សៀមរាប: ព្រះចៅអធិរាជជប៉ុនមានព្រះជន្ម៦៥ព្រះវស្សានៅថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៥ ស្ថានឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា និងការិយាល័យកុងស៊ូលជប៉ុនប្រចាំខេត្តសៀមរាប ដោយមានការសហការពីរដ្ឋបាលខេត្តសៀមរាប បានរៀបចំពិធីជប់លៀងអបអរសាទរពិធីបុណ្យចម្រើនព្រះជន្មាយុគម្រប់៦៤យាងចូល៦៥ព្រះវស្សារបស់ព្រះចៅ ណារូ ហ៊ីតុ ព្រះចៅអធិរាជនៃប្រទេសជប៉ុននៅសណ្ឋាគារសុខាខេត្តសៀមរាបនារាត្រីថ្ងៃទី២៨ ខែកុម្ភៈឆ្នាំ២០២៥ ។
ឯកឧត្ដម អ៊ូអ៊ីណុ អាត់ហ្ស៊ឹស៊ី ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពជប៉ុនប្រចាំព្រះរាជាណាចក្រកម្ពុជា បានបង្ហាញសេចក្ដីសោមនស្សរីករាយចំពោះភាពចម្រើនថ្មីៗក្នុងទំនាក់ទំនងទ្វេភាគីជប៉ុន-កម្ពុជា មានការកើនឡើងជាបន្តបន្ទាប់ ។ ទន្ទឹមនឹងនេះទំនាក់ទំនងសេដ្ឋកិច្ច ក៍ត្រូវបានពង្រីកជាលំដាប់ផងដែរ។ជាក់ស្តែង កាលពីឆ្នាំមុនមានព្រឹត្តិការណ៍ធំៗ២គឺ ការសម្ពោធរោងចក្រផ្គុំ និងតម្លើងរថយន្តរបស់ក្រុមហ៊ុនតូយ៉ូតា និងការបើកការដ្ឋានសាងសង់រោងចក្រទីពីររបស់ក្រុមហ៊ុន Minebea-Mitsumi នៅក្នុងខេត្តពោធិ៍សាត់។ ឯកឧត្តម ឯកអគ្គរាជទូត មានប្រសាសន៍ថា៖នៅខេត្តសៀមរាបចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរក៏កាន់តែរីកចម្រើនផងដែរ ដោយមានការចុះអនុសារណៈយោគយល់ជាមួយទីក្រុង Takamatsu នៃខេត្ត Kagawa ស្តីពីកិច្ចសហប្រតិបត្តិការទីក្រុងឆ្លាតវៃ កាលពីខែកុម្ភៈ ឆ្នាំមុន និងដំណើរទស្សនកិច្ចរបស់គណៈប្រតិភូមកពីក្រុង Kota នៃខេត្ត Aichi ដែលជាដៃគូ មិត្តភាពរបស់ខេត្តសៀមរាប កាលពី ខែមករាឆ្នាំនេះ ។ ឯកឧត្តមបន្ថែមថា៖ ឆ្នាំនេះ ជប៉ុននឹងធ្វើជាម្ចាស់ផ្ទះពិព័រណ៍ពិភពលោក២០២៥ “Expo 2025 (saka, Kansai” sietum usus “Designing a Future Society for Our Lifes” ហើយកម្ពុជានឹងមានទីតាំងពិព័រណ៍នៅពិព័រណ៍នេះដែរ ។ ឯកឧត្តម អ៊ូអ៊ីណុ អាត់ហ្ស៊ឹស៊ី បន្តថា៖សង្គ្រាមលោកលើកទីពីរបានបញ្ចប់អស់រយៈពេល៨០ឆ្នាំក្តី ប៉ុន្តែស្ថានការណ៍អន្តរជាតិ កំពុងមានការប្រែប្រួលយ៉ាងខ្លាំង ឆ្លើយតបទៅនឹងបញ្ហាទាំងនេះ ជប៉ុន និងកម្ពុជា ក្រោមភាពជាដៃគូ យុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ បានបង្កើតចំណងដ៏រឹងមាំ នឹងបន្តដោះ ស្រាយបញ្ហាដែលកំពុងប្រឈមក្នុងតំបន់ និងសហគមន៍អន្តរជាតិ ដោយបាននឹងកំពុងរួមចំណែកដើម្បីសន្តិភាព និងស្ថិរភាពក្នុងតំបន់ និងសហគមន៍អន្តរជាតិ ឈរលើគោលការណ៍គោរពច្បាប់អន្តរជាតិ និងសណ្ដាប់ធ្នាប់អន្តរជាតិដោយផ្អែកលើនីតិរដ្ឋ ជាពិសេស សហគមន៍អន្តរជាតិបានវាយតម្លៃខ្ពស់ដែលជប៉ុន និងកម្ពុជាបានរួមគ្នាបណ្តុះបណ្តលមន្ត្រីបោសសម្អាតមីនរបស់អ៊ុយក្រែន ព្រមទាំងនៅសៀមរាបនេះ។
ឯកឧត្តម ប្រាក់ សោភ័ណ អភិបាល នៃគណៈអភិបាលខេត្តសៀមរាប មានប្រសាសន៍ថា៖ពិតណាស់ទំនាក់ទំនងការទូតរវាងជប៉ុន និងកម្ពុជា មានរយៈពេលចូល ៧០ឆ្នាំហើយ ដែលបាននឹង កំពុងបង្កើតនូវកិច្ចសហប្រតិបត្តិការ ជាផ្លែផ្កាតាមរយៈសមិទ្ធផលជាច្រើន លើវិស័យសេដ្ឋកិច្ច និងសង្គមកិច្ច ក្នុងក្របខ័ណ្ឌទូទាំងប្រទេសកម្ពុជា ដោយក្នុងនោះ ខេត្តសៀមរាប ក៏ទទួលបានសមិទ្ធផល ជាច្រើនរួមមាន ការកសាងហេដ្ឋារចនាសម្ព័ន្ធផ្លូវជាតិលេខ៦ គម្រោងផ្គត់ផ្គង់ទឹកស្អាតខេត្តសៀមរាប អគារមណ្ឌលផ្ដល់ការវះកាត់នៅមន្ទីរពេទ្យបង្អែកខេត្ត ការជួសជុលថែទាំប្រាសាទ ការរៀបចំប្លង់មេសម្រាប់ក្រុងសៀមរាប គម្រោងទីក្រុងវៃឆ្លាត(Smart City) ក្នុងដំណាក់កាលទី១ និងឈានចូល ដំណាក់កាលទី២ ចាប់ពីឆ្នាំ២០២៥ ដល់ឆ្នាំ២០២៨ ព្រមទាំងការបើកការិយាល័យកុងស៊ុលជប៉ុន នៅខេត្តសៀមរាប តាំងពីឆ្នាំ២០១៨ ដោយទទួលបន្ទុកសម្រាប់ខេត្តចំនួន០៥ រួមមាន ខេត្តសៀមរាប ខេត្តបន្ទាយមានជ័យ ខេត្តឧត្តរមានជ័យ ខេត្តព្រះវិហារ និងខេត្តកំពង់ធំ ដើម្បីពង្រឹងកិច្ច សហការនៅមូលដ្ឋាន និងសេវាកម្មទិដ្ឋាការ យ៉ាងរហ័សងាយស្រួល សម្រាប់កិច្ចទំនាក់ទំនង ទេសចរណ៍ និងធុរកិច្ច នៃប្រជាជនកម្ពុជា-ជប៉ុន។ ឯកឧត្តម អភិបាលខេត្តបន្តថា៖រាជរដ្ឋាភិបាល និងប្រជាជននៃប្រទេសជប៉ុន ដែលតែងតែបានជួយឧបត្ថម្ភគាំទ្រគ្រប់បែបយ៉ាង ដល់រាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា តាមរយៈការអភិវឌ្ឍសេដ្ឋកិច្ច សង្គមកិច្ច រួមទាំងសន្តិភាព នៅកម្ពុជា ក៏ដូចជាការរួមចំណែកវឌ្ឍនភាព នៃខេត្តសៀមរាបយើងខ្ញុំ ប្រកបដោយផ្លែផ្កា កិច្ចសហប្រតិបត្តិការយ៉ាងសកម្ម និងស្និទស្នាលផងដែរ៕