អាជ្ញាធរខេត្តអំពាវនាវដល់ប្រជាពលរដ្ឋសម្អាតអនាម័យបរិស្ថាន នៅតាមដងផ្លូវ នៃលំនៅដ្ឋានរបស់ខ្លួន ក្នុងការចូលរួមលើកសោភណ្ឌភាពក្រុងប្រវត្តិសាស្ត្រ

0

សៀមរាប៖ រដ្ឋបាលខេត្តសៀមរាប សហការជាមួយមន្ទីរបរិស្ថានខេត្ត និង ការិយាល័យពន្លត់បង្កា អគ្គីភ័យ ស្នងការនគរបាលខេត្ត សំអាតអនាម័យបរិស្ថាន ក្រោយពីបញ្ចប់បុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ដើមី្បថែរក្សាសោភ័ណភាព និង បរិស្ថានក្នុងក្រុងសៀមរាប នៅព្រឹកថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៥ ក្រោមការដឹកនាំរបស់លោក នាក់ ណេរ៉ុន អភិបាលរងខេត្ត ។
លោក នាក់ ណេរ៉ុន បានមានប្រសាសន៍ថា យុទ្ឋនាការសម្អាតតាមដងផ្លូវសំខាន់ៗក្នុងក្រុងនេះ គឺដើម្បីលើកកម្ពស់សោភ័ណភាពក្រុងសៀមរាបឲ្យមានសម្រស់ស្រស់ស្អាត ទីក្រុងគ្មានសម្រាម ដើម្បីទាក់ទាញភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិ មកទស្សនាកម្សាន្តកាន់តែច្រើនបន្ថែមទៀត ។ លោកអភិបាលរងខេត្ត បានបន្តថា យុទ្ឋនាការសៀមរាបផ្ទះខ្ញុំ ក្រោមគំនិតផ្តួចផ្តើមរបស់ឯកឧត្តម ប្រាក់ សោភ័ណ អភិបាលនៃគណ:អភិបាលខេត្ត ដើម្បីបង្ហាញពីភាពស្រឡាញ់ បរិស្ថានស្អាត សមជាកូនចៅរបស់ដូនតាខ្មែរសម័យអង្គរ និង ពង្រីកនូវគំនិតស្រឡាញ់បរិស្ថាន ដែលជាអត្តសញ្ញារបស់សៀមរាបផ្ទះខ្ញុំ ឲ្យកាន់តែធំទូលាយទៅដល់មហាជនគ្រប់ស្រទាប់ ឲ្យចេះស្រឡាញ់បរិស្ថានគ្រប់ៗគ្នា ដោយចាប់ផ្តើមគ្មានសម្រាមរាយប៉ាយនៅមុខផ្ទះរៀងៗខ្លួន ។ លោក នាក់ ណេរ៉ុន ក៏បានបញ្ជាក់ថា រដ្ឋបាលខេត្ត និង ប្រជាពលរដ្ឋក្នុងខេត្តនេះ ក៏ដូចបងប្អូនពលរដ្ឋមកពីបណ្តាខេត្តនានា សូមបន្តចូលរួមសម្អាតអនាម័យបរិស្ថាននៅតាមទីសាធារណ: តាមដងផ្លូវ តាមទីប្រជុំជនក្នុងក្រុងប្រវត្តិសាស្ត្រមួយនេះ ក៏ដូចនៅតាមតំបន់រមណីយដ្ឋាននានា ឲ្យបានស្អាតល្អប្រសើរថែមទៀត ដើម្បីសោភ័ណភាពស្រស់ស្អាត និងសុខមាលភាពរបស់ប្រជាពលរដ្ឋ។ លោក បានបញ្ជាក់ដែរថា មានមតិមួយចំនួនយល់ឃើញអំពីសម្រាមថា ជារឿងសាមញ្ញ ការពិតបញ្ហាសម្រាម បញ្ហាបរិស្ថាន គឺមានសភាពស្មុគ្រស្មាញ ធើ្វមិនចេះអស់នោះឡើយ បើយើងមិនបានគិតគូរឲ្យបានត្រឹមត្រូវច្បាស់លាស់ទេ ។ លោក អភិបាលរងខេត្ត ក៏បានអំពាវនាវ និងសំណូមពរដល់ប្រជាពលរដ្ឋ ជាពិសេសសហគ្រាស គ្រឹះស្ថាន និងម្ចាស់អាជីវកម្មដ្ឋាននានា ដែលកំពុងប្រកបអាជីវកម្ម តាមបណ្តាដងផ្លូវសំខាន់ៗក្នុងក្រុង ដូចជា ភោជនីយដ្ឋាន សណ្ឋាគារ ផ្ទះសំណាក់ និង លំនៅដ្ឋានឯកជនក្តី សូមចូលរួមសម្អាតជាប្រចាំ ដោយការបោសសម្អាតនិងវេចខ្ចប់សំណល់សម្រាមដាក់ក្នុងធុងតាមគោលដៅ និង រួសរាន់បញ្ចេញសម្រាមទៅតាមម៉ោងកំណត់ ដែលអាជ្ញាធរក្រុង និង មន្ទីរបរិស្ថានបានរៀបចំពោលគឺក្នុងក្រុងត្រូវប្រមូលសម្រាមដាក់ក្នុងធុងនៅពេលយប់ ដើម្បីឲ្យភ្ញាក់ងារប្រមូលសម្រាមដឹកជញ្ជូន។ ក្នុងយុទ្ធនាការសម្អាតអនាម័យ បរិស្ថាននេះ បានធ្វើការសម្អាតតាមដងវិថីស៊ីវុត្ថា និង ផ្លូវមុខមន្ទីរពេទ្យបង្អែកខេត្ត និង ផ្លូវក្នុងតំបន់ផាប់ស្ទ្រីប ដោយប្រើប្រាស់រថយន្តពន្លត់អគ្គីភ័យ របស់ស្នងការនគរបាលខេត្ត ចំនួន០៤គ្រឿង ៕