ខេត្តកែប៖ លោក ស៊ូ ស៊ុន្ទរ៉ា អតីតប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកំពង់ស្ពឺ ត្រូវបានប្រកាសចូលកាន់តំណែងជាប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូន ខេត្តកែប ខណ:លោក ម៉ម ទូច ដែលត្រូវបានផ្ទេរទៅកាន់តំណែងថ្មីជា ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូន ខេត្តកំពត រីឯប្រធានមន្ទីរខេត្តកំពតត្រូវបានផ្ទេរទៅកាន់តំណែងជាប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត កំពង់ស្ពឺវិញ។
ពិធីផ្ទេរ និង ប្រកាសចូលកាន់មុខតំណែងប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកែបនេះ បានរៀបចំឡើង នៅព្រឹកថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៥ ក្រោមអធិបតីភាព ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ឯកឧត្តម អ៊ុក ថា ប្រធានក្រុមប្រឹក្សាខេត្តកែប ឯកឧត្តមបណ្ឌិត សោម ពិសិដ្ឋ អភិបាលនៃគណៈអភិបាលខេត្ត នឹងបានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ ប្រតិភូអមដំណេីរ សមាជិក សមាជិកា ក្រុមប្រឹក្សាខេត្ត លោក លោកស្រី អភិបាលរងខេត្ត អភិបាលក្រុង ស្រុក កងកម្លាំងប្រដាប់អាវុធទាំង៣ប្រភេទ ព្រមទាំងមន្រ្តីរាជការ នៃមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកែបជាច្រើនរូបផងដែរ។ ពិធីនេះធ្វើឡើងនៅថ្ងែទី៣០ ខែមេសា ឆ្នាំ២០២៥ នៅសាលប្រជុំសេះសសាលាខេត្ត។
ថ្លែងនាឱកាសនោះ ឯកឧត្តមបណ្ឌិត សោម ពិសិដ្ឋ បានចូលរួមអបអរសាទរចំពោះការចូលកាន់មុខតំណែងនេះ ទន្ទឹមគ្នានោះដែរ ឯកឧត្តម ក៏បានណែនាំអោយប្រធានថ្មីនៃមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកែប ត្រូវខិតខំបន្ថែមទៀត ក្នុងការបំពេញទួនាទី ភារកិច្ច ប្រកបដោយការយកចិត្តទុកដាក់ និងទទួលខុសត្រូវខ្ពស់ ត្រូវបន្តធ្វើឲ្យបាននូវការថែរក្សាប្រពៃណី សាមគ្គីភាព ឯកភាពផ្ទៃក្នុង និងភាពជិតស្និតរវាងថ្នាក់ដឹកនាំ និងមន្ត្រីរាជការក្នុងអង្គភាព ដោយត្រូវចូលរួមសហការគ្នាអនុវត្តការងារឲ្យមានតម្លារភាព និងប្រសិទ្ធិភាពខ្ពស់។
មានប្រសាសន៍នាឱកាសនោះដែរ ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន ក៏បានណែនាំឱ្យលោកប្រធានមន្ទីរថ្មី បន្តប្រកាន់ខ្ជាប់នូវកិច្ចខិតខំប្រឹងប្រែង និងបំពេញការងារប្រកបដោយភាពបុរេសកម្ម ជាមួយថ្នាក់ដឹកនាំខេត្ត មន្ត្រីក្រោមឱវាទ ពិសេសជាមួយប្រជាពលរដ្ឋក្នុងមូលដ្ឋាន ដើម្បីឈានទៅសម្រេចនូវចក្ខុវិស័យ និងទិសដៅការងាររបស់ក្រសួង ក៏ដូចជាខេត្តផ្ទាល់ ដែលនឹងដាក់ចេញឱ្យអនុវត្តសម្រាប់ឆ្នាំ២០២៥ និងឆ្នាំបន្តបន្ទាប់។
សូមគូសបញ្ជាក់ថា ការសម្រួលភារកិច្ចប្រធានមន្ទីរនាពេលនេះ គឺដើម្បីជំរុញឱ្យមានការផ្លាស់ប្តូរនូវបទពិសោធន៍ និងពង្រឹងប្រសិទ្ធភាពការងារលើវិស័យសាធារណការ និងដឹកជញ្ជូននៅថ្នាក់ក្រោមជាតិ ទាំងនៅលើការងារគ្រប់គ្រងទូទៅ ការងារសាងសង់គ្រប់គ្រងបច្ចេកទេស និងការផ្តល់សេវាសាធារណៈ ជូនប្រជាពលរដ្ឋឱ្យកាន់តែប្រសើរឡើងថែមទៀត៕ សេង ណារិទ្ធ