ឧត្តមសេនីយ៍ទោ សោម ស៊ុន បន្ត​នាំយកអំណោយមនុស្សធម៌របស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ ឧបត្ថម្ភជូនប្រជានេសាទ ដែលមានជីវភាពលំបាកខ្វះខាតនៅឃុំផាត់សណ្ដាយ

0

(កំពង់ធំ)÷ នៅព្រឹកថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៥ ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករង អនុប្រធានអចិន្ត្រៃយ៍គណៈកម្មការការពារទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិខេត្តកំពង់ធំ  បានបន្តដឹកនាំសហការី នាំយកអំណោយមនុស្សធម៌ របស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ទៅឧបត្ថម្ភជូនប្រជានេសាទ ដែលមានជីវភាពលំបាកខ្វះខាត ចំនួន២០​ គ្រួសារ និងផ្សព្វផ្សាយសភាពករណ៍ថ្មី​នៅ​តាម​ខ្សែ​បន្ទាត់​ព្រំដែន​កម្ពុជា​ ថៃ​ ព្រមទាំង​អនុសាសន៍៦ចំណុច របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជូនដល់ប្រជានេសាទ និងកងកម្លាំងចម្រុះ ដែល​កំពុង​បំពេញ​ភារកិច្ច​នៅក្នុងតំបន់បឹងទន្លេសាប ក្នង​ឃុំផាត់សណ្ដាយ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ។

ឧត្តមសេនីយ៍ទោ សោម ស៊ុន បានថ្លែងអំណរគុណចំពោះកងកម្លាំងចម្រុះ ដែលរួមសហការជាមួយអាជ្ញាធរដែនដី សមត្ថកិច្ចជំនាញ រួមជាមួយប្រជានេសាទមួយចំនួន ដែលអនុវត្តបានល្អតាមច្បាប់ជលផល និងការណែនាំរបស់ស្ថាប័នជំនាញក្នុងការប្រកបមុខរបរនេសាទ ។ ជាមួយនោះដែរ កងកម្លាំងចម្រុះទាំងអស់ បានរួមសហការគ្នាក្នុងការការពារទប់ស្ចាត់និងបង្ក្រាបបទល្មើសនេសាទខុសច្បាប់ទទួលបានលទ្ធផលប្រសើរ ដើម្បីរក្សាធនធានមច្ឆជាតិរបស់យើង ទុកសម្រាប់ជូនប្រជាពលរដ្ឋនៅទូទាំងប្រទេស និងកូនចៅយើងនៅជំនាន់ក្រោយៗទៀត ។

ឧត្តមសេនីយ៍ទោ សោម ស៊ុន បានផ្សព្វផ្សាយអនុសាសន៍៦ចំណុច របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជូនដល់ប្រជានេសាទ និងកងកម្លាំងចម្រុះ ឲ្យបានយល់ជ្រួតជ្រាបនិងសំណូមពរដល់ប្រជាពលរដ្ឋទាំងអស់ ត្រូវ​មាន​ការ​ជឿជាក់​លេី​ការដឹកនាំ​របស់​ប្រមុខ​ថ្នាក់​ដឹកនាំ​នៃរាជ​រដ្ឋាភិបាល​កម្ពុជា​ ដែល​មាន​ជំហរ​យ៉ាង​មុឺងម៉ាត់​ក្នុង​ការ​ការ​ពារ​បូណភាព​ទឹក​ដី​ និង​អធិបតេយ្យភាព​មិន​ឲ្យ​មាន​ខ្មាំង​សត្រូវ​ណា​មករំលោភ បំពានបានឡេីយ​ ។ ហើយ​នៅ​ក្នុង​ឱកាស​នេះ​ដែរ​ ឧត្ដមសេនីយ៍​ទោសោម​ ស៊ុន​ បាន​សំណូមពរ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ទាំង​អស់​សូមមេត្តា កុំប្រព្រឹត្តបទល្មើសនេសាទខុសច្បាប់ ព្រោះនេះជារដូវបិទនេសាទ ដែលការប្រេីប្រាស​ឧបករណ៍​នេសាទ​ខុស​ច្បាប់​នាំឲ្យមានទោសដល់ខ្លួន និងបង្កផលលំបាកដល់ក្រុមគ្រួសារ នីមួយៗ និងសហគមន៍យើង ។ ដូច្នេះសំណូមពរសុំឱ្យយើងទាំងអស់គ្នា ត្រូវចូលរួមអនុវត្តតាមច្បាប់ និងការណែនាំរបស់ប្រមុខរាជរដ្ឋាភិបាលរបស់យើង  ដែលដឹកនាំដោយសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលលោកតែងតែគិតគូរដោះស្រាយចំពោះប្រជាពលរដ្ឋទូទៅ នៅគ្រប់ទិសទី ដើម្បីសង្គមជាតិយើងទាំងមូល ។

នៅក្នុងឱកាសនេះឧត្តមសេនីយ៍ទោ សោម ស៊ុន បានប្រគល់ជូនអំណោយមនុស្សធម៌របស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត និង​លោក​ជំទាវ​បណ្ឌិត​ពេជ​ ចន្ទមុន្នី​ ជូនចំពោះប្រជាសាទ ដែលមានជីវភាពលំបាកខ្វះខាតចំនួន ២​០​ គ្រួសារ ដោយក្នុងមួយគ្រួសារទទួលបាននូវអង្ករ ២៥គីឡូក្រាម មីជាតិចំនួន១កេស ទឹកត្រីទឹកស៊ីអ៊ីវចំនួន២យួរ និងត្រីខកំប៉ុងចំនួន១យួរ ផងដែរ ៕