រដ្ឋបាលខេត្តកែប នាំយកជំនួយជូនកងទ័ពនៅទីបញ្ជាការកងពលធំលេខ៣ ខេត្តព្រះវិហារ

0

ខេត្តកែប/ព្រះវិហារ: នៅព្រឹកថ្ងៃទី០២ ខែសីហា ឆ្នាំ២០២៥  ឯកឧត្តម អ៊ុក ថា ប្រធានក្រុមប្រឹក្សាខេត្តកែប និងឯកឧត្តមបណ្ឌិត សោម ពិសិដ្ឋ អភិបាលខេត្ត ព្រមទាំងលោកជំទាវ ស ម៉ាលីដា សោមពិសិដ្ឋ បានដឹកនាំប្រតិភូរដ្ឋបាលខេត្តកែប នាំយកអំណោយសប្បុរសធម៌មានសម្ភារ: គ្រឿង

ឧបភោគបរិភោគនិងថវិកាមួយចំនួន ដែលបានមកពីកម្លាំងសាមគ្គីរបស់មន្ត្រីរាជការ ប្រជាជនខេត្តកែប និងសប្បុរសជននានា ជូនដល់កងទ័ពឈរជើងតំបន់ការពារ ព្រំដែនកម្ពុជា ថៃ នៅទីបញ្ជាការកងពលធំលេ៣ ក្នុងខេត្តព្រះវិហារ។

ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តមបណ្ឌិត សោម ពិសិដ្ឋ បានសម្ដែងនូវការអរគុណ និងដឹងគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះវីរភាព ស្មារតីរួបរួមសាមគ្គី និងការលះបង់របស់នាយទាហាន នាយទាហានរង និងពលទាហាន នៅសមរភូមិមុខ ដែលបានខិតខំការពារអធិបតេយ្យជាតិ បូរណភាពដែនដីកម្ពុជាយ៉ាងស្វាហាប់ ម៉ឺងម៉ាត់ គួរជាទីគោរពដឹងគុណពីសំណាក់ថ្នាក់ដឹកនាំ មន្ត្រីរាជការ ក៏ដូចជាប្រជាពលរដ្ឋគ្រប់ស្រទាប់វណ្ណៈនៅសមរភូមិក្រោយ។

ឯកឧត្តមបន្តថា យើងខ្ញុំជាអ្នកនៅសមរភូមិក្រោយ គឺមានតែការលើកទឹកចិត្ត ផ្ដល់នូវកម្លាំងចិត្ត និងគាំទ្រយ៉ាងពេញទំហឹងចំពោះការខិតខំ ការលះបង់ ក្នុងបេសកកម្មដ៏ថ្លៃថ្លានេះរបស់បងប្អូននាយទាហាន នាយទាហានរង និងពលទាហានយើងទាំងអស់ និងឆ្លុះបញ្ចាំងតាមរយៈការគាំទ្រជាសម្ភារ ស្បៀង ក៏ដូចជាថវិកា ដែលបានពីការចូលរួមយ៉ាងផុលផុសពីថ្នាក់ដឹកនាំ មន្ត្រីរាជការ និងសប្បុរសជននានានៅក្នុងខេត្តកែប។

ក្នុងនាមថ្នាក់ដឹកនាំ និងពលរដ្ឋខេត្តកែប ឯកឧត្តមសម្ដែងការកោតសសេីរចំពោះនាយទាហាន នាយទាហានរង និងពលទាហានទាំងអស់ ចំពោះបេសកកម្មដ៏ឧត្ដុង្គឧត្ដមបំផុតនេះ ដើម្បីការពារកិត្យានុភាពជាតិ មាតុភូមិ និងប្រជាជន ក្រោមមាគ៌ាដឹកនាំដ៏ថ្លៃថ្លារបស់សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត និងក្រោមម្លប់ដ៏ត្រជាក់របស់ព្រះករុណាជាអម្ចាស់ជីវិតលេីត្បូង ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត៕ សេង ណារិទ្ធ