សៀមរាប: រដ្ឋបាលសាលាខេត្តសៀមរាប បាននិមន្តព្រះសង្ឃ សូត្រមន្តប្រោះព្រហ្មលើករាសី ទទួលអំណរសាទរទេវតាឆ្នាំថ្មី ឆ្នាំ
ម្សាញ់ សប្តស័ក ព.ស២៥៦៨ ក្នុងគោលបំណងសុំនូវពរជ័យ សិរីសួស្តីគ្រប់ប្រការពីទេវតាឆ្នាំថ្មីនិងសុំជួយដល់ឯកឧត្តម លោកជំទាវ ក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត អស់លោក លោកស្រី ថ្នាក់ដឹកនាំមន្ទីរ ស្ថាប័ន អង្គភាព មន្ត្រីរាជការរដ្ឋបាលសាលាខេត្តសៀមរាប អាជ្ញាធរក្រុង ស្រុក ឃុំ សង្កាត់ និងប្រជាពល រដ្ឋខេត្តសៀមរាប ឲ្យជួបតែសេចក្តីសុខចម្រើន ទទួលបានជោគជ័យ បន្ថែមទៀតនៅគ្រប់ភារកិច្ចរបស់ខ្លួន ព្រមទាំងធ្វើការសំណេះសំណាលជាមួយមន្ត្រីរាជការ មន្ត្រីកិច្ចសន្យា ហាត់ការ កម្មករអនាម័យ និង អ្នកបើកបររថយន្ត នៅព្រឹកថ្ងៃទី១១ ខែ មេសា ឆ្នាំ២០២៥ ។ 
ក្នុងពិធីសូត្រមន្ត ប្រោះព្រហ្មទទួលទេវតាឆ្នាំថ្មីនេះ ប្រព្រឺត្តទៅក្រោមវត្តមានរបស់ឯកឧត្តម លី សំរិទ្ធ ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម ប្រាក់ សោភ័ណ អភិបាលនៃគណៈអភិបាលខេត្ត និង លោកជំទាវ ឯកឧត្តម លោកជំទាវជាសមាជិកក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត ស្នងការ មេបញ្ជាការកងកម្លាំងប្រដាប់អាវុធ និង ថ្នាក់ដឹកនាំ មន្ត្រីរាជការជុំវិញខេត្ត បានធ្វើពិធីបួងសួង និង សូមពរជ័យសិរីមង្គលពីទេវត្តាឆ្នាំថ្មី ក្នុងការប្រកបការងារជូនជាតិមាតុភូមិ ឲ្យមានការអភិវឌ្ឍន៍ រីកចម្រើនលើគ្រប់វិស័យនាឆ្នាំថ្មីនេះ ។
ក្នុងពិធីសូត្រមន្ត ប្រោះព្រហ្ម លើករាសី ទទួលអំណរសាទរទេវតាឆ្នាំថ្មី ដែលបានប្រព្រឹត្តទៅតាមគន្លងប្រពៃណីព្រះពុទ្ធសាសនា នៃកម្មវិធីបៀបវារៈ របស់លោកតាអាចារ្យរួចមក ក្នុងកិច្ចសំណេះសំណាល ជាមួយថ្នាក់ដឹកនាំ មន្ត្រីរាជការនោះដែរ ឯកឧត្តម លី សំរិទ្ធ និង ឯកឧត្តម ប្រាក់ សោភ័ណ បានគូសបញ្ជាក់ថា ការជួបជុំគ្នាថ្ងៃនេះ ក្នុងរូបភាពជាលក្ខណៈមហាគ្រួសារដ៏ធំមួយ នៃក្រុមគ្រួសារមន្ត្រីរាជការរដ្ឋបាលសាលាខេត្តសៀមរាប និង បណ្តាមន្ទីរ អង្គភាពជុំវិញខេត្ត ដែលមានការនឿយហត់បំពេញភារកិច្ចការងាររបស់ខ្លួន ក្នុងរយៈពេលមួយឆ្នាំមកនេះ ត្រូវអរគុណនយោបាយ ឈ្នះ ឈ្នះ ដឹងគុណស្ថាបនិកមគ្គទេសក៍ឯក និង ប្រតិបត្តិករនយោបាយ ឈ្នះឈ្នះ ដែលបាននាំមកនូវសន្តិភាព និងការឯកភាពជាតិពេញលេញ ធ្វើឲ្យប្រទេសជាតិមានការអភិវឌ្ឍន៍លើគ្រប់វិស័យ និង ក្រោមកិច្ចដឹកនាំរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ដែលបានធ្វើឲ្យប្រទេសជាតិមានការអភិវឌ្ឍន៍លើគ្រប់វិស័យ លើវិស័យសេដ្ឋកិច្ចជាតិ ។
ឯកឧត្តមក៏បានលើកឡើង ពីការអភិវឌ្ឍន៍លើវិស័យទេសចរណ៍របស់ខេត្ត ដោយខេត្តសៀមរាបជារមណីយដ្ឋានទេសចរណ៍វប្បធម៌ធម្មជាតិប្រវត្តិសាស្ត្រ ដែលសម្បូរទៅដោយប្រាង្គប្រាសាទ រមណីយដ្ឋានធម្មជាតិ ដែលបានក្លាយជាគោលដៅនៃភ្ញៀវទេសចរណ៍លើពិភពលោក មកទស្សនាកម្សាន្ត ព្រមទាំងធ្វើឲ្យជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ មន្ត្រីរាជការកាន់តែមានភាពប្រសើរឡើង ។ ឯកឧត្តមទាំងពីរ ក៏បានបញ្ជាក់ផងដែរ ពីការអភិរក្ស និងអភិវឌ្ឍន៍របស់ខេត្ត និងការរៀបចំសោភ័ណ្ឌភាពក្រុងប្រវតិ្តសាស្ត្រ ឲ្យមានភាពស្រស់ត្រកាលនាពេលរាត្រីទៅតាមដងផ្លូវ វិថីនានាក្នុងក្រុង ក្នុងការស្វាគមន៍ដល់ភ្ញៀវទេសចរជាតិ អន្តរជាតិ អញ្ជើញមកចូលរួម ក្នុងព្រឹត្តិការណ៍អង្គរសង្រ្កាន្ត នៅលើទឹកដីប្រវត្តិសាស្ត្រ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរយើង ។ ឯកឧត្តមក៏បានធ្វើការបួងសួង សូមឲ្យបារមីដ៏ស័ក្តសិទ្ធិ នៅលើទឹកដីប្រវត្តិសាស្ត្រខេត្តសៀមរាប តាមជួយថែរក្សាការពារដល់ថ្នាក់ដឹកនាំនៃរាជរដ្ឋាភិបាលគ្រប់ជាន់ថ្នាក់ សំខាន់សម្តេចតេជោ ហ៊ុន សែន ប្រធាន ព្រឹទ្ធសភា និង សម្តេចគិត្តិព្រឹទ្ធបណ្ឌិត ដែលជាមហាវរៈបរុសកុលបុត្រខ្មែរដ៏ឆ្នើម និង សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី និងលោកជំទាវ និង សម្តេចពិជ័យសេនា ទៀ បាញ់ និង លោកជំទាវ ក្នុងការដឹកនាំប្រទេសឲ្យមានការអភិវឌ្ឍន៍រីកចម្រើននៅគ្រប់មូលដ្ឋានទទួលបានជោគជ័យនៅឆ្នាំថ្មី ព្រមទាំងបានឧទ្ទិសបួងសួងដល់ទេវតាឆ្នាំថ្មី ឆ្នាំម្សាញ សប្តស័ក ដែលមានទេវតាព្រះនាម គោរាគៈទេវី ជារាជបុត្រីទី២ នៃកបិលមហាព្រហ្ម នឹងយាងចូលមកដល់នៅ វេលាម៉ោង០៤និង ៤៨នាទីទៀបភ្លឺ ថ្ងៃចន្ទ ២រោច ខែ ចេត្រ ត្រូវនឹងថ្ងៃទី ១៤ខែ មេសា ឆ្នាំ២០២៥ សូមជួយប្រោះព្រហ្មប្រសិទ្ធិពរជ័យ សិរីមង្គល បវរសួស្តីរ វិបុលសុខគ្រប់ប្រការ ដល់ក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត ថ្នាក់ដឹកនាំ មន្ត្រីរាជការ អ្នកមុខអ្នកការ ស្ថាប័ន អង្គភាពជុំវិញខេត្តផងដែរ ។
ក្នុងឱកាសនោះដែរក៏មានការនិមន្តព្រះសង្ឃ ៥៦អង្គ និងសីលវ័ន្តសីសវតី ធ្វើពិធីរាប់បាត្រ ដើមី្បឧទ្ទិសកុសល ផលបុណ្យ ជូនដល់វិញ្ញាណក្ខ័ន្ត មាតាបិតា ជីដូនជីតា ញ្ញាតិកាទាំងប្រាំពីរសណ្តាន បុព្វការីជន និង កម្មាភិបាល យុទ្ធជន យុទ្ធនារី ដែលបានពលីក្នុងបុព្វហេតុរំដោះជាតិមាតុភូមិ និង ប្រជាជនដែលបានស្លាប់ដោយភាពអយុត្តិធម៌ ក្នុងរបប ប្រល័យពូជសាសន៍ ប៉ុល ពត ដែលបានចែកឋានទៅកាន់លោកខាងមុខ ។ ជាមួយគ្នានេះ ក៏មានការសម្តែងនូវរបាំត្រុដិ ដើមី្បធ្វើការបណ្តេញចេញនូវឧបឌ្រុបចង្រៃយឆ្នាំចាស់ និង ទទួលយកនូវពរជ័យសិរីមង្គលឆ្នាំថ្មី ជូនដល់ក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត ថ្នាក់ដឹកនាំ មន្ត្រីរាជការ ជុំវិញខេត្ត បំពេញការងារភារកិច្ចឆ្នាំថ្មី បានទទួលជោគជ័យផងដែរ ៕






































