ហេតុការណ៍ភ្ញាក់ផ្អើលមួយ បានកើតឡើងនៅភូមិទី៥ សង្កាត់ខ្សាម ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង មានយុវជនម្នាក់ បានសម្រេចចិត្តសម្លាប់ខ្លួន ដោយយកខ្សែនីឡុង ចងទាក់ទៅនឹងរ៉តផ្ទះ ត្រូវបានគេសង្ស័យថា ស្រីស្នេហ៍សុំបែកផ្លូវ ។ សមត្ថកិច្ចបានអោយដឹងថា យុវជនដែលចងក
សម្លាប់ខ្លួននេះ មានឈ្មោះ ជា សុជាតិ អាយុ១៩ឆ្នាំ មានមុខរប ជាអ្នកបររទេះសេះ រស់នៅភូមិ-ឃុំកើតហេតុខាងលើ ។ យុវជនរូបនេះ ចងកសម្លាប់ខ្លួននៅចន្លោះម៉ោង៦ទៅម៉ោង៩ព្រឹក ខណៈដែលម្តាយចេញទៅផ្សារ ដើម្បីលក់បន្លែ ។
ស្ត្រីឈ្មោះ ញ៉ែម សុជា ជាម្តាយ បានប្រាប់អោយដឹងថា មុនពេលគាត់ទៅផ្សារ គាត់បានឮសំឡេងកូនរបស់គាត់ និយាយទូស័ព្ទតាំងពីព្រលឹមមកម្ល៉េះ ។ ការនិយាយឆ្លើយឆ្លងទូរស័ព្ទ គឺនិយាយជាមួយសង្សាររបស់គេ ហើយបានឮសំឡេងនិយាយថា«ទៅណាក៏ទៅចុះ» ហើយរូបគាត់ជាម្តាយ ក៏មិនបានចាប់អារម្មណ៍ដែរ រួចក៏បានដឹកអីវ៉ាន់ យកទៅផ្សារ ដោយពុំបានហៅកូនប្រុសរបស់គាត់ ដូចសព្វដងនោះទេ ព្រោះឃើញនិយាយទូរស័ព្ទ ។
លុះដល់ម៉ោង៩ព្រឹក គាត់ត្រឡប់មកពីផ្សារវិញ ឡើងទៅលើផ្ទះ ក៏ប្រទះឃើញកូនស្លាប់ទៅហើយ និងបានរត់ហៅអោយអ្នកស្រុកជួយ និងរាយការណ៍ទៅសមត្ថកិច្ច អោយមកពិនិត្យសាកសព ។
សមត្ថកិច្ចបានអោយដឹងថា យុវជនរូបនេះ ពិតជាបានចងកសម្លាប់ខ្លួនឯង ពិតប្រាកដមែន ក្រោយ ពិនិត្យសាកសពរួច សមត្ថកិច្ចបានប្រគល់សាកសព អោយទៅក្រុមគ្រួសារ ដើម្បីធ្វើបុណ្យតាមប្រពៃណី ។ប្រជាពលរដ្ឋនៅក្បែរផ្ទះនោះ បាននិយាយថា យុវជនរូបនេះ ហាក់បីដូចជាខ្មោចចូលអ៊ីចឹង ព្រោះពេលកន្លងទៅ ក៏ធ្លាប់លួចចងកដែរ តែមិនបានសម្រេចនោះទេ ដល់ពេលលើកនេះ ព្យាយាមចងកខ្លួនឯង រហូតដល់ស្លាប់ដូចបំណងតែម្តងទៅ ៕