បាត់ដំបង: ក្រុមក្មេងទំនើងចំនួន3នាក់ត្រូវបានសមត្ថកិច្ចនៃអធិការនគរបាលក្រុងបាត់ដំបងដេញក្របួចបានចំនួនពីរនាក់កាលពីវេលាម៉ោង 10-20 នាទី យប់ថ្ងៃទី 6-11-14 ត្រង់ចំនុចព្រៃកូនខ្លា ក្នុងសង្កាត់អូរម៉ាល់ ក្រុងបាត់ដំបងបន្ទាប់ពីក្រុមនេះបានប្រើប្រាស់ដាវសាំម៉ូរ៉ៃចំនួនពីរដើមជិះម៉ូតូដេញ
កាប់ទីលើជនរងគ្រោះនៅចំនុចភូមិអូរតាគាំ1 សង្កាត់ទួលតាឯករួចមក.តាមការអះអាងពីលោក ស៊ន កុសល នាយផ្នែកព្រហ្មទណ្ឌបានអោយដឹងថា នៅមុនពេលកើតហេតុមានក្រុមក្មេងចំនួន3នាក់ដែលបានប្រើប្រាស់ម៉ូតូម៉ាកDream ព៌ណខ្មៅស៊ែរីឆ្នាំ 2014ពាក់ស្លាកលេខបាត់ដំបង 1Q 6228 បានដកដាវសាំម៉ូរ៉ៃចំនួនពីរដើមដោយពួកគេបានបើកដេញម៉ូតូមួយគ្រឿងទៀតម៉ាក Icon ព៌ណសខៀវពាក់ស្លាកលេខ ពោធិសាត់ 1E 1020 ដែលកំពុងជិះគ្នា3នាក់ដូចគ្នា
ក្នុងទិសដៅពីចំនុចពេទ្យព2 ទៅភូមិអូរតាគាំ1 ។លោកនាយផ្នែកបានបន្តទៀតថា លុះទៅដល់ចំនុចកើតហេតុជនរងគ្រោះក៏បានដួលម៉ូតូដោយឃើញសភាពការដូចជាមិនស្រួលក៏បានរត់យករួចខ្លួនតែម្តងចំណែកម៉ូតូដែលនៅទីនោះត្រូវក្រុមក្មេងបង្កកាប់ចិញ្ច្រាំខ្ទេចខ្ទីអស់ជាច្រើនកន្លែង. ។ ភ្លាមៗសមត្ថកិច្ចនៃអធីការនគរបាលក្រុងបាត់ដំបងបានចេញប្រតិបត្តិការតាមប្រមាញ់ក្រុមនេះរហូតធ្វើការឃាត់ខ្លួនបានចំនួនពីរនាក់នាំមកកាន់អធិការដ្ឋានដើម្បីធ្វើការសាកសួរ. ។
ទន្ទឹមនឹងមានការដាក់ពាក្យបណ្តឹងរបស់ជនរងគ្រោះឈ្មោះថា វុទ្ធី ផងនោះជនសង្ស័យដែលមានឈ្មោះ អឿម ចាន់រស្មី ភេទប្រុស អាយុ 18 ឆ្នាំរស់នៅភូមិទួលតាឯក សង្កាត់ទួលតាឯកនិងឈ្មោះ ជាន សុវណ្ណារ័ត្ន ភេទប្រុស អាយុ 18 ឆ្នាំរស់នៅភូមិអញ្ចាញ សង្កាត់អូរចារ បានសារភាពថាបក្សពួករបស់គេម្នាក់ទៀតដែលបានរត់រួចមានឈ្មោះ តេះ ភេទប្រុស អាយុ 18 ឆ្នាំមានទីលំនៅមិនពិតប្រាកដ ចំណែកការដេញកាប់នេះដោយសារតែពួកគេបានតាមរកមុខសញ្ញាដែលធ្លាប់ទំនាស់គ្នាពីលើកមុនហើយជិះ Icon សខៀវដូចគ្នាប៉ុន្តែក្រោយពេលកាប់រួចទើបដឹងថាជាការភ័ន្តច្រឡំសោះ. ។
ពាក់ព័ន្ធនឹងបញ្ហានេះបើជនរងគ្រោះរត់មិនទាន់ទេនោះវាគឺជាករណីប៉ុនប៉ងមនុស្សឃាតដោយចេតនាហើយ ប៉ុន្តែពេលដែលមនុស្សរត់រួចពួកគេបានកាប់ទៅលើម៉ូតូវិញដូច្នេះវាបានប្រែក្លាយទៅជាបទធ្វើអោយខូចខាតដោយចេតនាវិញ ដោយបច្ចុប្បន្នសមត្ថកិច្ចកំពុងរៀបចំសំណុំរឿងដើម្បីបញ្ជូនខ្លួនជនទាំងពីរនាក់ព្រមទាំងដាវសាំម៉ូរ៉ៃចំនួនពីរដើមផងនោះទៅកាន់សាលាដំបូងខេត្តហើយដើម្បីចាត់ការទៅតាមផ្លូវច្បាប់. ៕