លោកអភិបាលស្រុកស្ទោង ណែនាំដល់អាជ្ញាធរឃុំត្រូវប្រើប្រាស់ថវិកាមូលនិធិឃុំ ផ្តោតលើតម្រូវការជាអាទិភាព និងការចាំបាច់បំផុតរបស់ប្រជាពលរដ្ឋ

0

(កំពង់ធំ)÷ ជាមួយនឹងការដោះស្រាយនូវបញ្ហាដែលបានលើកឡើងនៅក្នុងប្រធាបទក្នុងឱកាសនេះលោក សាយ គឹមឡម អភិបាលស្រុកស្ទោង បានណែនាំដល់អាជ្ញាធរឃុំត្រូវប្រើប្រាស់ថវិកាមូលនិធិឃុំផ្តោតលើតម្រូវការជាអាទិភាព និងការចាំបាច់បំផុតរបស់ប្រជាពលរដ្ឋ លោកបានថ្លែងដូច្នេះនៅក្នុងវេទិកាពិគ្រោះយោបល់ក្រុមប្រឹក្សាស្រុកក្នុងអាណត្តិទី៤ នៅឃុំកំពង់ចិនជើង និងឃុំកំពង់ចិនត្បូង នៅវត្តឈើទាល កាលពីថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៥។

លោកបានសង្កត់ធ្ងន់ថា អាជ្ញាធរឃុំត្រូវតែមានភាពម្ចាស់ការក្នុងការលើកឡើងពីគម្រោងផែនការអភិវឌ្ឍនានារបស់ខ្លួន ជាពិសេសត្រូវមានផែនការមេ និងផែនការលំអិត ដើម្បីទទួលបាននូវការចាប់អារម្មណ៍ ការជឿទុកចិត្ត និងការចូលរួមសហការពីសប្បុរសជន ក៏ដូចជាដៃគូអភិវឌ្ឍនានា ជាពិសេសក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកស្ទោង ដែលមានឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម ជាប្រធាន ហើយបានចុះជួយ និងអភិវឌ្ឍមូលដ្ឋានសព្វថ្ងៃ ក្រោមការចង្អុលបង្ហាញដ៏ខ្ពង់ខ្ពស់របស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ស្របតាមយុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាលអាណត្តិទី៧នេះ។

លើសពីនេះទៀត លោកបានណែនាំដល់អាជ្ញាធរឃុំ ត្រូវចុះសិក្សានិងចុះឱ្យដល់ទីតាំងផ្ទាល់ ដើម្បីដោះស្រាយបញ្ហាសំណូមពរឬតម្រូវការជាក់ស្ដែង ដែលប្រជាពលរដ្ឋបានលើកឡើង ដើម្បីទទួលបាននូវព័ត៌មានពិតប្រាកដ និងចុះជួយបាន ត្រូវគោលដៅ និងទាន់ពេលវេលា ហើយត្រូវពង្រឹងគុណភាពប្រសិទ្ធភាពការងារជាពិសេសការផ្ដល់សេវាប្រចាំថ្ងៃជូនប្រជាពលរដ្ឋឱ្យកាន់តែប្រសើរឡើង។