ឯកឧត្តមបណ្ឌិត យ៉េត វីណែល សំណេះសំណាលជាមួយនិវត្តជន ថ្នាក់ដឹកនាំ មន្ត្រីរាជការ នៃមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុ សាខាពន្ធដារ សាខាគយ និងរដ្ឋាករ ព្រមទាំងរតនគារខេត្តកំពង់ធំ

0

(កំពង់ធំ)÷ ឯកឧត្តមបណ្ឌិត យ៉េត វីណែល អនុរដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជាប្រធានកិត្តិយសសមាគមន៍សង្គហៈមិត្តបុគ្គលិក មន្ត្រីរាជការ លោកជំទាវ លំ គន្ធារី អភិបាលរងខេត្តកំពង់ធំ លោក លី ពេជ្រវីរៈ ប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្ត ប្រធាន អនុប្រធាន សាខាគយ និងរដ្ឋាករខេត្ត សាខាពន្ធដារខេត្ត រតនាគារខេត្ត និងមន្ត្រីរាជការ បានអញ្ជើញចូលរួមក្នុងកម្មវិធីសំណេះសំណាលជាមួយនិវត្តជន ថ្នាក់ដឹកនាំ មន្ត្រីរាជការ នៃមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុ សាខាពន្ធដារ សាខាគយ និងរដ្ឋាករ ព្រមទាំងរតនគារខេត្តកំពង់ធំ នៅព្រឹកថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២៥ នៅសាលប្រជុំសាលាខេត្តកំពង់ធំ។

លោក លី ពេជ្រវីរៈ ប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្តកំពង់ធំ បានលើកឡើងថា ដើម្បីធ្វើការសំណេះសំណាល សួរសុខទុក្ខ ជាមួយ អតីតថ្នាក់ដឹកនាំ និងមន្ត្រីរាជការចូលនិវត្ត នៅអង្គភាពក្រោមឱវាទ នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ដោយក្តីនឹករលឹក។ នេះបានបង្ហាញឱ្យឃើញយ៉ាងច្បាស់នូវការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាល ព្រមទាំង ក្រសួងក៏ដូចជាសមាគមសង្គហៈមិត្ត បុគ្គលិក មន្ត្រីរាជការ នៃក្រសួងសេដ្ឋ កិច្ចនិងហិរញ្ញវត្ថុ ចំពោះសុខទុក្ខរបស់ លោក-លោកស្រី ដែលជានិវត្តជន ជាអតីតថ្នាក់ដឹកនាំ មន្ត្រីរាជការនៅ អង្គភាព ថ្នាក់មូលដ្ឋាន ក្រោមឱវាទ របស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ នៅក្នុងខេត្តកំពង់ធំ។ និវត្តជនដែលបានអញ្ជើញចូលរួមក្នុងពិធីនាឱកាសនេះ មិនបានអញ្ជើញមកគ្រប់គ្នាឡើយ ដោយសារ មានទីលំឋាននៅឆ្ងាយ និងមួយចំនួនទៀត ចាស់ជរា មានជំងឺប្រចាំកាយ នឹងមួយចំនួនទៀត ជាប់រវល់បំពេញភារកិច្ចផ្ទាល់ខ្លួន។

ថ្លែងនៅក្នុងកម្មវិធីនេះឯកឧត្តមបណ្ឌិត យ៉េត វីណែល អនុរដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានបញ្ជាក់ថាមានការយកចិត្តទុកដាក់ពីរាជរដ្ឋាភិបាលកម្ពុជា ដែលដឹកនាំដោយសម្ដេចមហាបបរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានខិតខំប្រឹងប្រែងឱ្យតម្លៃទៅលើនិវត្តនជាជនដែលបានខិតខំបំពេញការងារនៅក្នុងមន្ទីរអង្គភាពរបស់ខ្លួនកន្លងមកចម្រើនជាលំដាប់។ ដូច្នេះប្រសិនបើនិវត្តជនមានបញ្ហាសុខភាព មរណភាព ក្រសួងនិងរៀបចំជាកញ្ចប់ថវិកា ដើម្បីចុះសួរសុខទុក្ខ និងផ្ដល់ថវិកាសម្រាប់ដល់អ្នកមរណភាពដើម្បីឱ្យពួកគាត់យកទៅប្រើប្រាស់ឱ្យបានសមស្រប មានតម្លាភាពផងដែរ។

សូមបញ្ជាក់ផងដែរថា ស្ថិតិមន្ត្រីរាជការដែលបានចូលនិវត្តន៍ របស់អង្គភាពនៅថ្នាក់មូលដ្ឋានស្ថិតក្រោមឱវាទ របស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ក្នុងខេត្តកំពង់ធំមនិវត្តជនសរុបចំនួន៤៩នាក់ ស្រី៤៩នាក់ ដែលក្នុងនោះមាន÷ ១-មន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្តសរុបចំនួន២១នាក់ ស្រី០៥នាក់។២-រតនាគារខេត្ត សរុបចំនួន០៦នាក់ ស្រី០១នាក់។ ៣-សាខាពន្ធដារខេត្តសរុបចំនួន២២នាក់ ស្រី០៦នាក់។ ៤-សាខាគយនិងរដ្ឋាករខេត្តពុំមាននិវត្តជននោះទេ និវត្តជនក្នុង១នាក់ទទួលបានថវិកា១៥ម៉ឺនរៀល ជាថវិការបស់សមាគមសង្គហៈមិត្តបុគ្គលិកមន្ត្រីរាជការនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រម៉ា១ ជាអំណោយរបស់លោកជំទាវ អ៉ឹម ប៉ូលីកា អូនព័ន្ធមុនីរ័ត្ន ប្រធានកិត្តិយសសាខាសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។ អត្ថបទលោក ធូ កែវមុន្នី