សិក្ខាសាលាផ្សព្វផ្សាយស្ដីពី “អនាម័យ នៃម្ហូបអាហារសម្រាប់មនុស្ស”

0

កំពង់ធំ៖ ថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៥ ឯកឧត្តម ងួន រាសី អភិបាលរងខេត្តកំពង់ធំ អញ្ជើញជាអធិបតីភាព សិក្ខាសាលាផ្សព្វផ្សាយស្ដីពីអនាម័យនៃម្ហូបអាហារសម្រាប់មនុស្សក្នុងខេត្តកំពង់ធំ ដោយមានការចូលរួមពីសំណាក់ ប្រធានសាខាការពារអ្នកប្រើប្រាស់ និងកិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំខេត្តកំពង់ធំ លោក លោក ស្រីប្រធានមន្ទីរ អង្គភាពពាក់ព័ន្ធ និងម្ចាស់អាជីវកម្ម សិប្បកម្មជុំវិញខេត្ត នៅសាលប្រជុំមន្ទីរពាណិជ្ជកម្មខេត្តកំពង់ធំ។

ឯកឧត្តម ងួន រាសី ថ្លែងថា សិក្ខាសាលានេះមានគោលបំណង ពង្រឹងនូវគុណភាព ទំនិញឧបភោគ បរិភោគ និងសម្ភារៈប្រើប្រាស់ប្រចាំថ្ងៃ ដើម្បីជាការចូលរួមចំណែកអភិវឌ្ឍន៍សង្គមសេដ្ឋកិច្ចឲ្យកាន់តែមានវឌ្ឍនភាពប្រសើរឡើងជាលំដាប់។ ដូច្នេះអ្នកផលិតត្រូវតែគិតគូរដល់ស្តង់ដាគុណភាពស្របតាមតម្រូវការរបស់អ្នកប្រើប្រាស់ដែលមានការប្រែប្រួលឥតឈប់ឈរ ដើម្បីធានាបានគុណភាព សុវត្ថិភាពការ វេចខ្ចប់ប្រកបដោយអនាម័យ ការដាក់ស្លាកថ្លៃផលិតឱ្យបានត្រឹមត្រូវតាមបទដ្ឋានបច្ចេកទេសដែលអាចប្រកួតប្រជែងជាមួយនឹងផលិតផលដែលនាំចូល។

ឯកឧត្តម បញ្ជាក់បន្ថែមទៀតថា កិច្ចការនេះពិតជាត្រូវការពេលវេលា និងការខិតខំប្រឹងប្រែងយ៉ាងខ្លាំងពីសំណាក់ផលិតករ ពាណិជ្ជករ អ្វីដែលជាក្តាសំខាន់មិនអាចខ្វះបានទៀតនោះគឺធ្វើយ៉ាងណាឲ្យមានការចូលរួមគាំទ្រទិញផលិតផលខ្មែរពីបងប្អូនប្រជាជនយើង ដើម្បីជួយឱ្យផលិតករក្នុងស្រុកអាចមានលទ្ធភាពប្រកួតប្រជែង និងពង្រឹងការធ្វើទំនើបកម្មផលិតផលរបស់ខ្លួនជាទីមោទនៈ។

ក្នុងឱកាសនោះ ឯកឧត្តម បានលើកទឹកចិត្តដល់សិក្ខាកាមទាំងអស់ប្រើប្រាស់នូវសក្តានុពល នៃបញ្ញាញាណក្នុងសិក្ខាសាលានេះ ពិតជាមានសារៈសំខាន់ដល់សិប្បករនូវផលិតផលគ្រប់ប្រភេទក្នុងខេត្ត ព្រោះថានេះជាវេទិកានការជួបជុំរវាងអ្នកអនុវត្តច្បាប់ធុរកិច្ច ក្នុងការពិភាក្សាលើបញ្ហានានា ដែលពាក់ព័ន្ធទៅនឹងអនាម័យនៃម្ហូបអាហារសម្រាប់មនុស្ស ហើយក៏អាចផ្លាស់ប្ដូរចែករំលែក ដំណោះស្រាយបញ្ហានានា និងបន្តទំនាក់ទំនងគ្នាទៅវិញទៅមកប្រកបដោយស្និតស្នាលដើម្បីពង្រឹងសមត្ថភាពអ្នកផលិត និងអ្នកកែច្នៃផលិតផលក៏ដូចជាជំរុញការផលិតផលរបស់ខ្លួនចូលទាំងទីផ្សារក្នុងស្រុកនិងក្រៅប្រទេសផងដែរ៕

អត្ថបទដោយ: ថុង ពលរិទ្ធី ពិនិត្យដោយលោក ធូ កែវមុន្នី