(កំពង់ធំ)÷ ឯកឧត្តម អ៊ុន បុត្ត អភិបាលរង នៃគណៈអភិបាល ខេត្តកំពង់ធំ អមដំណើរដោយលោក ទី ថាវី អភិបាលរងស្រុកសណ្ដាន់ និងក្រុមការងារឃុំមានរិទ្ធ ប្រជាពលរដ្ឋ និងសិស្សានុសិស្ស ប្រមាណជាង២៥០នាក់ បានអញ្ជើញចូលរួមពិធីកាត់ខ្សែបូណ៌សម្ពោធដាក់ឱ្យប្រើប្រាស់សាលាមតេ្តយ្យសិក្សាសហគមន៍ ស្ថិតនៅភូមិសំអោង ឃុំមានរិទ្ឋ ស្រុកសណ្ដាន់ ខេត្តកំពង់ធំ នៅថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៥។
លោក ស្រី សៀក មេឃុំមានរិទ្ធ បានរាយការណ៍អំពីស្ថានភាពទូទៅ របស់សាលារៀនសំអោង ដែលមានអគារសិក្សាចំនួន១ខ្នងស្មើនឹង៦បន្ទប់ ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា មានគ្រូចំនួន០៤នាក់ ស្រី០៣នាក់ និងមានគ្រូកិច្ចសន្យា១នាក់ មានសិស្សសរុប១៣៤នាក់ ស្រី៥៩នាក់។ មានមតេយ្យសហគមន៍១ខ្នង គឺមតេយ្យសហគមន៍សំអោងដែលកំពុងសម្ពោធដាក់ឱ្យប្រើប្រាស់នៅពេលនេះ។ ស្ថិតិសិស្សកំពុងរៀនចំនួន២៩នាក់ ស្រី១៧នាក់ មានគ្រូ១នាក់ ជាគ្រូស្ម័គ្រចិត្តរបស់សហគមន៍ ។ សាលាមតេយ្យសហគមន៍នេះ នៅមានការខ្វះខាតដូចជា÷ ខ្វះតុសិស្ស ក្តាខៀន និងសម្ភារសិក្សារបស់សិស្សមួយចំនួនទៀត និងមិនមានខ្សែរភ្លើងចូលប្រើនោះទេ ។
ឯកឧត្តម អ៊ុន បុត្ត បានថ្លែងអំណរគុណដល់មាតាបិតា និងអាណាព្យាបាលសិស្ស ដែលបានបញ្ជូនកូនមកសិក្សារៀនសូត្រនៅសាលាបឋមសិក្សាសំអោងនេះ ព្រោះការសិក្សារៀនសូត្រធ្វើឱ្យសិស្សានុសិស្សមានចំណេះដឹង បំណិនជីវិត និងក្លាយជាកូនល្អ សិស្សល្អ មិត្តល្អ និងពលរដ្ឋល្អនៅក្នុងសង្គម ។ សាលារៀន គឺជាថ្នាលបណ្ដុះបណ្ដាលនៅធនធានមនុស្ស អប់រំសិស្សានុសិស្សឱ្យក្លាយទៅជាសិស្សមានសុជីវធម៌ល្អ ចេះគោរពចាស់ទុំ និងចេះអធ្យាស្រ័យឱ្យគ្នាទៅវិញទៅមក ។ សិស្សានុសិស្សទាំងអស់ ត្រូវតែយកចិត្តទុកដាក់ក្នុងការសិក្សារៀនសូត្រ ស្ដាប់គ្រូបង្រៀន ព្រោះគ្រូបង្រៀនជាឪពុកម្ដាយទី២ ដែលជួយចង្អុលបង្ហាញផ្លូវទៅថ្ងៃអនាគត ។
ឯកឧត្តម អ៊ុន បុត្ត អភិបាលរងខេត្តកំពង់ធំ បានផ្ដាំផ្ញើដល់ឪពុកម្ដាយ អាណាព្យាបាលសិស្សទាំងអស់សូមណែនាំដល់កូនចៅ ចៀសឱ្យឆ្ងាយពីគ្រឿងញៀន ព្រោះគ្រឿងញៀនបំផ្លាញខ្លួនឯង បំផ្លាញគ្រួសារ និងសង្គមជាតិទាំងមូល ។ រក្សាសុខភាពអនាម័យបីប្រការគឺ(ហូបស្អាត ផឹកស្អាត និងរស់នៅស្អាត) ព្រោះរដូវនេះជារដូវក្តៅបណ្ដាលឱ្យប៉ះពាល់ដល់សុខភាពមនុស្ស ។ សូមឱ្យអាជ្ញាធរមូលដ្ឋានចូលរួមផ្សព្វផ្សាយពីភូមិឃុំមានសុវត្ថិភាពនៅតាមមូលដ្ឋាន ចៀសវាងកុំឱ្យមានបញ្ហាកើតឡើងជាយថាហេតុ ។
សូមបញ្ជាក់ផងដែរថា សម្រាប់មត្តេយ្យសហគមន៍សំអោងនេះកើតឡើងចេញពីការដឹកនាំ និងការចង្អុលបង្ហាញពី ឯកឧត្តម ប្រធានផ្ទាល់ដែលជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានឃុំមានរិទ្ធ និងលោក នុប ឆាយ៉ា ប្រធានក្រុមការងារចុះភូមិសំអោង រួមទាំងក្រុមប្រឹក្សាឃុំ សប្បុរសជន អង្គការអប់រំសុខភាព និងបរិស្ថាន ហៅកាត់ថា (EAE) លោកគ្រូ អ្នកគ្រូ លោកមេភូមិ និងប្រជាពលរដ្ឋក្នុងភូមិសំអោង ទាំងមូលនេះផ្ទាល់ ។ អគារសិក្សានេះមានទំហំ៦ម៉ែត្រ×៨ម៉ែត្រ ជញ្ជាំងក្តារ ដំបូលប្រក់ស័ង្កសី ចំណាយថវិកាសរុបចំនួន១២.០០០.០០០រៀល(ដប់ពីរលានរៀល) ។
ក្រោយពីឯកឧត្តមសំណេះសំណាលជាមួយបងប្អូនប្រជាពលរដ្ឋ លោកគ្រូអ្នកគ្រូ និងសិស្សានុសិស្សរួចមក ជាចុងក្រោយ ឯកឧត្តម បានជូនថវិកាដល់
១.លោកគ្រូ អ្នកគ្រូ ចំនួន៥នាក់ ក្នុង១នាក់ទទួលបានថវិកា ៥០,០០០៛
២.សិស្សានុសិស្ស ១៦៣នាក់ ក្នុង១នាក់ទទួលបាន ថវិកា ៥,០០០៛
៣.លោកយាយ លោកតា ចំនួន៥៥នាក់ ក្នុង១នាក់ទទួលបានថវិកា ២០,០០០៛
៤.ប្រជាការពារ ចំនួន១២នាក់ ក្នុង១នាក់ទទួលបានថវិកា ចំនួន២០,០០០៛
៥.ជូនថវិកាសាលារៀន ចំនួន៥០០,០០០៛
៦.អ្នកកាន់ខ្សែបូណ៌ ចំនួន៦០,០០០៛
ក្រោយពីបញ្ចាប់កម្មវិធីសម្ពោធសាលាមត្តេយ្យសិក្សារួចមក ឯកឧត្តម ក៏បាននាំយកបច្ច័យទៅប្រគេនដល់ព្រះសង្ឃចំនួន២វត្ត ក្នុងនោះមាន
១.វត្តក្រាំងដើម ស្ថិតនៅឃុំងន ដើម្បីកសាងពុទ្ធិកសិក្សា ចំនួន ១,០០០$
២.វត្តក្លែង ឃុំក្លែង ដើម្បីកសាងក្លោងទ្វារចូលក្នុងវត្ត ចំនួន ៥០០$ ។
អត្ថបទលោក ធូ កែវមុន្នី