ខេត្តកំពត: សមត្ថិកិច្ចជំនាញបានបញ្ជាក់ថា ខេត្តកំពតអនុវត្តគោលនយោបាយភូមិឃុំសង្គាត់មានសុវត្ថិភាពបានល្អជាងគេ ខេត្តមានឃុំសង្កាត់ជាប់ចំណាត់ថ្នាក់លេខ១ ចំនួន៨៥ និងលេខ២ចំនួន៨ឃុំសង្កាត់។ អភិបាលខេត្តកំពតបានកោតសរសើរ និងបានជំរុញលើកទឹកចិត្តឲ្យកម្លាំងសមត្ថិកិច្ច អាជ្ញាធរនៅមូលដ្ឋានបន្តប្រឹងប្រែងបន្ថែមទៀត ដើម្បីធានាឲ្យបាននូវសុវត្ថិភាព និងភាពសុខសាន្តជូនដល់ពលរដ្ឋ និងភ្ញៀវទេសចរ។
លោកវរសេនីយ៍ឯក ដាន វុត្ថា ស្នងការរង និងជាអ្នកនាំពាក្យនៃស្នងការដ្ឋាននគរបាលខេត្តកំពតបានលើកឡើងថា ខេត្តកំពតបាននិងកំពុងអនុវត្តគោលនយោបាយភូមិឃុំសង្គាត់មានសុវត្ថិភាពបានល្អប្រសើរ ហើយនៅឆ្នាំ២០២៤កន្លងទៅ ឃុំសង្កាត់ចំនួន៨៥ជាប់ចំណាត់ថ្នាក់លេខ១ និង៨ឃុំសង្កាត់ជាប់ចំណាត់ថ្នាក់លេខ២ ក្នុងចលនាប្រឡងប្រណាំងភូមិឃុំសង្កាត់មានសុវត្ថិភាព។ ហើយសម្រាប់ត្រីមាសទី១ឆ្នាំ២០២៥នេះ ភូមិសាស្ត្រសន្តិសុខសណ្តាប់ធ្នាប់ និងសុវត្ថិភាពសង្គមខេត្ត មានភាពល្អប្រសើរ។
នៅក្នុងកិច្ចប្រជុំបូកសរុបការអនុវត្តគោលនយោបាយភូមិឃុំសង្កាត់មានសុវត្ថិភាព ដែលបានរៀបចំធ្វើឡើងនៅសាលាខេត្ត នាព្រឹកថ្ងៃទី៨ ខែមេសា ឆ្នាំ២០២៥នោះដែរ ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តកំពត បានកោតសរសើរ និងជំរុញលើកទឹកចិត្តដល់កម្លាំងសមត្ថិកិច្ច និងអាជ្ញាធរនៅមូលដ្ឋានឲ្យបន្តខិតខំប្រឹងប្រែងដើម្បីធានាឲ្យបាននូវសុវត្ថិភាព និងភាពសុខសាន្តជូនពលរដ្ឋ និងភ្ញៀវទេសចរ។
ឯកឧត្តមអភិបាលខេត្ត ក៏បានស្នើដល់កងកម្លាំងគ្រប់ប្រភេទ អាជ្ញាធរគ្រប់លំដាប់ថ្នាក់សូមឲ្យបង្កើនការយកចិត្តទុកដាក់ខ្ពស់ ក្នុងការថែរក្សាសន្តិសុខសណ្តាប់ធ្នាប់ សុវត្ថិភាព ជូនដល់ពលរដ្ឋ និងភ្ញៀវទេសចរនៅក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ដើម្បីឲ្យពិធីបុណ្យប្រព្រឹត្តិទៅដោយរលូន និងពោពេញដោយភាពសប្បាយរីករាយ៕ សេង ណារិទ្ធ