ខេត្តស្ទឹងត្រែង៖ ប្រជាពលរដ្ឋ ៦គ្រួសារ ដំណាំហូបផ្លែ ៣៦០ដើម បានរងផលប៉ះពាល់ និងផ្ទះ ១ខ្នងដែលសង់ជិតនឹងមាត់ច្រាំងដីកោះ ត្រូវបានអាជ្ញាធរ និងកម្លាំងសមត្ថកិច្ចមូលដ្ឋាន ចុះជួយរុះរើចេញ ដើម្បីបញ្ជៀងហានីភ័យពីគ្រោះបាក់ដី ដែលជាឧទ្ទវហេតុនៃគ្រោះធម្មជាតិ បណ្តាលឱ្យច្រាំងទន្លេនៃដែនដីកោះ បានរងការបាក់ស្រុតជាង ១ពាន់ ៥០០ម៉ែត្រ នាថ្ងៃទី២២កក្កដា២០២៥ ស្ថិតក្នុងភូមិអូររុន ឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ។
រីឯការបាក់ស្រុតច្រាំងដីកោះនោះ អាជ្ញាធរបានបញ្ជាក់ថា ពុំមានផលប៉ះពាល់ ឬ រងគ្រោះថ្នាក់ដល់អាយុជីវិតរបស់ពលរដ្ឋនោះឡើយ។ ស្របពេលជាមួយគ្នានោះ លេខាធិការដ្ឋាន នៃគណៈកម្មាធិការខេត្តស្ទឹងត្រែង គ្រប់គ្រងគ្រោះមហន្តរាយ រួមជាមួយរដ្ឋបាលស្រុកបុរីអូរស្វាយសែនជ័យ មន្ទីរធនធានទឹក និងឧតុនិយមខេត្ត រដ្ឋបាលឃុំអូរស្វាយ បានចុះអន្តរាគមន៍ភ្លាមៗ ដើម្បីឆ្លើយតបឱ្យបានទាន់ពេលវេលា ពីការបាក់ច្រាំងទន្លេ លើដែនដីកោះនោះ។
អភិបាលស្រុកបុរីអូរស្វាយសែនជ័យ លោក លី មីណា បានបញ្ជាក់ថា ក្រោយការពិនិត្យជាក់ស្តែង ឃើញថា ច្រាំងទន្លេដែលរងការបាក់ស្រុតនៅលើដែនកោះនោះ មាន ៣កន្លែង មានប្រវែង ១ពាន់ ៥១០ម៉ែត្រ អាជ្ញាធរមានសមត្ថកិច្ច បានរួមគ្នាជួយរុះរើផ្ទះប្រជាពលរដ្ឋ ១ខ្នងចេញពីមាត់ច្រាំង ហើយមានប្រពលរដ្ឋ ៦គ្រួសារ និងដំណាំកសិកម្ម (ដើមឈើហូបផ្លែ) ៣៦០ដើម បានរងផលប៉ះពាល់តិចតួច ពីការបាក់ច្រាំងទន្លេនៅលើដីកោះនោះ។
លោក លី មីណា បញ្ជាក់ទៀតថា ការបាក់ច្រាំងទន្លេនេះ បណ្តាលមកពីទឹកទន្លេបានហក់ឡើង ហើយពេលស្រកចុះទៅវិញ ទើបបណ្តាលឱ្យបាក់ដីទៅតាមទឹក ព្រោះត្បិតជាដីកោះ ដែលសុទ្ធសឹងជាដីល្បាយខ្សាច់ងាយនឹងបាក់ស្រុតណាស់។ លោកថា កន្លងមក លោកធ្លាប់ណែនាំប្រជាពលរដ្ឋកុំឱ្យកាប់កាប់ដើមត្រែងចេញពីច្រាំងកោះ ឬ ច្រាំងទន្លេនោះឡើយ បើពួកគាត់ធ្វើការដាំដុះដំណាំ ធ្វើតែលើដីកោះនោះទៅ កន្លែងច្រាំងកោះយើងមិនឱ្យគាត់ប៉ះពាល់នោះទេ ដើម្បីការពារការបាក់ស្រុតដីច្រាំង។
លោកអភិបាលស្រុកបញ្ជាក់ទៀតថា ការបាក់ច្រាំងទន្លេនេះវាជាកត្តាធម្មជាតិ ដែលបាក់ពីខាងលើទៅដុះនៅខាងក្រោម វាជារឿងធម្មតាទៅហើយ វាក៏មិនមែនជាភូមិដ្ឋាននោះដែរ រីឯរងផលប៉ះពាល់មានតិចតួច ដោយសារជាដីកោះ ហើយនៅលើកោះនោះក៏ពុំមានប្រជាពលរដ្ឋរស់នៅអចិន្ត្រៃយ៍នោះដែរ ភាគច្រើនជាដីចំការ ដែលពួកគាត់បានដាំក្រូចឆ្មា និងក្រូចពោធិ៍សាត់។
ក្រោយការបាក់ស្រុតច្រាំងដីកោះនោះមក លេខាធិការដ្ឋាន នៃគណៈកម្មាធិការខេត្តគ្រប់គ្រងគ្រោះមហន្តរាយ ក្រោមកិច្ចសហការ រវាងរដ្ឋបាលស្រុកបុរីអូរស្វាយសែនជ័យ មន្ទីរធនធានទឹក និងឧតុនិយមខេត្ត និងរដ្ឋបាលឃុំអូរស្វាយ បានចុះអន្តរាគមន៍ភ្លាមៗ និងបាននាំយកអំណោយមួយចំនួន ឧបត្ថម្ភដល់ប្រជាពលរដ្ឋនៅទីនោះ ផងដែរ៕ដោយ៖ឡុង សំបូរ





































