រដ្ឋមន្ត្រីក្រសួងធនធានទឹក ចុះសួរសុខទុក្ខ និងនាំយកអំណោយផ្តល់ជូនកងទ័ព ដែលកំពុងឈរជើងការពារបូរណភាពទឹកដី នៅតាមខ្សែបន្ទាត់ព្រំដែនកម្ពុជា-ថៃ ក្នុងខេត្តព្រះវិហារ

0

ខេត្តព្រះវិហារ៖ រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម ឯកឧត្តម ថោ ជេដ្ឋា បានដឹកនាំគណៈប្រតិភូក្រសួង ដែលជាអង្គភាពសម្ព័ន្ធមេត្រីភាព អមដំណើរដោយថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃមន្ទីរធនធានទឹក បានអញ្ជើញចុះសួរសុខទុក្ខ និងនាំយកថវិកា រួមទាំងគ្រឿងឧបភោគ បរិភោគ ជូនដល់នាយទាហាន នាយទាហានរង និងពលទាហាន កងវរសេនាតូចលេខ៤៤៦-៤៤៧ ចំណុះទីបញ្ជាការតំបន់ប្រតិបត្តិការសឹករងព្រះវិហារ ដែលកំពុងឈរជើងការពារបូរណភាពទឹកដី នៅតាមខ្សែបន្ទាត់ព្រំដែនកម្ពុជា-ថៃ នាថ្ងៃទី៧ ខែមេសា ឆ្នាំ២០២៥ នៅតំបន់អានសេះ ស្ថិតក្នុងស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ដែលនឹងឈានចូលមកដល់ក្នុងពេលដ៏ខ្លីខាងមុខនេះ។

អំណោយដែលត្រូវផ្តល់ជូន កងទ័ពជួរមុខនាពេលនោះ រួមមាន៖ គ្រឿងឧបភោគ បរិភោគ និងថវិកាសរុបប្រមាណ ១០០លានរៀល ប្រគល់ជូនកងកម្លាំង នៃអង្គភាពវរសេនាតូចលេខ៤៤៦-៤៤៧ និងផ្នែកសឹករងជាំក្សាន្ត ចំណុះទីបញ្ជាការតំបន់ប្រតិបត្តិការសឹករងព្រះវិហារ។

មេបញ្ជាការតំបន់​ប្រតិបត្តិការ​សឹករងព្រះវិហារ​​ លោកឧត្តមសេនីយ៍ទោ ច័ន្ទ សុភ័ក្រ្តា បានដឹកនាំ​ នាយទាហាន  នាយទាហាន​រង​ និងពលទាហាន ទទួលស្វាគមន៍យ៉ាងរាក់ទាក់ និងកក់ក្តៅបំផុតចំពោះ ឯកឧត្តមថោ ជេដ្ឋា ​រដ្ឋមន្ដ្រីក្រសួងធនធានទឹក និងឧតុនិយម និងគណៈប្រតិភូអមដំណើរ ដែលបានអញ្ជើញ​ចុះសួរសុខទុក្ខ​ នាយ​ទាហាន នាយទាហានរង និងពលទាហាន​ ក្នុងឱកាសនេះ។

លោកឧត្តមសេនីយ៍ទោ ច័ន្ទ សុភ័ក្រ្ដា បានថ្លែងថា ឯកឧត្តមរដ្ឋមន្ត្រី តែងតែយកចិត្តទុកដាក់ គិតគូរពីទុក្ខលំបាករបស់កងកម្លាំងប្រដាប់អាវុធជួរមុខ និងបានចូលរួមចំណែកជួយឧបត្ថម្ភគាំទ្រ ដល់អង្គភាពជួរមុខកន្លងមក និងក្នុង​នាម​ នាយទាហាន​ នាយទាហានរង​ និងពល​ទាហាន​ទាំងអស់​ សូមគោរព​ជូនពរ​ ឯកឧត្ដម​រដ្ឋមន្ត្រី​ មាន​សុខ​ភាព​ល្អ​ កម្លាំង​មាំមួន​ ប្រាជ្ញ​វៀងវៃ​ សូម​ជួបតែនឹងពុទ្ធ​ពរ​​ បួន​ប្រការ ​គឺ​ អាយុ​ វណ្ណៈ​ សុខៈ​ ពលៈ​ កុំបី​ឃ្លៀងឃ្លាត​ឡើយ។

រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម ឯកឧត្តម ថោ ជេដ្ឋា បានសម្តែងនូវកតញ្ញូតាធម៌ ដឹងគុណដ៏ជ្រាលជ្រៅ និងថ្លែងនូវការកោតសរសើរចំពោះ នាយទាហាន នាយទាហានរង និងពលទាហាន នៃកងយោធពលខេមរភូមិន្ទ ដែលតែងតែធ្វើពលិកម្មយ៉ាងធំធេង និងខិតខំពុះពារជំនះគ្រប់ឧបសគ្គ ចូលរួមយ៉ាងសស្រាក់សស្រាំ ក្នុងបុព្វហេតុការពារជាតិ មាតុភូមិកម្ពុជានៃយើង។

នៅក្នុងឱកាសនោះ ឯកឧត្តមរដ្ឋមន្ត្រី បានពាំនាំប្រសាសន៍ ផ្តាំផ្ញើសួរសុខទុក្ខដោយក្ដីនឹករលឹកពីសំណាក់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា ជាបិតាសន្តិភាព និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ជូនចំពោះមេបញ្ជាការ មេបញ្ជាការរង នាយទាហាន នាយទាហានរង និងពលទាហាន នៃកងវរសេនាតូចលេខ៤៤៦-៤៤៧ ចំណុះទីបញ្ជាការតំបន់ប្រតិបត្តិការសឹករងព្រះវិហារទាំងអស់ ដែលមានវត្តមាននៅទីនេះផងដែរ។

ឯកឧត្តមរដ្ឋមន្ត្រី ថោង ជេដ្ឋា បានបញ្ជាក់ថា «កងទ័ពគឺជាសមរភូមិមុខ ហើយក្នុងនាមយើងខ្ញុំជាសមរភូមិក្រោយ រង់ចាំជួយជ្រោមជ្រែងជាប់ជានិច្ច និងផ្តល់នូវអ្វីដែលជាតម្រូវការចាំបាច់សម្រាប់កងទ័ព ទាំងស្មារតីនិងសម្ភារៈ ដើម្បីបុព្វហេតុជាតិ មាតុភូមិ ស្របតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងប្រសាសន៍ណែនាំ ប្រកបដោយចក្ខុវិស័យច្បាស់លាស់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ដល់ក្រសួង ស្ថាប័ន អង្គភាពស៊ីវិល និងក្រុមហ៊ុនឯកជន ដើម្បីបានចងសម្ព័ន្ធមេត្រីភាព ជាមួយបណ្តាអង្គភាព នៃកងយោធពលខេមរភូមិន្ទ ផ្សារភ្ជាប់រវាងសមរភូមិមុខ ជាមួយសមរភូមិក្រោយ និងរួមចំណែកក្នុងការអភិវឌ្ឍវិស័យកងទ័ព ឱ្យកាន់តែល្អប្រសើរថែមទៀត»៕ដោយ៖ឡុង សំបូរ