កំពង់ធំ ÷ នៅរសៀលថ្ងៃទី 04 ខែមេសា ឆ្នាំ 2025 មន្ទីរទេសចរណ៍ខេត្តកំពង់ធំ បានរៀបចំកម្មវិធី ” ការពង្រឹង គុណភាពសេវាកម្មទេសចរណ៍ ដើម្បីអបអរពិធីបុណ្យ ចូលឆ្នាំប្រពៃណីជាតិខ្មែរ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ 2569 ” ដែលកម្មវិធីនេះ ប្រព្រឹត្តទៅក្រោមអធិបតីភាព ឯកឧត្តម ជា វ៉ាន់ចាន់ អភិបាលរងខេត្តកំពង់ធំ ព្រមទាំងមានការអញ្ជើញចូលរួមពី អភិបាលនិងអភិបាលរងក្រុងស្រុក ប្រធាន អនុប្រធានមន្ទីរជុំវិញខេត្ត ព្រមទាំង អាជីវករ ម្ចាស់ភោជនីយដ្ឋាន ម្ចាស់ផ្ទះសំណាក់នឹងសណ្ឋាគារផងដែរ។
លោក សេង អាន ប្រធានមន្ទីរទេសចរណ៍ខេត្តកំពង់ធំ លើកឡើងថា ដើម្បីពង្រឹងគុណភាពសេវាកម្មទេសចរណ៍ឲ្យបានល្អប្រសើរស្របតាមយុទ្ធនាការ ” ទីក្រុងស្អាត រមណីយដ្ឋានស្អាត សេវាកម្មល្អ បដិសណ្ឋារកិច្ចល្អ ” និងស្របតាមគុណតម្លៃនៃវប្បធម៌ អរិយធម៍ ដ៏ផូផង់របស់កម្ពុជា ក្នុងអំឡុងពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ ដែលនឹងប្រព្រឹត្តទៅ នៅថ្ងៃទី 14 – 15 – 16 ខែមេសា ឆ្នាំ 2025 នៅពេលខាងមុខនេះ ប្រតិបត្តិករទេសចរណ៍ទាំងអស់ ត្រូវផ្ដល់កិច្ចសហការល្អជាមួយអាជ្ញាធរមានសមត្ថកិច្ចគ្រប់ជាន់ថ្នាក់ ដើម្បីធានារក្សាសន្តិសុខសុវត្ថិភាពសណ្ដាប់ធ្នាប់សាធារណៈ និងរក្សាបាននូវអនាម័យ ព្រមទាំងសោភ័ណភាពនៅតាមមូលដ្ឋានអាជីវកម្ម.
លោក សេង អាន ក៏បានបន្តទៀតថា អាជីវករទាំងអស់ ត្រូវចេះរៀបចំតុបតែងផ្នែកខាងក្នុងនិងខាងក្រៅ នៃទីតាំងអាជីវកម្មរបស់ខ្លួនឱ្យមានភាពស្រស់ស្អាត ដើម្បីឲ្យមានភាពទាក់ទាញ ដល់ភ្ញៀវទេសចរណ៍ជាតិនិងអន្តរជាតិ ដែលមកទទួលសេវា ជាពិសេសគឺការរៀបចំនូវសណ្ដាប់ធ្នាប់ ទីកន្លែងទុកដាក់យានយន្តឲ្យបានត្រឹមត្រូវ។ ហើយរាល់ផលិតផលដែលដាក់តាំងលក់ ត្រូវបង្ហាញតម្លៃនិងបញ្ជាក់តម្លៃឲ្យបានច្បាស់លាស់។
ឯកឧត្តម ជា វ៉ាន់ចាន់ អភិបាលរងខេត្តកំពង់ធំ បានថ្លែងថា រដ្ឋបាលខេត្តកំពង់ធំ ជាពិសេសក្រោមការដឹកនាំ ឯកឧត្តម នួន ផារ័ត្ន អភិបាលខេត្ត លោកបានខិតខំជម្រុញឲមានការរៀបចំ កែលម្អ ក្រុងស្ទឹងសែន ដោយមានការតុបតែងភ្លើងពណ៌ក្នុងក្រុង តាមដងផ្លូវនឹងដងស្ទឹងសែន ដាំផ្កាតាមទ្រូងផ្លូវជាតិលេខ៦ ផ្សារាត្រីលើឆ្នេរខ្សាច់មាត់ស្ទឹង នឹងការរៀបចំធ្វើ សង្ក្រាន្តខេត្តកំពង់ធំ ក្នុងឱកាសបុណ្យចូលឆ្នាំនាពេលខាងមុខនេះផងដែរ។
ជាចុងបញ្ចប់ ឯកឧត្តមក៏បានបន្តទៀតថា ដើម្បីឲ្យខេត្តកំពង់ធំ ក្លាយទៅជាខេត្ត ដែលទទួលបាននូវការចាប់អារម្មណ៍ខ្លាំង ពីរបណ្ដាភ្ញៀវទេសចរណ៍ ជាតិ-អន្តរជាតិ ឲ្យបានកាន់តែច្រើន សូមអាជីវករ ម្ចាស់សណ្ឋាគារផ្ទះសំណាក់ ម្ចាស់ភោជនីយដ្ឋាន អ្នកគ្រប់គ្រងនៅតាមរមណីយដ្ឋាននានានៅក្នុងខេត្តកំពង់ធំ ត្រូវរក្សាឲ្យបាននៅអនាម័យល្អ និងរក្សាតម្លៃម្ហូបអាហារនិងទំនិញផ្សេងៗឲ្យបានសមរម្យ ជាពិសេស ត្រូវចូលរួមដោយធ្វើការផ្សព្វផ្សាយឲ្យបានប្រសើរ នូវយុទ្ធនាការ ” ទេសចរណ៍ដើម្បីទាំងអស់គ្នា ទាំងអស់គ្នាដើម្បីទេសចរណ៍” “ទេសចរណ៍រីកលូតលាស់ ក្នុងសន្តិភាព” និង ” បុគ្គលម្នាក់ៗជាអ្នកផ្សព្វផ្សាយទេសចរណ៍កម្ពុជាម្នាក់” ។
អត្ថបទលោកលន សុភា.ពិនិត្យដោយសេក សាវេត