(ខេត្តកំពង់ធំ)៖ នៅពេលថ្មីៗកន្លងទៅនេះ ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករង អនុប្រធានអចិន្ដ្រៃយ៍នៃគណៈកម្មការគ្រប់គ្រងការពារទប់ស្កាត់ និងបង្ក្រាបបទល្មើស
ធនធានធម្មជាតិខេត្តកំពង់ធំ បានប្រគល់ភារកិច្ចជូនកម្លាំងនៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ដែលកំពុងបំពេញភារកិច្ចបង្ក្រាបបទល្មើសនេសាទខុសច្បាប់ នៅតំបន់បឹងទន្លេសាប ក្នុងឃុំផាត់សណ្តាយ ស្រុកកំពង់ស្វាយ និងឃុំពាមបាង ស្រុកស្ទោង ខេត្តកំពង់ធំ ត្រូវបន្តអនុវត្តន៍ឲ្យបានមុឺងម៉ាត់តាមបទបញ្ជារបស់ប្រមុខរាជរាជរដ្ឋាភិបាល និងថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់នៃកងយោធពលខេមរភូមិន្ទ ព្រមទាំងបទបញ្ជារបស់ឯកឧត្តមនួន ផារ័ត្ន អភិបាលខេត្ត ប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត ស្តីពីការបង្ក្រាបបទល្មើសនេសាទខុសច្បាប់ឲ្យដូចភ្លៀងរលឹម និងឲ្យមានប្រសិទ្ធភាព ពិសេសនៅក្នុងរដូវបិទនេសាទនេះ។
លោកវរសេនីយ៍ទោស៊ុន សារិន ប្រធានទីបញ្ជាការស្រាលប្រចាំការនៅឃុំផាត់សណ្តាយ ស្រុកកំពង់ស្វាយ និងលោកអនុសេនីឯក សុក វណ្ណដា ប្រធានទីបញ្ជាការស្រាលប្រចាំការនៅឃុំពាមបាង ស្រុកស្ទោង ខេត្តកំពង់ធំ បានបញ្ជាក់ថា ដោយអនុវត្តតាមបទបញ្ជារបស់ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករង កំពង់ធំ ។ នៅព្រឹកថ្ងៃទី ០៧ ខែកក្កដា ឆ្នាំ២០២៥ នេះ កងកម្លាំងទីបញ្ជាការស្រាលបង្ក្រាបបទល្មើសនេសាទខុសរបាំងស្បៃមុងខុសច្បាប់ ទាំងពីរគោលដៅ ដោយបានបំផ្លាញឧបករណ៍នេសាទខុសច្បាប់ មានដូចជា បង្គោលរបាំង ចំនួនជាង ៩០០ដេីម របាំងស្បៃមុងខុសច្បាប់ ដែលច្បាប់បានហាមឃាត់ដាច់ខាត ចំនួន ជាង ១៥០០ ម៉ែត្រ ឡុក និងលបស្បៃមុងចំនួន ៤១ លប -ឡុក ព្រមទាំងបានចាក់លែងកូនត្រី ប្រមាណ ជាង ២០ គីឡូក្រាម ផងដែរ ។
ឧត្តមសេនីយ៍ទោ សោម ស៊ុន បានថ្លែងអំណរគុណចំពោះកងកម្លាំងនៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ដែលបានសហការគ្នាល្អ ជាមួយកងកម្លំាងចម្រុះ ក្នុងការចូលរួមបង្ក្រាបបទល្មើសនេសាទខុសច្បាប់ ទទួលបានលទ្ធផលល្អ និងបានណែនាំដល់កងកម្លំាងទាំងអស់ ត្រូវបន្តបំពេញភារកិច្ចប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ដោយមិនឲ្យមានបទល្មើសនេសាទខុសច្បាប់កេីតមានឡេីងវិញជាថ្មីទៀតបានជាដាច់ខាត ដេីម្បីរក្សាធនធានមច្ឆៈជាតិ របស់យើង សម្រាប់កូនចៅយើងនៅជំនាន់ក្រោយៗទៀត និងធ្វើផលផលនេសាទនៅសំបូរឡើងវិញ សម្រាប់បម្រើសេចក្តីត្រូវការរបស់ប្រជាជនយើងនៅទូទាំងប្រទេស៕





































