ខេត្តកំពត: ប្រជាពលរដ្ឋ និងអាជ្ញាធរឃុំម៉ាក់ប្រាង្គ ស្រុកទឹកឈូ ខេត្តកំពត បានបញ្ជាក់ថា ឥឡូវនេះរដូវប្រមូលផលទុរេនបានចូលមកដល់ហើយ សម្រាប់ទិន្នផលទុរេនឆ្នាំនេះខ្ពស់ជាងឆ្នាំមុន ផ្លែក៏ពេញទឹកហើយធំល្អ រសជាតិក៏កាន់តែឈ្ងុយឆ្ងាញ់ ជាងទុរេននៅតំបន់ផ្សេងៗ នៃខេត្តកំពត ខណៈដែលតម្លៃទីផ្សារក៏ប្រសើរ បន្ទាប់ពីអាជ្ញាធរស្រុក ក៏ដូចជាឃុំស្នើសុំឲ្យអាជីវករលក់តែទុរេនក្នុងខេត្ត និងក្នុងតំបន់របស់ខ្លួននោះ។
លោក យិ តេង ជាម្ចាស់ចំការទុរេន ស្ថិតក្នុងភូមិស្នំប្រាំពីរ ឃុំម៉ាក់ប្រាង្គ ស្រុកទឺកឈូ ខេត្តកំពត បានបញ្ជាក់អោយដឹងនៅរសៀលថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៥ថា ជាទូទៅទុរេនចាប់ផ្តើមប្រមូលផលចាប់ពីដើមខែឧសភា ហើយមកដល់ពេលនេះ កំពុងតែពេញបន្ទុកតែម្តង គ្រប់ចម្ការប្រមូលផលទុរេនគ្រប់ៗគ្នា និងថា ទុរេនឆ្នាំនេះមានទិន្នផលខ្ពស់ជាងឆ្នាំមុន ផ្លែក៏ធំ រសជាតិក៏កាន់តែឈ្ងុយឆ្ងាញ់ ជាងគេ។
ចំណែកម្ចាស់ចម្ការ និងជាអាជីវករលក់ទុរេននៅតាមផ្លូវទៅរមណីយដ្ឋានទឺកឈូ ក៏បានបញ្ជាក់ដែរថា គាត់លក់ទុរេនពេញមួយឆ្នាំតែម្តង គាត់មានអតិថិជនច្រើន ហើយភ្ញៀវទេសចរក៏មានភាពជឿជាក់ និងជួយគាំទ្រទិញទុរេនគាត់ហូបច្រើនដែរ ហើយមិនសូវសូញសាញ់រឿងតម្លៃទេ ព្រោះគាត់លក់តែទុរេនក្នុងតំបន់ មិនដែលក្លែងបន្លំនោះឡើយ ពោលគឺលក់តែទុរេនដែលបេះមកពីចំការ ក្នុងភូមិសាស្ត្រទឹកឈូតែម្តង។
មេឃុំម៉ាក់ប្រាង្គ លោក សេង ឆាយ បានបញ្ជាក់ដែរថា ដោយមានការណែនាំពីលោក អ៊ឹម ច័ន្ទសោធន អភិបាលស្រុកទឹកឈូ អាជ្ញាធរឃុំតែងតែចុះទៅណែនាំដល់ប្រជាពលរដ្ឋជាអ្នកដាំ អាជីវករ សូមឲ្យរក្សាភាពស្មោះត្រង់ កុំយកទុរេនពីប្រទេសជិតខាងមកបន្លំលក់ឲ្យភ្ញៀវ ព្រោះវាធ្វើឲ្យប៉ះពាល់ដល់កិត្តិស័ព្ទរបស់ទុរេនកំពត ពិសេសអាជ្ញាធរតែងតែលើកទឹកចិត្ត ឲ្យអាជីវករនៅតាមផ្លូវទៅទឹកឈូ លក់តែទុរេនទឹកឈូបានហើយ។ លោកបានបញ្ជាក់ដែរថា ទុរេនទឹកឈូផ្លែធំល្អ និងមានរសជាតិឈ្ងុយឆ្ងាញ់ជាងគេ នៅក្នុងខេត្ត។ ទុរេនមានផ្លែពណ៌ប្រផេះភាគច្រើន ដាំតាមតំបន់ជើងភ្នំ និងពណ៌ខៀវ ភាគច្រើនដាំនៅតាមបន់ក្បែរមាត់ព្រែក ឬមាត់ជ្រោះ ដែលស្ថិតក្នុងភូមិសាស្ត្រស្រុកទឹកឈូ៕ សេង ណារិទ្ធ




































