ប្រគល់ថវិកាចំនួន ៧.ពាន់៦៨២ដុល្លាដល់មន្ទីរពេទ្យគន្ធបុប្ផា ជ័យវរ្ម័នទី៧ ខេត្តសៀមរាប

0

សៀមរាប:ទឹកប្រាក់ចំនួន ៧ពាន់៦៨២ដុល្លា ដែលប្រមូលបានពីការទិវារត់កម្សាន្ត អបអរសាទរសប្តាហ៍នៃកិច្ចសហប្រតិបត្តិការមេគង្គ.ឡាងឆាង ឆ្នាំ២០២៥ នៅលើទឹកដីប្រវត្តិសាស្ត្រសៀមរាប.អង្គរ ដើមី្បទ្រទ្រង់មូលនិធិគន្ធបុប្ផា (ជ័យ វរ្ម័នទី៧) ។ ព្រឹត្តិការណ៍ទិវារត់កម្សាន្ត អបអរសាទរសប្តាហ៍នៃកិច្ចសហប្រតិបត្តិការមេគង្គ.ឡាងឆាង ឆ្នាំ២០២៥ បាន រៀបចំនៅមុខប្រាសាទអង្គរ នាព្រឹកថ្ងៃទី ២៣ ខែ មីនា ឆ្នាំ២០២៥ ក្រោមអធិបតីភាពឯកឧត្តមសាស្ត្រាចារ្យបណ្ឌិតសភាចារ្យ សុក ស៊ីផាន់ណា ទេសរដ្ឋមន្ត្រី ទទួលបន្ទុកបេសកកម្មពិសេស និង ជាប្រធានគណៈកម្មាធិការផ្តល់យោបល់លើគោលនយោបាយពាណិជ្ជកម្ម និង ឯកឧត្តម មាស គឹមហេង រដ្ឋលេខាធិការ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងជាឧត្តមមន្ត្រីមេគង្គ ឡានឆាងកម្ពុជា និង ដោយមានការចូលរួមពីអគ្គកុងស៊ុលប្រចាំខេត្ត សមាជិកមេគង្គ-ឡានឆាង រួមជាមួយថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ដោយមានកីឡាករ កីឡា ការិនី ជាតិ អន្តរជាតិ ប្រមាណ ៥០០នាក់ចូលរួម ។
មានប្រសាសន៍បើកការរត់កម្សាន្តនាឱកាសនោះឯកឧត្តមសាស្ត្រាចារ្យបណ្ឌិតសភាចារ្យ សុក ស៊ីផាន់ណា ទេសរដ្ឋមន្ត្រី បានលើកឡើងថា ថ្ងៃនេះជាព្រឹត្តិការណ៍ដ៏អស្ចារ្យ ដោយមានក្រុមកីឡាករ កីឡាការិនីជាតិ អន្តរជាតិ បាន ចូលរួមរត់កម្សាន្ត អបអរសាទរសប្តាហ៍នៃកិច្ចសហប្រតិបត្តិការមេគង្គ.ឡាងឆាង ឆ្នាំ២០២៥ ស្រមពេលដែលបងប្អូនប្រជាពលរដ្ឋ និង ភ្ញៀវទេសចរជាតិ អន្តរជាតិ មកទស្សនា សមរាត្រី (ថ្ងៃរះចំកំពូលកណ្តាលប្រាសាទអង្គរ)ផងដែរ ។ ឯកឧត្តម បន្តទៀតថា ការប្រារព្ធពិធីរត់កម្សាន្តនៅមុខប្រាសាទអង្គរ ដែលជាទីកន្លែងទីសក្តារៈបូជា និង ការរំលឹកដឹងគុណដល់ដួង ព្រលឹងបុព្វបុរសខ្មែរគ្រប់ជំនាន់ទៀតផង ។ ឯកឧត្តមសាស្ត្រាចារ្យបណ្ឌិតសភាចារ្យបានលើកផងដែរថា ទិវាសប្តាហ៍នៃកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង គឺជាអត្តសញ្ញាណមួយនៃបណ្តាប្រទេស សមាជិកមេគង្គ-ឡានឆាង ដែលមានគោលបំណងដ៏សំខាន់ ដើម្បីជំរុញមិត្តភាព និងសាមគ្គីភាព ក្នុងចំណោមប្រទេសសមាជិក ក៏ដូចជាលើកកម្ពស់ការយល់ដឹងអំពីសារៈសំខាន់នៃក្របខណ្ឌកិច្ច សហប្រតិបត្តិការមេគង្គ-ឡានឆាង ដល់សាធារណៈជនគ្រប់រូប ។ តាមរយៈកិច្ចសហប្រតិបត្តិការនេះ បណ្តាប្រទេសសមាជិកមេគង្គ-ឡានឆាងទទួលបាននូវគម្រោង ចំនួនជាង ៨០០ ពីមូលនិធិពិសេសមេគង្គ-ឡានឆាង ក្នុងនោះកម្ពុជាទទួលបានអត្ថប្រយោជន៍ពី មូលនិធិនេះបាន ៩៧គម្រោង ផងដែរ។ ឯកឧត្តមសាស្ត្រាចារ្យបណ្ឌិតសភាចារ្យ សុក ស៊ីផាន់ណា ក៏បានគូសបញ្ជាក់ថា សម្រាប់កិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង មានការគាំទ្រពីស្ថានទូតនៃសាធារណរដ្ឋប្រជាមានិតចិនប្រចាំទីក្រុងភ្នំពេញ បានរៀបចំកម្មវិធីទិវាសប្តាហ៍នៃកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាងឆ្នាំ២០២៥ កាន់តែធំជាងមុនទៅទៀត និង បានឆ្លុះបញ្ចាំងអំពីវឌ្ឍនភាពកាន់តែល្អប្រសើរនៃក្របខណ្ឌមេគង្គ-ឡានឆាង ហើយឆ្នាំនេះ ព្រមទាំងមានការរៃអង្គាសថវិកាជួយដល់ការងារសង្គ្រោះជីវិតកុមារកម្ពុជារបស់មូលនិធិគន្ធបុប្ផាកម្ពុជា ថែមទៀតផង ។ ជាសក្ខីភាពនៃភាពជោគជ័យរួមគ្នា និងសមិទ្ធផលដ៏ធំធេងនៃភាពជាដៃ គូប្រកបដោយបរិយាបន្ននៅក្នុងក្របខណ្ឌមេគង្គ-ឡានឆាងប៉ុណ្ណោះទេ ប៉ុន្តែនេះជាឱកាសដ៏ល្អមួយ ដើម្បីលើកកម្ពស់ការផ្លាស់ប្តូររវាងប្រជាជន និងប្រជាជន មិត្តភាព និងសាមគ្គីភាពតាមរយៈ ស្មារតីកីឡាករ កីឡាការិនី ក្នុងចំណោមបណ្តាប្រទេសសមាជិកមេគង្គ-ឡានឆាងទាំងអស់។ ឯកឧត្តមមានការជឿជាក់ងមុតមាំថា ព្រឹត្តិការណ៍នាឆ្នាំនេះ នឹងធ្វើឲ្យចំណងសាមគ្គីភាព កិច្ចសហប្រតិបត្តិការ និងមិត្តភាពរវាងប្រទេសមេគង្គ-ឡានឆាងកាន់តែមានភាពរឹងមាំ ហើយកិច្ចសហប្រតិបត្តិការនេះ នឹងនៅតែបន្តជាវេទិកាអនុតំបន់ពាក់ព័ន្ធមួយ ដើម្បីគាំទ្រពហុភាគីនិយម និងដោះស្រាយនូវតម្រូវ ការចាំបាច់របស់ប្រទេសសមាជិកមេគង្គ-ឡានឆាង តាមរយៈមូលនិធិពិសេសមេគង្គ-ឡានឆាង ។ ក្នុងការរៀបចំព្រឹត្តិការណ៍ដ៏វិសេសវិសាលនេះឡើង ជា ពិសេសកិច្ចខិតខំប្រឹងប្រែង ក្នុងការជម្រុញក្របខណ្ឌកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង ក្នុងរយៈ ពេលប៉ុន្មានឆ្នាំកន្លងមកនេះ ដើម្បីបន្តសម្របសម្រួលដល់ការអនុវត្តគម្រោងអាទិភាព រួមចំណែក ដល់សន្តិភាព ការរីកចម្រើន និងចីរភាពនៅក្នុងអនុតំបន់មេគង្គ៕