សៀមរាប: រដ្ឋបាលខេត្តសៀមរាប បានសហការជាមួយក្រុមហ៊ុនវីតាល់ និងមជ្ឈមណ្ឌលជាតិផ្តល់ឈាម បានបើកយុទ្ធនាការ បរិច្ចាគឈាម សង្រ្គោះជីវិតមនុស្ស និង បានអញ្ជើញសាធារណជនទាំងអស់ដែលនៅមានវត្តមានលើទឹកដីសៀមរាបផ្ទាល់ចូលរួមបរិច្ចាគឈាមស្ម័គ្រចិត្ត ដើម្បីសង្គ្រោះអាយុជីវិតបងប្អូន ដែលត្រូវការជំនួយចាំបាច់ និងជាចំណែកនៃអំពើមនុស្សធម៌យ៉ាងប្រពៃថ្លៃថ្លា បានប្រព្រឹត្តទៅនៅទីតាំងផ្សារទំនេីប ហេរីថេកវ៉ក ក្រុងសៀមរាប ខេត្តសៀមរាប ក្រោមវត្តមានរបស់លោក នាក់ ណេរ៉ុន អភិបាលរងខេត្ត តំណាងឯកឧត្តម ប្រាក់ សោភ័ណ អភិបាលនៃគណៈអភិបាលខេត្ត និង លោកស្រី ដឹង សុគន្ធារី នាយិការប្រតិបត្តិក្រុមហ៊ុន វ៉នហ្វ្រេតធើនីធី ( វីតាល់) ។
បន្ទាប់ពីចំណាប់អារម្មណ៍របស់លោកស្រី ដឹង សុគន្ធារី នាយិការប្រតិបត្តិក្រុមហ៊ុន វ៉នហ្វ្រេតធើនីធី ( វីតាល់) បាន លើកឡើងថា ការផ្សព្វផ្សាយពីអត្ថប្រយោជន៍នៃការបរិច្ចាគឈាមដោយស្ម័គ្រចិត្ត និងការពង្រីកវិសាលភាពយុទ្ធនាការបរិច្ចាគឈាមនៅតាមខេត្តនានា នៅព្រឹកថ្ងៃទី ២៤ ខែ មេសា ឆ្នាំ២០២៥។ ជាក់ស្តែងថ្ងៃនេះ ជាថ្ងៃចាប់ផ្តើមដំបូងនៃយុទ្ធនាការបរិច្ចាគឈាមនៅតាមបណ្តាខេត្ត គឺនៅលើទឹកដីអង្គរនៃខេត្តសៀមរាប។
លោក នាក់ ណេរ៉ុន អភិបាលរងខេត្ត បានលើកឡើងថា ការបរិច្ចាគឈាម គឺជាការបង្ហាញពីទឹកចិត្តការស្រឡាញ់ ការជួយសង្គ្រោះអាយុជីវិតទៅកាន់អ្នកជម្ងឺដែលត្រូវការឈាមជាចាំបាច់។ អ្នកផ្តល់ឈាមទាំងអស់ គឺជាវីរៈបុរស ហើយការផ្តល់ឈាម គឺជាការធ្វើអំពើល្អ ផ្តល់នូវទឹកចិត្តក្តីមេត្តា ហើយចងចាំថាការបរិច្ចាគឈាមមិនប៉ះពាល់ដល់សុខភាពទេ ហើយឈាមមានប្រភពតែមួយគត់ ពីមនុស្ស មិនមានរោងចក្រណាអាចផលិតបានទេ ។ តាមរយៈយុទ្ធនាការនេះ បានបង្ហាញឲ្យឃើញនូវការសហការគ្នា សាមគ្គីភាព ជាធ្លុងមួយរបស់រដ្ឋបាលខេត្ត ក្រុមហ៊ុនវីតាល់ និង មន្ត្រីសុខាភិបាល ដើម្បីជាផ្នែកមួយក្នុងការពង្រឹងវិស័យសុខាភិបាល នៅព្រះរាជាណាចក្រកម្ពុជា ដែលជាប្រធានបទមួយសម្រាប់យើងទាំងអស់គ្នា និង មានគោលបំណងសំខាន់ គឺបង្កើតទម្លាប់ និងវប្បធម៌នៃការបរិច្ចាគឈាមដោយស្ម័គ្រចិត្ត ក្នុងការជម្រុញលើកកម្ពស់ ឲ្យយុវជនប្រជាពលរដ្ឋទូទៅ ចូលរួមធ្វើសកម្មភាពជាមួយការផ្តល់ឈាម ដើម្បីធានាឲ្យមានការផ្តត់ផ្គង់ឈាមគ្រប់គ្រាន់ សម្រាប់អ្នកជម្ងឺដែលកំពុងត្រូវការឈាមនៅតាមមន្ទីរពេទ្យ ។ លោកអភិបាលរងខេត្ត បានណែនាំដល់ថ្នាក់ដឹកនាំ មន្រ្តីរាជការ និង មន្ត្រីសុខាភិបាលទាំងអស់ ត្រូវខិតខំក្នុងការបម្រើសេវាជូនប្រជាពលរដ្ឋ ដោយស្មារតីទឹកចិត្តសណ្តុះអាណិតស្រឡាញ់ មេត្តាករុណា និងផ្តល់ភាពកក់ក្តៅ ។ លោកក៏បានថ្លែងនូវការកោតសរសើរ ចំពោះការយកចិត្តទុកដាក់ និង កិច្ចខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំ មន្ត្រីរាជការ បុគ្គលិកនៃមន្ទីរពេទ្យ និង មជ្ឈមណ្ឌលជាតិផ្តល់ឈាម ដែលបានសហការរៀបចំពិធីនេះឡើង និង សប្បុរសជនស្ម័គ្រចិត្តបរិច្ចាគឈាមទាំងអស់ ដែលបានផ្តល់ឈាម កំពុងផ្តល់ឈាម និងបន្តផ្តល់ឈាមដោយទៀងទាត់ជារៀងរាល់ឆ្នាំដើម្បីជួយជីវិតមនុស្ស ទៅតាមមន្ទីរពេទ្យក្នុងខេត្តសៀមរាប ។
តាមការបញ្ជាក់របស់លោកវេជ្ជបណ្ឌិត សុខ ប៉ូ ប្រធានមជ្ឈមណ្ឌលជាតិផ្តល់ឈាម បញ្ជាក់ថា យុទ្ធនាការថ្ងៃនេះ គឺជាប្រធានបទដ៏មានអត្ថន័យសម្រាប់យើងទាំងអស់គ្នា និងមានគោលបំណងសំខាន់២ ទី១៖ បង្កើតទម្លាប់ និងវប្បធម៌នៃការបរិច្ចាគឈាមដោយស្ម័គ្រចិត្ត ដើម្បីជម្រុញការលើកកម្ពស់ឲ្យយុវជន និងប្រជាជនទូទៅ ចូលរួមធ្វើសកម្មភាពជាមួយ សេវាកម្មជាតិផ្តល់ឈាមនៅទូទាំងប្រទេស ដើម្បីធានាឱ្យ មានការផ្គត់ផ្គង់ឈាមគ្រប់គ្រាន់ សម្រាប់អ្នកជំងឺដែលកំពុងត្រូវការឈាម នៅគ្រប់មន្ទីរពេទ្យទាំងអស់ ដោយគ្មានការរើសអើង មិនប្រកាន់ជាតិសាសន៍ សាសនា ឬនិន្នាការនយោបាយ។ និងទី២៖ ផ្សារភ្ជាប់សកម្មភាពនៃការបរិច្ចាគឈាមដោយស្ម័គ្រចិត្ត ទៅនឹងសកម្មភាពមនុស្សធម៌ដ៏ល្អប្រពៃក្នុងសង្គម ។ លោកវេជ្ជ បណ្ឌិតបានបញ្ជាក់ថា ការបរិច្ចាគឈាមមិនប៉ះពាល់ដល់សុខភាពទេ ហើយឈាមមាន ប្រភពតែមួយគត់ គឺពីមនុស្ស មិនមានរោងចក្រណាអាចផលិតបានទេ ។ ការបរិច្ចាគឈាម មិនត្រឹមតែមិនប៉ះពាល់ដល់សុខភាពប៉ុណ្ណោះទេ ថែមទាំងមានអត្ថប្រយោជន៍៣សំខាន់ ។ លោកបានបន្តថា នៅដើមឆ្នាំ២០២៥ មានអ្នកស្ម័គ្រចិត្តចំនួន១ពាន់៣០៦នាក់ហើយ បានចូលរួមបរិច្ចាគឈាមដោយស្ម័គ្រចិត្ត ហើយនេះជាកម្មវិធីលើកទី៣ សម្រាប់ក្នុងឆ្នាំ២០២៥នេះ ដែលក្រុមហ៊ុនទឹកពិសារ វីតាល់ បានរៀបចំយុទ្ធនាការបរិច្ចាគដោយស្ម័គ្រចិត្ត ក្នុងនោះកម្មវិធីលើកទី១ ថ្ងៃទី១៤ ខែកុម្ភៈ ក្រោមប្រធានបទ«ផ្តល់ឈាម ផ្តល់ក្តីស្រឡាញ់» រៀបចំឡើងនៅមជ្ឈមណ្ឌលជាតិផ្តល់ឈាម លើកទី២ ថ្ងៃទី២១ ខែមីនា រៀបចំឡើងនៅមន្ទីរពេទ្យកាល់ម៉ែត្រ និងលើកទី៣ ថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៥នៅខេត្តសៀមរាប ។ ក្នុងយុទ្ធនាការ បរិច្ចាគឈាម សង្រ្គោះជីវិតមនុស្ស នៅខេត្តសៀមរាបនាពេលនេះ មានអ្នកចូលរួមបរិច្ចាគឈាមដោយស្ម័គ្រ ចំនួន១២៨នាក់ ទទួលបានឈាមចំនួន១២៨ប្លោក គឹតត្រឹមម៉ោង១២.០០នេះ៕