កម្លាំងនគរបាលព្រហ្មទណ្ឌខេត្តឃាត់បានយុវជនម្នាក់បានធ្វើសកម្មភាពវាយទៅលើស្ត្រីជាជនអនាថា ( អ្នកសុំទានសរសៃខ្ចី ) និងជេរប្រមាថ

0
Oplus_131072

សៀមរាប: ក្រោមកិច្ចសហការដ៏ល្អ រវាងកម្លាំងផែនការងារនគរបាលព្រហ្មទណ្ឌ នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប ជាមួយកម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ និងក្រោមការយកចិត្តទុកដាក់ជាប្រចាំពី សំណាក់លោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការនគរបាលខេត្តសៀមរាប ចំពោះបងប្អូនប្រជាពលរដ្ឋក្នុងខេត្តសៀមរាប ទាំងមូល អំពីបញ្ហាសន្តិសុខ សុវត្ថិភាព និងមានកិច្ចសម្របសម្រួលនីតិវិធីពីឯកឧត្តម មាស ច័ន្ទពិសិដ្ឋ ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តសៀមរាប ។
នៅថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៥ មានគណនីហ្វេសប៊ុកឈ្មោះ Ro Bito បានបង្ហោះឃ្លីបវីដេអូខ្លីមួយ មានរយះពេល ២៤វិនាទី ដោយភ្ជាប់រូបភាពមានប្រើអំពើហិង្សាដោយចេតនា ( វាយអ្នកសុំទានសរសៃខ្ចី ) ប្រព្រឹត្តនៅត្រង់ចំណុច មុខម៉ាត 7 ELEVEN ស្ថិតក្នុងភូមិស្ទឹងថ្មី សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ខេត្តសៀមរាប កាលពីវេលាម៉ោង ១ និង ៤៥នាទីរំលងអធ្រាត្រ (ម៉ោងកាំមេរ៉ាសុវត្ថិភាព) ឈានចូលថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៥ បង្កឡើងដោយជនសង្ស័យម្នាក់មិនស្គាល់អត្តសញ្ញាណ បានធ្វើសកម្មភាពវាយទៅលើស្ត្រីជាជនអនាថា និងបានជេរប្រមាថផងដែរ ក្រោយពីធ្វើសកម្មភាពរួចជនសង្ស័យ ក៏បានគេចខ្លួនបាត់ ចំណែកជនរងគ្រោះជាស្រ្តីជនអនាថា ក៏បានបាត់ខ្លួនមិនដឹងនៅទីណានោះទេ ។
បន្ទាប់ពីទទួលបានព័ត៌មានតាមរយះគណនីហ្វេសប៊ុកឈ្មោះ Ro Bito បានបង្ហោះឃ្លីបវីដេអូខ្លីករណីខាងលើនេះភ្លាម លោកឧត្តមសេនីយ៍ទោ ស្នងការ នគរបាលខេត្តសៀមរាប បានដាក់បទបញ្ជាដ៏ម៉ឺងម៉ាត់ ចាត់ឲ្យកម្លាំងផែនការងារនគរបាលព្រហ្មទណ្ឌ នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប សហការជាកម្លាំងផែនការងារនគរបាលយុត្តិធម៌ នៃអធិការដ្ឋាននគរបាលក្រុងសៀមរាប ចុះធ្វើការស្រាវជ្រាវជុំវិញករណីនេះ រហូតកំណត់អត្តសញ្ញាណជនសង្ស័យបាន មានទីលំនៅបច្ចុប្បន្នរស់នៅរាជធានីភ្នំពេញ។ បន្ទាប់មកនៅថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៥ កម្លាំងផែនការងារនគរបាលព្រហ្មទណ្ឌ នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប បានស្នើសុំកម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ដើម្បីសហការជាមួយ ធ្វើការស្រាវជ្រាវរហូតដល់នាំខ្លួនជនសង្ស័យឈ្មោះ ឡេ ថារ៉ូ ភេទប្រុស អាយុ២៣ឆ្នាំ (ជាម្ចាស់គណនីហ្វេសប៊ុកឈ្មោះ Ro BiTo ) យកមកធ្វើការសាកសួរ ជុំវិញករណីរឿងហេតុខាងលើ ។
យោងតាមចម្លើយសារភាពរបស់ជនសង្ស័យឈ្មោះ ឡេ ថារ៉ូ ភេទប្រុស អាយុ២៣ឆ្នាំ (ជាម្ចាស់គណនីហ្វេសប៊ុកឈ្មោះ Ro BiTo )  មានស្រុកកំណើត និងទីលំនៅបច្ចុប្បន្ននៅសង្កាត់ចោមចៅទី២ ខ័ណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ បានឆ្លើយសារភាពថា រូបខ្លួនពិតជាបានធ្វើសកម្មភាពវាយទៅលើស្ត្រីជាជនអនាថា និងបានជេរប្រមាថពិតប្រាកដមែន។

Oplus_131072
Oplus_131072

ដោយនៅវេលាម៉ោង ១ និង ៤៥នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី ១៩ ខែមេសា ឆ្នាំ២០២៥ រូបខ្លួនបានទៅអង្គុយហូបហ្វឺ នៅជាប់នឹងម៉ាត 7 ELEVEN ជិតpub street ក្នុងក្រុងសៀមរាប ពេលនោះរូបខ្លួនបានឃើញស្រ្តីអ្នកសុំទានម្នាក់ និងមានកូនតូច កំពុងអង្គុយមុខម៉ាត 7 ELEVEN ដើម្បីសុំប្រាក់ពីភ្ញៀវ ភ្លាមនោះរូបខ្លួនបានដើរទៅនិយាយណែនាំ និងឲ្យស្ត្រីសុំទានរូបនោះចេញពីមុខម៉ាត ប៉ុន្តែស្រ្តីសុំទានរូបនោះមិនព្រមស្តាប់ រូបខ្លួនខឹងក៏បានយកទូរសព្ទដៃរបស់ខ្លួន ថតវីដេអូ និងបានធ្វើសកម្មភាព វាយទៅលើស្ត្រីសុំទានរូបនោះ ចំនួន០២ដៃ ចំថ្ពាល់ខាងឆ្វេង និងបានជេរប្រមាថទៅលើស្រ្តីសុំទានថែមទៀតផង បន្ទាប់មកស្រ្តីសុំទានរូបនោះបានគេចចេញបាត់ រូបខ្លួនក៏បានយកវីដេអូសកម្មភាពខាងលើ មកបង្ហោះក្នុងគណនីហ្វេសប៊ុកផ្ទាល់ខ្លួនឈ្មោះ Ro BiTo តែម្តង ។
សមត្ថកិច្ចយើងខ្ញុំសូមធ្វើការអំពាវនាវស្វែងរកស្ត្រីជាជនរងគ្រោះ ដើម្បីអញ្ជើញមកដាក់ពាក្យបណ្តឹងផងដែរ បច្ចុប្បន្នជនសង្ស័យខាងលើ ត្រូវបានកម្លាំងផែនការងារនគរបាលព្រហ្មទណ្ឌ នៃស្នងដ្ឋាននគរបាលខេត្តសៀមរាប កំពុងកសាងសំណុំរឿងបញ្ជូនទៅអយ្យការចំណាត់ការតាមនីតិវិធីច្បាប់ ៕

Oplus_131072