ពលរដ្ឋខេត្តកំពតថាព័ត៌មានសំខាន់សម្រាប់ជីវិតហើយការរួមគ្នាលុបបំបាត់ព័ត៌មានក្លែងក្លាយគឺជាតួនាទីរួម

0

ដោយសេង ណារិទ្ធ

ខេត្តកំពត: ប្រជាពលរដ្ឋខេត្តកំពតបានលើកឡើងថា ជីវិតរស់នៅមិនអាចខ្វះព័ត៌មានបានទេ ក៏ប៉ុន្តែមុននឹងទទួលយកព័ត៌មានអ្វីមូយ ត្រូវពិនិត្យប្រភពឲ្យច្បាស់លាស់ ចៀសវាងការចាញ់បោកគេ ព្រោះសម័យបច្ចុប្បន្នមានបុគ្គលខិតខូចមួយចំនួនតូចបង្កើតព័ត៌មានបំពុលសង្គមដើម្បីបម្រើឲ្យផលប្រយោជន៍ខ្លួន។ ដូច្នេះការចូលរួមលុបបំបាត់ព័ត៌មានក្លែងក្លាយគឺជាតួនាទីរួមរបស់យើងទាំងអស់គ្នា ខណៈមន្ត្រីជំនាញអំពាវនាវឲ្យប្រឆាំង ហើយកុំចែករំលែកបន្ត។

ប្រជាពលរដ្ឋដែលជាអាជីវករ និងជាបុគ្គលិក កម្មករ កម្មការិនីរោងចក្រនៅស្រុកកំពង់ត្រាច ខេត្តកំពតបានបង្ហាញការយល់ដឹង និងការគាំទ្រចំពោះយុទ្ធនារការ “និយាយថាទេ ចំពោះព័ត៌មានក្លែងក្លាយ” របស់ក្រសួងព័ត័មាន ដែលដឹកនាំដោយឯកឧត្តមរដ្ឋមន្ត្រី នេត្រ ភត្ត្រា ដើម្បីឲ្យប្រជាពលរដ្ឋទទួលបានព័ត័មានពិត ព័ត៌មានដែលមានគុណតម្លៃសម្រាប់ប្រើប្រាស់ក្នុងជីវភាពរស់នៅប្រចាំថ្ងៃកាន់តែប្រសើរ។

លោក សាន សុផល ប្រធានក្រុមការងារចុះផ្សព្វផ្សាយយុទ្ធនាការ “និយាយថាទេ ចំពោះព័ត៌មានក្លែងក្លាយ” បានប្រាប់ឲ្យដឹងនៅថ្ងែទី១៤ ខែមិថុនា ឆ្នាំ២០២៥ថា ការធ្វើយុទ្ធនាការនេះ ដើម្បីបញ្ជ្រាបការយល់ដឹងបន្ថែមអំពីលក្ខណៈសំគាល់ព័ត៌មានពិត ហើយកុំចែកចាយ កុំផ្សព្វផ្សាយព័ត៌មានក្លែងក្លាយ រួមមាន៖ព័ត៌មានមិនពិត ព័ត៌មានបំភាន់ ព័ត៌មានបំភ្លៃ និងព័ត៌មានគ្មានប្រភពច្បាច់លាស់ជាដើម ដែលអាចបង្កឲ្យប៉ះពាល់ដល់ប្រយោជន៍បុគ្គល សហគមន៍ និងសង្គមជាតិ។លោកអំពាវនាវឲ្យប្រជាពលរដ្ឋរួមគ្នាទប់ស្កាត់ និងលុបបំបាត់ព័ត៌ក្លែងក្លាយ។

បើតាមការបញ្ជាក់ មន្ទីរព័ត៌មានខេត្តកំពតបានចុះធ្វើយុទ្ធនាការ “និយយថាទេ ចំពោះព័ត៌មានក្លែងក្លាយ” រយៈពេលពីរសប្តាហ័មកហើយ នៅតាមទីប្រជុំជន ទីផ្សារ សាលារៀន រោងចក្រ និងតំបន់ទេសចរណ៍នៅទូទាំងខេត្តផងដែរ ដើម្បីធានាថាប្រជាពលរដ្ឋមានការយល់ដឹងច្បាស់សាល់ ថាព័ត័មានណាពិត ព័ត៌មានណាក្លែងក្លាយ៕