អ្នករាយការណ៍ព័ត៌មានបម្រែបម្រួលអាកាសធាតុ និងបរិស្ថាន គម្បីពង្រឹងសមត្ថភាពរបស់ខ្លួនបន្ថែមទៀតទៅតាមភាពជាក់ស្តែង តាមការសិក្សាក្តី តាមរយៈការស្រាវជ្រាវពីប្រភពព័ត៌មានផ្សេងៗក្តី ដើម្បីទទួលបានព័ត៌មានគ្រប់ជ្រោយផ្តល់ទៅឱ្យប្រជាពលរដ្ឋ។
នៅក្នុងសិក្ខាសាលាពិគ្រោះយោបល់ ស្តីពីការពង្រឹងគោលជំហរផលិតមាតិកាព័ត៌មាន ដែលផ្តោតលើដំណោះស្រាយ ស្តីពីការប្រែប្រួលអាកាសធាតុ នៅក្នុងបន្ទប់ព័ត៌មានក្នុងប្រទេសកម្ពុជា ដែលរៀបចំទ្បើងដោយរៀបចំទ្បើងដោយមជ្ឈមណ្ឌលកម្ពុជា ដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ ហៅកាត់ថា (CCIM) លោក សៅ ផលនិស្ស័យ និពន្ធនាយកសារព័ត៌មានភាសារបរទេសកម្ពុជា នៃស្ថាប័នសារព័ត៌មានថ្មីៗមានប្រសាសន៍ថា អ្នកសារព័ត៌មានបម្រែបម្រួលអាកាសធាតុ និងបរិស្ថាន ដើម្បីផ្សាយព័ត៌មាន ដែលមានភាពច្បាស់លាស់នឹងត្រឹមត្រូវ ត្រូវសិក្សាឱ្យបានច្រើនបន្ថែមទៀត តាមរយៈសិក្ខាសាលាក្តី វគ្គណ្តុះបណ្តាលនានាក្តី ឬតាមរយៈអ្នកជំនាញ និងស្រាវជ្រាវពីប្រភពព័ត៌មានជាតិ អន្តរជាតិជាដើម ដើម្បីទទួលបានចំណេះដឹងទូរលំទូរលាយ ផ្សព្វផ្សាយដល់ប្រជាពលរដ្ឋបានយល់ដឹងផងដែរ។
លោកស្រី អេង ស្រីទៀង និពន្ធនាយកសារព័ត៌មានដំរីមានប្រសាសន៍ថា ការសិក្សាមានពេញមួយជីវិត រៀនកាន់តែច្រើនចំណេះដឹងក៏កាន់តែកើនដែរ។ អ្នកស្រីគាំទ្រឱ្យមានការសិក្សាបន្ថែម មិនថាទ្បើយ ចំណេះដឹងបម្រែបម្រួលអាកាសធាតុ និងបរិស្ថានមួយនេះទេ៕




































