អាជ្ញាធរខេត្តសៀមរាប កំពុងមមាញឹកក្នុងការរៀបចំទីតាំង នៃការប្រារព្ធព្រឹត្តិការណ៍អង្គរសង្ក្រាន្ត ក្នុងក្រុងសៀមរាប

0

សៀមរាប: គិតត្រឹមថ្ងៃទី០២ ខែមេសា ឆ្នាំ២០២៥ អាជ្ញាធរខេត្តសៀមរាប រួមនឹងក្រុមការងារពាក់ព័ន្ធ កំពុងមមាញឹកក្នុងការរៀបចំទីតាំងប្រារព្ធព្រឹត្តិការណ៍អង្គរសង្ក្រាន្តក នៅទីតាំងសួរច្បារព្រះរាជដំណាក់ និង ដងស្ទឹងសៀមរាប ដែលជាទីតាំងត្រៀមរៀបចំកម្មវិធីកម្សាន្តជាច្រើន ក្រៅពីទីតាំងមុខប្រាសាទអង្គរវត្ត ។
យោងតាមការបញ្ជាក់របស់ លោក សេង វិចិត្រ ប្រធានកម្មវិធីផ្សារទឹក (ក្រុមការងារសហភាពសហព័ន្ធយុវជន កម្ពុជាខេត្ត )បានឲ្យដឹងថា នៅតាមដងស្ទឹងសៀមរាប យើងមានរៀបចំកម្មវិធីផ្សារទឹកស្ទឹងសៀមរាប ជាកម្មវិធីមួយក្នុងចំណោមកម្មវិធីជាច្រើនទៀតរបស់ព្រឹត្ដិការណ៍អង្គរសង្ក្រាន្ត ដែលគិតមកទល់ពេលនេះរៀបចំឡើងបាន ៨០ភាគរយហើយ ចាប់ពីស្ពានថ្មព្រះរាជដំណាក់ ដល់ស្ពានថ្មវត្ដរាជបូណ៌ ។ ម៉្យាងទៀតផ្សារទឹកនេះ ក៏មានកម្មវិធីកម្សាន្ដចំនួន៤ រួមមានផ្សារលើទឹកដោយលក់តាមទូក ជិះទូកលេងកំសាន្ដ ការប្រគុំតន្ដ្រីសម័យបុរាណ រៀបចំស្ដង់ពិព័រណ៌នៅសង ខាងតាមដងផ្លូវស្ទឹងសៀមរាបទៀតផង ។ លោក សេង វិចិត្រ បានឲ្យដឹងទៀតថា ការជិះទូលេងកំសាន្ដដោយមានទូកបងប្អូនប្រជានេសាទមកពីសហគមន៍ចុងឃ្នៀស ជាង១២០ទូក និង ទូកហង្ស ៨ទូកមកពីទន្លេអុំ ហើយចំណូលដែលបានមកពីការលក់សំបុត្រ គឺនឹងប្រគល់ជូនពួកគាត់ផងដែរ ។ ក្នុងនាមសហភាពសហព័ន្ធយុជនកម្ពុជា លោកក៏បានអំពាវនាវដល់ភ្ញៀវទេសចរជាតិ អន្ដរជាតិ ដែលបានចូលមកកំសាន្ដសប្បាយនៅក្នុងព្រឹត្ដិការណ៍អង្គរសង្ក្រាន្ដឆ្នាំ២០២៥នេះ ដើមី្បចូលរួមលើកស្ទួយដល់វប្បធម៌ ប្រពៃណីជាតិ និង ដើម្បីផ្ដល់ចំណូលសេដ្ឋកិច្ចដល់ប្រជាពលរដ្ឋនៅមូលដ្ឋានផងដែរ ។ លោកក៏បានសំណូមពរដល់ជនរួមជាតិ ភ្ញៀវជាតិ អន្តរជាតិ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីខ្មែរខាងមុខនេះ នៅពេលបើកបរយានយន្តគ្រប់ប្រភេទ ត្រូវពាក់មួកសុវត្ថិភាព និង ដាក់ខ្សែក្រវ៉ាត់សុវត្ថិភាព ក្នុងពេល បើកបរសូមឲ្យមានការអាធ្យាស្រ័យគ្នា ព្រោះយើងជាមហាគ្រួសារខ្មែរតែមួយ ៕