទកំពង់កណ្តាល និងផ្សារសាមគ្គីទីរួមខេត្តកំពត បានបញ្ជាក់ថា ខេត្តកំពតថ្មីត្បិតតែរយៈពេលចុងក្រោយនេះ មានភ្ញៀវទេសចរមកលេងច្រើន ធ្វើឲ្យតម្រូវការគ្រឿងសមុទ្រកើនឡើង ប៉ុន្តែអាជីវករមិនបានដំឡើងថ្លៃនោះទេ  ក្នុងករណីអ្នកនេសាទរកគ្រឿងសមុទ្របានតិច នោះទើបតម្លៃគ្រឿងសមុទ្រអាចឡើងថ្លៃបន្តិចបន្តួច ដើម្បីឲ្យរួចថ្លៃប្រេងរបស់អ្នកនេសាទ(អ្នកនេសាទបានខ្លះ អ្នកលក់បានខ្លះ អ្នកទិញបានរបស់ធម្មជាតិទទួលទាន)។

សូមបញ្ជាក់ខេត្តកំពត ដោយមានការយកចិត្តទុកដាក់ និងការណែនាំ ពីឯកឧត្តមអភិបាលខេត្ត មន្ត្រីជំនាញ និងអាជ្ញាធរក្រុងស្រុក តែងតែបានចុះទៅណែនាំដល់អាជីវករ អ្នកផ្តល់សេវាទេសចរណ៍ផ្សេងៗទូទាំងខេត្ត មិនឲ្យមានការដំឡើងថ្លៃនោះទេ ពិសេសនៅថ្ងៃបុណ្យទានផ្សេងៗ។ កត្តានេះជាចំណុចលេចធ្លោមួយ ដែលធ្វើឲ្យខេត្តកំពតកាន់តែមានប្រជាប្រិយភាព និងទាក់ទាញទេសចរមកលេងកាន់តែច្រើន៕ សេង ណារិទ្ធ