ទេសរដ្ឋមន្ត្រី គន់ គីម៖ សម្តេចធិបតី ហ៊ុន ម៉ាណែត បានបង្កលក្ខណៈងាយស្រួលគ្រប់បែបយ៉ាង ក្នុងការបម្រើបងប្អូនអតីតយុទ្ធជន ដែលធ្លាប់មានគុណបំណាច់ ចំពោះជាតិ មាតុភូមិ

0

ខេត្តព្រះវិហារ៖ ទេសរដ្ឋមន្ត្រី ទទួលបន្ទុកបេសកកម្មពិសេស អនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ និងជាអគ្គលេខាធិកាសមាគមអតីតយុទ្ធជនកម្ពុជា លោកកិត្តិសង្គហបណ្ឌិត គន់ គីម បានថ្លែងបែបនេះ ក្នុងពេលដែលលោកទេសរដ្ឋមន្ត្រី បានអញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងលើកទិសដៅការងារបន្តរបស់ គណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្ត និងសមាគមអតីតយុទ្ធជនកម្ពុជាខេត្តព្រះវិហារ នារសៀលថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៥ នៅសាលាខេត្តព្រះវិហារ។

កិច្ចប្រជុំនេះ ក៏មានការអញ្ជើញចូលរួមពីលោក ប្រាក់ វណ្ណ ប្រធានក្រុមប្រឹក្សាខេត្ត,លោក គីម រិទ្ធី អភិបាលខេត្តព្រះវិហារ ,ប្រតិភូអមដំណើរ គណៈអភិបាលខេត្ត ប្រធាន-អនុប្រធានមន្ទីរ អង្គភាព ជុំវិញខេត្ត មេបញ្ជាការកងកម្លាំងទាំង៣ គណៈអភិបាលក្រុង-ស្រុកទាំង៨ និងមន្ត្រីពាក់ព័ន្ធជាច្រើនរូបទៀត ផងដែរ។

ទេសរដ្ឋមន្ត្រី គន់ គីម បានថ្លែង កោតសរសើរចំពោះ ថ្នាក់ដឹកនាំសមាគមអតីតយុទ្ធជនកម្ពុជាខេត្តគ្រប់លំដាប់ថ្នាក់ ដែលបានរួមគ្នាក្នុងការបម្រើ និងដោះស្រាយការលំបាកខ្វះខាត ជូនបងប្អូនអតីតយុទ្ធជននៅក្នុងខេត្តព្រះវិហារ នាពេលកន្លងទៅ បានយ៉ាង​ល្អ​ប្រសើរ​ ។

ទេសរដ្ឋមន្ត្រី គន់ គីម បានថ្លែង ដោយបានសម្តែងនូវការអរគុណយ៉ាងជ្រាលជ្រៅ ចំពោះសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី និងជាអនុប្រធានទី១ គណៈកម្មាធិការសមាគមអតីតយុទ្ធជនកម្ពុជា ដែលបានបង្ករលក្ខណៈងាយស្រួលគ្រប់បែបយ៉ាង ក្នុងការបម្រើបងប្អូនអតីតយុទ្ធជន ដែលធ្លាប់មានគុណបំណាច់ចំពោះជាតិ មាតុភូមិ ដោយបានដោះស្រាយដីសម្បទានសង្គមកិច្ច សាងសង់ផ្ទះសម្បែង រៀបចំហេដ្ឋារចនាសម្ព័ន្ធ  ក្នុងជីវភាពរស់នៅប្រចាំថ្ងៃ ជូនអតីតយុទ្ធជននៅទូទាំងប្រទេស បានយ៉ាងល្អប្រសើរ។

ទេសរដ្ឋមន្ត្រី គន់ គីម បានបញ្ជាក់ថា ដើម្បីមាននិរន្តរភាពការងារសម្រាប់បម្រើបងប្អូនអតីតយុទ្ធជនកម្ពុជា សម្ដេចធិបតី ហ៊ុន ម៉ាណែត បានអនុញ្ញាតឲ្យធ្វើការសាងសង់ទីស្នាក់ការសមាគមអតីតយុទ្ធជនកម្ពុជា នៅគ្រប់បណ្ដាខេត្ត-រាជធានី  ដើម្បីងាយស្រួលក្នុងការដោះស្រាយ និងបម្រើសេចក្តីត្រូវការចាំបាច់នានា ជូនបងប្អូនអតីតយុទ្ធជនកម្ពុជារបស់យើង៕ដោយ៖ឡុង សំបូរ