ប្រជាពលរដ្ឋរងគ្រោះដោយខ្យល់កន្ត្រាក់ជិត ១០០គ្រួសារ នៅខេត្តព្រះវិហារ ទទួលបានអំណោយសប្បុរសធម៌ពីកាកបាទក្រហមកម្ពុជា

0

ខេត្តព្រះវិហារ៖ អភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តព្រះវិហារ លោក គីម រិទ្ធី បានដឹកនាំមន្ត្រីក្រោមឱវាទ រួមទាំងក្រុមការងារ នាំយកអំណោយកាកបាទក្រហមកម្ពុជា ដែលមានសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន ចែកជូនប្រជាពលរដ្ឋរងគ្រោះដោយសារខ្យល់កន្ត្រាក់ ៩៩គ្រួសារ នាថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៥ ស្ថិតនៅឃុំខ្យង និងឃុំតស៊ូ ស្រុកជ័យសែន ខេត្តព្រះវិហារ។

អំណោយដែលត្រូវចែកជូន ប្រជាពលរដ្ឋរងគ្រោះដោយខ្យល់កន្ត្រាក់ទាំង ៩៩គ្រួសារនាពេលនោះ ក្នុង១គ្រួសារៗទទួលបាន៖ អង្ករ ៣០គីឡូក្រាម មី១កេស ត្រីខ១យួរ ទឹកស៊ីអ៊ីវ១យួរ ឃីត១កញ្ចប់ និងថវិកា ៥ម៉ឺនរៀល។ ដោយឡែក ប្រជាពលរដ្ឋដែលរលំផ្ទះទាំងស្រុងចំនួន ១១គ្រួសារ ទទួលបានតង់កៅស៊ូ ១បន្ថែមទៀតផងដែរ។

អភិបាលខេត្តព្រះវិហារ លោក គីម រិទ្ធី បានពាំនាំប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខពី សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ជូនចំពោះ បងប្អូនប្រជាពលរដ្ឋទាំងអស់ ដោយក្តីនឹកលឹក និងបានសម្តែង នូវការសោកស្តាយយ៉ាងក្រៃលែង ចំពោះការបាត់បង់ជីវិត និងការខូចខាតទ្រព្យសម្បត្តិ រួមទាំងលំនៅឋានរបស់បងប្អូន ដែលបង្កឡើងដោយគ្រោះធម្មជាតិខ្យល់កន្ត្រាក់ និងផ្គររន្ទះ នៅពេលថ្មីៗកន្លងមកនេះ។

លោកអភិបាលខេត្តព្រះវិហារ ថ្លែងថា គ្រោះធម្មជាតិខ្យល់កន្ត្រាក់ បានបណ្តាលឱ្យខូចខាតលំនៅឋានប្រជាពលរដ្ឋជាច្រើនខ្នង នៅក្នុងស្រុកជ័យសែន និងស្រុកជាំក្សាន្ត។ លោកថា នៅស្រុកជាំក្សាន្ត មានប្រជាពលរដ្ឋម្នាក់បានបាត់បង់ជីវិតដោយសាររន្ទះបាញ់ និងក្រោយពីទទួលបានរបាយការណ៍ អំពីហេតុការណ៍នេះ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា មានការព្រួយបារម្ភយ៉ាងខ្លាំង ចំពោះសុខទុក្ខរបស់បងប្អូន និងបានបញ្ជូនអំណោយសង្គ្រោះបន្ទាន់ តាមរយៈសាខាកាកបាទក្រហមកម្ពុជាខេត្ត មកជូនបងប្អូនភ្លាមៗផងដែរ។

នៅក្នុងឱកាសនោះ អភិបាលខេត្តព្រះវិហារ លោក គីម រិទ្ធី បានបន្តដឹកនាំក្រុមការងារចុះពិនិត្យទីតាំងផ្ទាល់ ដល់លំនៅឋានប្រជាពលរដ្ឋ ដែលរងការខូចខាតធ្ងន់ធ្ងរ នៅក្នុងឃុំខ្យង និងឃុំតស៊ូ។ តាមរយៈការចុះពិនិត្យនេះ លោកអភិបាលខេត្ត ក៏បានឃើញផ្ទាល់នូវទំហំនៃការ ខូចខាត និងបានជួបសំណេះសំណាល ជាមួយប្រជាពលរដ្ឋដែលរងគ្រោះ ដើម្បីស្វែងយល់ពីតម្រូវការជាក់ស្តែងរបស់ពួកគាត់នៅទីនោះ។

លោកអភិបាលខេត្ត បានណែនាំដល់អាជ្ញាធរភូមិ ឃុំ និងប្រជាពលរដ្ឋ ត្រូវចូលរួមអនុវត្តរូបភាព “មិត្តជួយមិត្ត” ពោលគឺក្នុងនាមជាអ្នកជិតខាង ត្រូវជួយគ្នាទៅវិញទៅមក ដូចជាជួយឧបត្ថម្ភជាឈើ និងស័ង្កសី បន្តិចបន្តួច ឬជួយជាកម្លាំងពលកម្ម ធ្វើយ៉ាងណាជួយលើកផ្ទះ ឬខ្ទម ដែលរលំទាំងស្រុង និងខ្វះខាតកម្លាំងពលកម្ម ដូចជាគ្រួសារចាស់ជរា និងស្ត្រីមេម៉ាយ ដើម្បីឱ្យពួកគាត់បានរស់នៅសមរម្យឡើងវិញ៕ដោយ៖ឡុង សំបូរ