ខេត្តឧត្តរមានជ័យ៖ មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងឧត្តរមានជ័យ លោកឧត្ដមសេនីយ៍ទោ តន់ ញាន នៅថ្ងៃទី២៦មីនាម្សិលមិញ បានដាក់ចេញនូវបទបញ្ជាយ៉ាងម៉ឹងម៉ាត់ ដល់យោធិនទាំងអស់ ឱ្យបន្តយកចិត្តទុកដាក់ក្នុងការអនុវត្តតួនាទី ភារកិច្ច ចំពោះមុខឱ្យបានម៉ឺងម៉ាត់ តាមមុខងារតួនាទីរបស់ខ្លួនម្នាក់ៗ និងត្រៀមកម្លាំងអន្តរាគមន៍តាមបទបញ្ជារបស់ថ្នាក់លើ ២៤ម៉ោង លើ២៤ម៉ោង ឱ្យបានម៉ឹងម៉ាត់បំផុត។
លោកឧត្ដមសេនីយ៍ទោ តន់ ញាន បានជំរុញបន្ថែម ដល់គ្រប់បណ្ដាកងឯកភាពចំណុះត្រូវពង្រឹងដល់កម្លាំងប្រចាំការទាំងអស់ ចូលរួមសហការគ្នាឱ្យបានស្អិតរមួតថែមទៀត ជាមួយកងកម្លាំងដែលពាក់ព័ន្ធនានា ក្នុងការចេញប្រតិបត្តិការ ត្រួតពិនិត្យបង្គោលសីមា និងបណ្ដាចំណុចគោលដៅផ្សេងៗទៀត ដែលបានកំណត់ទុក ដើម្បីតាមដានក្តាប់ឱ្យជាប់រាល់សភាពការណ៍ប្រែប្រួល តាមខ្សែបន្ទាត់ព្រំដែន ពិសេសត្រូវថែរក្សាបង្កើនប្រព័ន្ធលេណដ្ឋានឱ្យបានរឹងមាំ ដើម្បីធានាបាននូវសុខសន្តិភាព ស្ថិរភាព ជូនប្រជាពលរដ្ឋ និងទប់ស្កាត់រាល់សកម្មភាពបទល្មើសខុសច្បាប់នានា ដែលអាចកើតមានឡើងនៅតាមខ្សែបន្ទាត់ព្រំដែន ក្នុងភូមិសាស្ត្រទទួលខុសត្រូវរបស់ខ្លួន៕ដោយ៖ឡុង សំបូរ