គណៈកម្មាធិការសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ធំ ត្រួតពិនិត្យទីតាំងត្រៀមលក្ខណៈបញ្ចុះបឋមសីលាសាងសង់ទីស្នាក់ការសមាគមអតីតយុទ្ធជនកម្ពុជា ខេត្តកំពង់ធំ នៅពេលខាងមុខ

0

ខេត្តកំពង់ធំ៖ ដោយអនុវត្តតាមបទបញ្ជារបស់ឯកឧត្តមទេសរដ្ឋមន្ត្រីនាយឧត្តមសេនីយ៍ គន់ គីម អនុប្រធាននិងជាអគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជា នៅរសៀលថ្ងៃទី២ ខែមេសា ឆ្នាំ២០២៥ ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករង ប្រធានសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ធំ បានដឹកនាំសហការីទៅត្រួតពិនិត្យ និងបោះបង្គោលព្រំទីតាំងដីសម្រាប់ត្រៀមរៀបចំពិធីបញ្ចុះបឋមសីលាសាងសង់ទីស្នាក់ការសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ធំ ដើម្បីនិរន្តរភាពការងាររបស់សមាគមអតីតយុទ្ធជនកម្ពុជា ក្នុងការបម្រើនិងដោះស្រាយបញ្ហាទូទៅជូនបងប្អូនអតីតយុទ្ធជននៅខេត្តកំពង់ធំ។

ឧត្តមសេនីយ៍ទោ សោម ស៊ុន បានបញ្ជាក់ថា ដោយបានការឯកភាពពីឯកឧត្តម នួន ផារ័ត្ន អភិបាលខេត្ត ប្រធានកិត្តិយសសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ធំ បានដោះស្រាយដីមួយកន្លែង ដែលមានទំហំសមស្រប ក្នុងការសាងសង់ទីស្នាក់ការសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ធំ ដែលមានទីតាំងនៅភូមិត្រពាំងចំបក់ ឃុំត្រពាំងឬស្សី ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ដែលនឹងត្រូវដំណើរការរៀបចំពិធីបញ្ចុះបឋមសីលាសាងសង់នៅពេលដ៏ខ្លីខាងមុខនេះស្ថិតក្រោមអធិបតីភាពឯកឧត្តមទេសរដ្ឋមន្ត្រីនាយឧត្តមសេនីយ៍ គន់ គីម ។

ឧត្តមសេនីយ៍ទោ សោម ស៊ុន បានបញ្ជាក់ថា អតីតយុទ្ធជននៅខេត្តកំពង់ធំ មានចំនួនជិត ៤,០០០ គ្រួសារ និងដោយឡែកមានអ្នកនៅក្នុងបន្ទុកមានចំនួន​ ជិត​ ៥,០០០​នាក់ ផ្សេង​ទៀត​ ហើយកន្លងមកនេះសម្ដេចតេជោ ហ៊ុន សែន ប្រធានសមាគមអតីតយុទ្ធជនកម្ពុជា និងសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានផ្ដល់ដីសម្បទានសង្គមកិច្ច និងផ្ទះថ្មីជូនដល់ក្រុមគ្រួសារអតីតយុទ្ធជន ដែលគ្មានដី និងគ្មានផ្ទះរស់នៅសមរម្យ បានចំនួន ២០៦ ក្បាលដី និងខ្នងផ្ទះ ដោយបានរៀបចំភូមិអតីតយុទ្ធជន នៅក្នុងឃុំក្រយា ស្រុកសន្ទុក ខេត្តកំពង់ធំ រួចមកហើយ។ ក្រៅពីនោះទៀតអតីតយុទ្ធជន ដែលមានដី ហើយគ្មានផ្ទះ ឬមានផ្ទះរស់នៅមិនសមរម្យ ចំនួន ២៤៦គ្រួសារទៀត ត្រូវបានគណៈកម្មាធិការសមាគមអតីតយុទ្ធជនកម្ពុជា សាងសង់ផ្ទះជូនគាត់នៅតាមមូលដ្ឋាននានាក្នុងខេត្តកំពង់ធំ ក្រោមការជួយឧបត្ថម្ភរបស់សម្ដេចតេជោ ហ៊ុន សែន ប្រធានសមាគមអតីតយុទ្ធជនកម្ពុជា រួចមកហើយ ។

ឧត្តមសេនីយ៍ទោ សោម ស៊ុន បានសូមគោរពថ្លែងអំណរគុណដ៏ជ្រាលជ្រៅជាទីបំផុត ចំពោះឯកឧត្តម នួន ផារ័ត្ន អភិបាលខេត្ត ប្រធានកិត្តិយសសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ធំ ដែលបានជួយដោះស្រាយដីសម្រាប់ដំណើរការសាងសង់ទីស្នាក់ការសមាគមអតីតយុទ្ធជនកម្ពុជា ខេត្តកំពង់ធំ នៅពេលនេះ និងបានសូមគោរពជូនពរឯកឧត្តមនិងលោកជំទាវ សូមបានជួបប្រទះតែនឹងពុទ្ធពរទាំង ៤ប្រការ កុំបីឃ្លៀងឃ្លាតឡើយ។