បទល្មើសធនធានធម្មជាតិ នៅតែបន្តកើតមាន អាជ្ញាធរមានសមត្ថកិច្ចស្រុករវៀង ខេត្តព្រះវិហារ ចុះបង្ក្រាបគោយន្តកន្ត្រៃដឹកឈើ ៣គ្រឿង ដកហូតឈើអារបានជាង ១២ម៉ែត្រគូបត្រីគុណ តែមេឈ្មួញបានរត់គេចខ្លួនដោយសុវត្ថិភាព

0

ខេត្តព្រះវិហារ៖ ជំនួញឈើខុសច្បាប់ នៅក្នុងស្រុកឆែប និងស្រុករវៀង ខេត្តព្រះវិហារ នៅតែបន្តធ្វើសកម្មភាពបំផ្លិចបំផ្លាញដោយឈ្មួញមួយក្រុមតូច បើទោះបីអាជ្ញាធរខេត្ត ពិសេសប្រមុខរាជរដ្ឋាភិបាល បានដាក់ចេញនូវបទបញ្ជាយ៉ាងតឹងរឹង ឱ្យមានការចុះទប់ស្កាត់ និងបង្ក្រាបយ៉ាងណាក្តី។

ជាក់ស្តែង នៅយប់ថ្ងៃទី២៧មេសា២០២៥ កន្លងទៅថ្មីៗនេះ សកម្មភាពដឹកជញ្ជូនឈើខុសច្បាប់ តាមគោយន្តកន្ត្រៃ ៣គ្រឿង ដែលគោយន្ត ១គ្រឿង បានផ្ទុកឈើអារមិនតិចជាង ៤ម៉ែត្រគូបត្រីគុណនោះទេ ដែលឈើទាំងនោះ ត្រូវគេរាយការណ៍ថា មេឈ្មួញត្រូវបានគេស្គាល់ឈ្មោះ វីរៈ រស់នៅខេត្តកំពង់ចាម បានជួលប្រជាពលរដ្ឋឱ្យដឹកជញ្ជូនចេញពីដែនជម្រកសត្វព្រៃ ព្រៃឡង់ ក្នុងភូមិសាស្ត្រខេត្តព្រះវិហារ នាំយកទៅឱ្យខ្លួន(វីរៈ)ចែកចាយលក់បន្តនៅក្នុងខេត្តកំពង់ធំ។

នៅក្នុងសកម្មភាពប្រព្រឹត្តបទល្មើសធនធានធម្មជាតិ ដ៏គឃ្លើនផ្គើននឹងបទបញ្ជារបស់ ប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តព្រះវិហារ ជាពិសេសបទបញ្ជារបស់ រាជរដ្ឋាភិបាលកម្ពុជា នោះ បានញ៉ាំងឱ្យប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលស្រុករវៀង លោក ហោ ប៊ុនហួរ ដឹកនាំកម្លាំងសមត្ថកិច្ចមូលដ្ឋាន ចុះបង្ក្រាបចាប់យកគោយន្តកន្ត្រៃដឹកជញ្ជូនឈើ ៣គ្រឿង និងរឹបអូសបានឈើអារលេខ២ ប្រភេទឈើផ្តៀក សរុបមានចំនួនជាង ១២ម៉ែត្រគូបត្រីគុណ នាវរលាម៉ោង១២ និង៣០នាទីរំលងអាធ្រាត្រ ឈានចូលថ្ងៃទី២៧មេសា២០២៥ ដែលឈើទាំងនោះ ត្រូវគេដឹងថា ឈ្មួញបានកាប់ អារ ពុះជ្រៀក និងដឹកជញ្ជូនចេញពីតំបន់ដែនជម្រកសត្វព្រៃ ព្រៃឡង់ ស្ថិតក្នុងភូមិសាស្ត្រស្រុកឆែប នាំឆ្លងកាត់ស្រុករវៀង ខេត្តព្រះវិហារ ក្នុងគោលដៅនាំយកទៅលក់នៅក្នុងខេត្តកំពង់ធំ។ តែត្រូវបានបង្ក្រាបដោយ កម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលស្រុករវៀង ដែលដឹកនាំដោយ លោក ហោ ប៊ុនហួរ។ ដោយឡែក ជនសង្ស័យជាមេឈ្មួញឈើ បានរត់គេចខ្លួនដោយសុវត្ថិភាព។

ក្រោយការបង្ក្រាប គោយន្តកន្ត្រៃដឹកឈើទាំង ៣គ្រឿង រួមទាំងឈើជាង ១២ម៉ែត្រគូបត្រីគុណ ត្រូវបាននាំយកទៅរក្សាទុក ២គ្រឿង នៅស្នាក់ការដែនជម្រកសត្វព្រៃបឹងពែរ(រំចេក) និង ១គ្រឿងទៀត រក្សាទុកនៅផ្នែករដ្ឋបាលព្រៃឈើរវៀង ដើម្បីកសាងសំណុំរឿង បញ្ជូនចាត់ការតាមនីតិវិធីច្បាប់។

ដោយឡែក សកម្មភាពដឹកជញ្ជូនឈើអារ បង្កប់ក្រោមឈើកែច្នៃ តាមរថយន្តសាំងយ៉ុង និងរថយន្តផ្សេងៗជាច្រើនគ្រឿងទៀត របស់មេឈ្មួញដុះស្លែជាច្រើននាក់ ចេញពីដែនដីរដ្ឋបាលខេត្តព្រះវិហារ ឆ្លងកាត់ដែនដីក្រុងព្រះវិហារ និងស្រុករវៀង ក៏ត្រូវគេមើលឃើញថា នៅតែបន្តកើតមានជាហូរហែរ។

សកម្មភាពបទល្មើសទាំងនេះ អាជ្ញាធរមានសម្ថកិច្ចនៅក្នុងមូលដ្ឋាននីមួយៗ ក៏គួរមានវិធានការទប់ស្កាត់ និងបង្ក្រាបឱ្យបានយ៉ាងសកម្ម តាមការដាក់ចេញនូវបទបញ្ជារបស់ ប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត ជាពិសេសបទបញ្ជាដ៏ខ្ពង់ខ្ពស់របស់ រាជរដ្ឋាភិបាល ឱ្យបានដូចភ្លៀងរលឹម ផងនោះដែរ៕ដោយ៖ឡុង សំបូរ