ឯកឧត្តម រដ្ឋលេខាធិការ ក្រសួងធនធានទឹក និងឧតុនិយម ដឹកនាំគណៈប្រតិភូ អញ្ជើញចុះជួបសួរសុខទុក្ខ កងទ័ព តំបន់ប្រតិបត្តិការសឹករងឧត្តរមានជ័យ ដែលកំពុងឈរជើងការពារព្រំដែន ទិសប្រាសាទតាក្របី នាឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ

0

ខេត្តឧត្តរមានជ័យ៖ នៅព្រឹកថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២៥ លោកឧត្តមសេនីយ៍ទោ តន់ ញាន មេបញ្ជាការ តំបន់ប្រតិបត្តិការសឹករងឧត្តរមានជ័យ បានដឹកនាំនាយ-ពលទាហាន ទទួលបដិសណ្ឋារកិច្ច ឯកឧត្តម ឈា ប៊ុនរិទ្ធ រដ្ឋលេខាធិការប្រចាំការ ក្រសួងធនធានទឹក និងឧតុនិយម ព្រមទាំងគណៈប្រតិភូអមដំណើរ អញ្ជើញចុះជួបសំណេះសំណាល សួរសុខទុក្ខ និងនាំយកនូវអំណោយសម្ព័ន្ធមេត្រីភាព ជូនដល់នាយ-ពលទាហាន វរសេនាតូចលេខ៤៤៤ និងលេខ៤៤៥ នៃតំបន់ប្រតិបត្តិការសឹករងឧត្តរមានជ័យ ដែលកំពុងឈរជើងការពារព្រំដែនកម្ពុជា-ថៃ ទិសប្រាសាទតាក្របី នាឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ។

ក្នុងឱកាសនោះដែរ ឯកឧត្តម រដ្ឋលេខាធិការប្រចាំការ មានមតិសំណេះសំណាល និងពាំនាំនូវប្រសាសន៍ផ្តាំផ្ញើរសាកសួរសុខទុក្ខដ៏ថ្លៃថ្លារបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ដែលតែងតែគិតគូរអំពីសុខទុក្ខ និងការរស់របស់បងប្អូនកងទ័ព និងគ្រួសារទ័ពជាប្រចាំ ព្រមទាំងកោតស្ញប់ស្ញែងចំពោះវីរភាពដ៏អង់អាចក្លាហាន និងឆន្ទៈមនសិកាស្នេហាជាតិមាតុភូមិរបស់បងប្អូនកងកម្លាំងការពារព្រំដែនទាំងអស់ ក្នុងការតស៊ូ និងលះបង់គ្រប់បែបយ៉ាង ដើម្បីបុព្វហេតុការពារបូរណភាពទឹកដី អធិបតេយ្យជាតិ ការពារឯកភាពជាតិ សុខសន្តិភាព និងស្ថេរភាព ជូនជាតិមាតុភូមិ និងប្រជាជន និងចូលរួមអភិវឌ្ឍន៍ប្រទេសជាតិ ឱ្យកាន់តែរីកចម្រើនលើគ្រប់វិស័យ។

លោកមេបញ្ជាការ ព្រមទាំងនាយ-ពលទាហានទូទាំង តំបន់ប្រតិបត្តិការសឹករងឧត្ដរមានជ័យ សូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះ ឯកឧត្ដម រដ្ឋលេខាធិការប្រចាំការ និងសហការីរបស់ក្រសួង ដែលជារៀងរាល់ឆ្នាំតែងតែអញ្ជើញចុះសួរសុខទុក្ខ និងនាំយកនូវអំណោយឧបត្ថម្ភ ទាំងថវិកា និងសម្ភារៈផ្សេងៗដល់យោធិនរបស់យើង ដែលនេះបង្ហាញឱ្យឃើញពីការគិតគូរជួយជ្រោមជ្រែងយ៉ាងល្អប្រសើរ ដល់បងប្អូនកងទ័ពសមរភូមិមុខ។ យើងខ្ញុំជា មេបញ្ជាការ នាយ-ពលទាហាន សូមប្រសិទ្ធពរជ័យជូន ឯកឧត្ដម រដ្ឋមន្ត្រី ឯកឧត្តម លោកជំទាវ រដ្ឋលេខាធិការ និងសហការីក្រសួងទាំងអស់ សូមសមប្រកបតែនឹងពុទ្ធពរ ទាំង៤ប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។

គួរបញ្ជាក់ថា អំណោយសម្ព័ន្ធមេត្រីភាពរបស់ ក្រសួងធនធានទឹក និងឧតុនិយម រួមមាន÷ អង្ករ ភេសជ្ជៈ និងគ្រឿងឧបភោគបរិភោគផ្សេងទៀត ព្រមទាំងថវិកាមួយចំនួនផងដែរ៕ដោយ៖ភ្នំដងរ៉ែក