ខេត្តកំពត: ប្រតិបត្តិករទេសចរណ៍ ពិសេសអ្នកផ្តល់សេវាស្នាក់នៅបានបញ្ជាក់ថា កន្លែងរបស់ខ្លួនទទួលបានការកក់បន្ទប់ជាបន្តបន្ទាប់ នៅក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជនជាតិចិន-វៀតណាមរយ:ពេល៣ថ្ងៃ ខណៈដែលមន្ត្រីជំនាញរំពឹងថាភ្ញៀវនឹងមកលេងខេត្តកំពតច្រើន។
បុគ្គលិកម៉ូលីរីស៊ត មានទីតាំងក្នុងភូមិអូរតូច សង្កាត់អណ្តូងខ្មែរ ក្រុងកំពត បានឱ្យដឹងកាលពីល្ងាចថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៥ថា ដោយសារពលរដ្ឋកម្ពុជា មានសិទ្ធិពេញលេញផ្នែកជំនឿសាសនា ម្យ៉ាងពលរដ្ឋជាច្រើនជាប់សែស្រឡាយជនជាតិចិនផងនោះ ម៉ូលីរីស៊តបានរៀបចំតុបតែងលម្អ ដើម្បីអបអរសាទរ និងទទួលភ្ញៀវមកលេងកម្សាន្ត ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីចិន-វៀតណាម។
បុគ្គលិកដដែលនោះបានបញ្ជាក់ថា តម្លៃបន្ទប់មិនឡើងថ្លៃទេ ផ្ទុយទៅវិញនៅក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជនជាតិចិន- វៀតណាម ម៉ូលីរីសតមានការបញ្ចុះតម្លៃ ៣០% ហើយ មកដល់ពេលនេះ រីស៊តរបស់លោកបានទទួលការកក់បណ្តើរៗហើយ។
ចំណែកបុគ្គលិករមណីយដ្ឋានដូងទេរបានរៀបរាប់ថា ដើម្បីឆ្លើយតបនឹងតម្រូវការភ្ញៀវ ពិសេសបងប្អូនជាប់សែស្រឡាយជនជាតិចិន ដែលនឹងមកលេងក្នុងខេត្តកំពតនាឱកាសបុណ្យចូលឆ្នាំថ្មីនេះ។ រមណីយដ្ឋានដូងទេរបានរៀបចំលម្អកន្លែងតាមលក្ខណ:ប្រពៃណីជនជាតិចិន និងមានបង្កើតកម្មវិធីកម្សាន្តសប្បាយៗជាច្រើន ព្រមទាំងបានរៀបចំពង្រីកទីតាំងរបស់ខ្លួនឲ្យកាន់តែធំទូលាយ និងមានសេវាកម្មកម្សាន្តច្រើនជាងមុន។
លោក សយ ស៊ីណុល ប្រធានមន្ទីរទេសចរណ៍ខេត្តកំពតបានមានប្រសាសន៍ថា ដោយមានការយកចិត្តទុកដាក់ពីឯកឧត្តមអភិបាលខេត្តក្នុងការលើកកម្ពស់វិស័យទេសចរណ៍តាមរយៈកិច្ចអភិវឌ្ឍ និងជំរុញលើកទឹកចិត្តឱ្យបង្កើតកម្មវិធីកម្សាន្តសប្បាយផ្សេងៗបានធ្វើឱ្យខេត្តកំពតកាន់តែមានប្រជាប្រិយភាព។ លោករំពឹងថា ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជនជាតិចិន-វៀតណាមនេះ ភ្ញៀវនឹងមកលេងខេត្តកំពតកាន់តែច្រើន៕ សេង ណារិទ្ធ




































